ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ដែល​បាន​ចេញ​-​ចូល​ទីតាំង​២៣​កន្លែង​ចន្លោះ​ពី​ថ្ងៃ​ទី៦ ​ដល់​ថ្ងៃ​ទី២០ កុម្ភៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​អំពាវ​នាវ​ឲ្យ​បុគ្គល​គ្រប់​រូប​ដែល​បាន​ចេញ​-​ចូល​ទីតាំង​ចំនួន ២៣ កន្លែង​ចន្លោះ​ពី​ថ្ងៃ​ទី ៦…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​អំពាវ​នាវ​ឲ្យ​បុគ្គល​គ្រប់​រូប​ដែល​បាន​ចេញ​-​ចូល​ទីតាំង​ចំនួន ២៣ កន្លែង​ចន្លោះ​ពី​ថ្ងៃ​ទី ៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី ២០ ខែ​កុ​ម្ភៈ ត្រូវ​មាន​ភាព​ស្មោះត្រង់ មិន​លាក់លៀម ​និង​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​​-១៩ ឲ្យ​បាន​ឆាប់រហ័ស ហើយ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​នេះ​ ត្រូវ​តែ​ដាក់​ខ្លួន​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤ ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ ។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ នេះ​មាន​ទីតាំង ២៣​កន្លែង​ក្នុង​ខណ្ឌ​ចំនួន ៧ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​​បិទ​ទាំងស្រុង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ក្នុង​នោះ​ផង​ដែរ ​ក្រសួង​បន្ត​រក​ឃើញ​អ្នក​​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ​ថ្មី​ចំនួន ៣៥​នាក់ ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ៣១​នាក់ មាន​ទាំង​ជនជាតិ​ចិន ខ្មែរ និង​កូរ៉េ ។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ថា «​បុគ្គល​ដែល​ធ្លាប់​បាន​ចេញចូល​ទីតាំង​ទាំង ២៣ កន្លែង ឬ​បុគ្គល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍ ឬ​ដឹងខ្លួន​ថា​ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ ត្រូវ​មាន​ភាព​ស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ នៅ​រៀង​រាល់​ម៉ោង​​ធ្វើការ សូម​អញ្ជើញ​មក​ធ្វើតេស្ត យក​វត្ថុ​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​នៃ​រាជធានី​ភ្នំពេញ ហើយ​ដាក់ខ្លួន​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ ធ្វើ​ច​ត្តា​ឡី​ស័ក​​ចំនួន ១៤ ថ្ងៃ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ព្រមទាំង​ធ្វើការ​តាមដាន​សុខភាព​ជា​រៀងរាល់ថ្ងៃ » ។

ក្រ​សួ​ង​សុខាភិបាល​បាន​បន្ថែម​ថា ប្រសិនបើ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ដូច​ជា​មាន​ឡើង​កំ​ដៅ​ខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬ​ពិបាក​ដង្ហើម​ជាដើម សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ។

ក្រសួងសុខាភិបាល​ក៏​បាន​ឲ្យ​ដឹងផង​ដែរថា ទីតាំង​ទាំង ២៣ កន្លែង​ស្ថិត​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន​, បឹង​កេងកង​, ដូនពេញ​, ៧​មក​រា​, ទួល​គោក​, ជ្រោយចង្វា និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទីតាំង​ដែល​ត្រូវ​បាន​បិទ ភាគច្រើន​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌចំការមន ចំនួន ៦ ទីតាំង បន្ទាប់​មក​គឺ​ខណ្ឌ​បឹង​កេងកង ខណ្ឌដូនពេញ និង​ខណ្ឌ ៧ មក​រា ។

ទីតាំង​ទាំង ២៣ កន្លែង​ដែល​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌ​ចំនួន ៧ ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ទាំង​ក្លឹ​ប​កម្សាន្ត អគារ​អា​ផាត​មិន ខារ៉ាអូខេ និង​សាលារៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ