ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ ប្តី​អត់​លុយ មាន​​​តែ​លើកដៃ​ដប់​សំពះ​សុំ​ជួយ​គ្រួសារ​​​គាត់​ផង​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈឺពោះ​គ្រប់​ខែ​សម្រាលកូន តែ​អត់​មាន​ថវិកា ត្រូវ​បាន​កម្លាំង​អង្គភាព​៧១១ ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈឺពោះ​គ្រប់​ខែ​សម្រាលកូន តែ​អត់​មាន​ថវិកា ត្រូវ​បាន​កម្លាំង​អង្គភាព​៧១១ ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ផ្លាំ​ង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។

ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ ក្រឹក ស៊ី​ណា អាយុ​៣៥​ឆ្នាំ មាន​ប្តី​ឈ្មោះ ឈី​ន ពិសី អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​គឺជា​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​គរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ព្រមទាំង​មានកូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​កំពុង​រៀន​នៅ​សាលា​ជិត​ការដ្ឋាន​សំណង់​ទៀត​ផង ។

តាម​សំដី​បុរស​ជា​ប្តី​បាន​រៀបរាប់​ប្រាប់​ថា គាត់​បាន​ស្រលាញ់​គ្នា នឹង​ចាប់ដៃ​គ្នា​ជា​គូ​អនាគត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ ។ ចំណែក​ជីវភាព​គ្រួសារ​របស់​គាត់​ក្រលំបាក មិន​មានផ្ទះ​សម្បែង​ទេ ហើយ​កាលពីមុន​នៅ​ស្រុក​កំណើត​គាត់​នឹង​គ្រួសារ​នៅ​ចាំ​ដី​ឱ្យ​គេ លុះ​បច្ចុប្បន្ន​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​ខាងលើ​នេះ ។

បុរស​ជា​ប្តី​បាន​បញ្ជាក់​ទៀត​ថា ហេតុតែ​ជីវភាព​ខ្វះខាត ប្រពន្ធ​របស់​គាត់​បាន​ធ្វើការ​ជា​កម្មករ​សំណង់​ជាមួយ​គាត់​ទាំង​ពពោះ​ធំ​អស់​រយៈពេល​ចំនួន​៧​ខែ រហូត​ទាល់តែ​ធ្វើការ​លែង​កើត ទើប​សំរាក​ឈប់​ធ្វើការ ។

បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ប្រពន្ធ​របស់​គាត់​ឈប់​ធ្វើការ​ពេល​ជិត​គ្រប់​ខែ ជីវភាព​របស់​គាត់​រឹតតែ​ខ្វះខាត ណាមួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មានកូន​តូច​រៀន​ផង និង​ណាមួយ​ត្រូវ​ផ្តល់​ប្រាក់​ឱ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​ទៀត គឺ​ពិតជា​ពិបាក​មែនទែន ។ លុះ​រហូត​ដល់​ប្រពន្ធ​គ្រប់​ខែ​ឈឺពោះ​សម្រាលកូន គាត់​ក៏​អត់​មាន​លុយ​ទៀត មិនដឹង​គិត​យ៉ាងម៉េច​ឡើយ ប៉ុន្តែ​គ្រានោះ​បាន​អ្នក​ជិតខាង​ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​ក្រុម​អង្គភាព​៧១១ មក​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង តែ​មិន​ទាន់​សម្រាលកូន​នៅឡើយ​ទេ គឺ​កំពុង​តែ​រង់ចាំ​សម្រាល ។

ជា​ចុង​ក្រោយ បុរស​ជា​ប្តី​បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ក្រុម​គ្រួសារ​គាត់​ផង ព្រោះ​អី​គាត់​មិន​មាន​ថវិកា​សំរាប់​ឲ្យ​ប្រពន្ធ​គាត់​ដែល​កំពុង​រង់ចាំ សម្រាលកូន​នេះ​ទេ ។ ហើយ​នេះ​ជា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ផ្ទាល់​របស់​សា​ម៉ី គឺ ៖ ០៦៨ ៨៧២ ៧៩០ និង ០៦៩ ៣៣៤ ២៩៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ