ខេត្តបាត់ដំបង ៖ អ្នកបើកបររថយន្តចំនួន១៦នាក់ ក្នុងចំណោមជាង២០០នាក់ ដែលសមត្ថកិច្ចធ្វើតេស្ដទឹកនោម ហើយរកឃើញមានសារធាតុញៀន (គ្រឿងញៀន) ត្រូវបានចៅក្រមស៊ើបសួរនៅសាលាដំបូងខេត្ត សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារហើយ កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ។ នេះបើតាមលោក កុយ ហៀង ស្នងការរងខេត្តបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២២ កុម្ភៈ ដែលតំណាងអយ្យការបានចោទប្រកាន់ពួកគេពីបទ «បើកបរក្រោមឥទ្ធិពលគ្រឿងញៀន»។
លោក កុយ ហៀង ស្នងការរងខេត្តទទួលផែនការងារប្រឆាំងគ្រឿងញៀន បានមានប្រសាសន៏ថា ក្រុមអ្នកបើកបរទាំង១៦នាក់នោះ ត្រូវបានលោកចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២០ កុម្ភៈ ក្រោយបញ្ចប់ការសាកសួរ ហើយតំណាងអយ្យការបានចោទប្រកាន់ក្រុមនេះ ពីបទ«បើកបរក្រោមឥទ្ធិពលគ្រឿងញៀន»។ បទល្មើសនេះ ដែលមានបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៦៣ នៃច្បាប់ស្ដីពីការត្រូតពិនិត្យគ្រឿងញៀន។
បើតាមលោក កុយ ហៀង បានបញ្ជាក់ថា ក្រុមអ្នកបើកបរចំនួន១៦នាក់ ដែលតុលាការសម្រចឃុំខ្លួនដាក់ពន្ធនាគារខាងលើនេះ គឺស្ថិតក្នុងចំណោមអ្នកបើកបរយានយន្តគ្រប់ប្រភេទប្រមាណជិត២៥០នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងជួរ «គណៈបញ្ជាការកងឯកភាពខេត្ត» បើកកិច្ចប្រតិបត្តិការចុះត្រូតពិនិត្យ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន កាលពីយប់ថ្ងៃទី១៧ កុម្ភៈ នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអូរសំបង ឃុំអូរដំបង២ ស្រុកសង្កែ ។ ក្រុមនេះ ត្រូវបានរកឃើញថា ពួកគេមានផ្ទុកសារធាតុញៀន ហើយបើកបររថយន្តនៅពេលយប់។ ក្នុងនោះមានទាំងអ្នកបើកបររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរផងដែរ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត និង លោក កុយ ហៀង ស្នងការរងខេត្ត រួមទាំងតំណាងអយ្យការអមសាលាដំបូងខេត្តផង ដែលមានកម្លាំងចម្រុះប្រមាណជាង៧០នាក់។ នៅយប់ថ្ងៃទី១៧ កុម្ភៈ នោះ កម្លាំងចម្រុះបានឃាត់ត្រូតពិនិត្យលើយានយន្តគ្រប់ប្រភេទចំនួន១៩៩គ្រឿង និង បានធ្វើតេស្ដលើអ្នកបើកបរយានយន្ត និង អ្នកដំណើរដទៃទៀតចំនួន២៤៨នាក់ ហើយបានរកឃើញអ្នកបើកបររថយន្តចំនួន១៦នាក់ មានផ្ទុកសារធាតុញៀន ក្នុងនោះ មានទាំងអ្នកបើកបររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរផងដែរ។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនអ្នកបើកបររថយន្ត
«ក្រោមឥទ្ធិពលគ្រឿងញៀន»ចំនួន១៦នាក់ កម្លាំងចម្រុះក៏បានឃាត់រថយន្តដែលពាក់ព័ន្ធចំនួន១១គ្រឿង និង ម៉ូតូចំនួន០៣គ្រឿងផងដែរ នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក នៃស្នងការខេត្ត ដើម្បីរកចាំដោះស្រាយតាមនីតិវិធី។ ប៉ុន្តែជុំវិញករណីឃាត់ទុកនូវវត្ថុតាងរថយន្តនេះ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មន្ត្រីការិយាល័យចរាចរណ៏ បានដោះលែងរថយន្តដែលជាវត្ថុតាងទាំងនោះស្ទើរអស់ទៅហើយ គឺ ដោះលេងតាំងពីមុនពេលតុលាការសម្រេចឃុំខ្លួនអ្នកបើកបរទាំង១៦នាក់នោះម្ល៉េះ ។
ការដោះលែងរថយន្តខាងលើនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ គណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ក្ដៅមុខយ៉ាងខ្លាំង។ ដោយបានចាត់ទុក ការដោះលេងរថយន្តពាក់ព័ន្ធបទល្មើសខាងលើនេះ គឺជាការដោះលែងដោយអត្តនោម័តិ របស់ការិយាល័យចរាចរណ៍ ដែលមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ។ ពេលនេះ តុលាការឃុំខ្លួនជនត្រូវចោទ តែវត្ថុតាងដែលពាក់ព័ន្ធត្រូវបានការិយាល័យចរាចរណ៍ដោះលែងតែគេមិនទាន់ដឹងថា ថ្នាក់ដឹកនាំកម្លាំងចម្រុះនេះ មានវិធានការបែបណាចំពោះករណីនេះនៅឡើយទេ៕