ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីលួចមាន់របស់អ្នកស្រុក១ក្បាល ដើម្បីយកទៅដោះដូរថ្នាំញៀន ។
សេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ើ រស់ ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ពាក់ព័ន្ធករណីខាងលើនេះ បើតាមសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ នេះ មានប្រជាពលរដ្ឋឈ្មោះ លន់ សារ៉េត ហៅវ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បានប្តឹងទៅនគរបាលប៉ុស្តិ៍មូលដ្ឋានពីចោរលួចមាន់គក១ក្បាល សម្បុរស.លាយខ្មៅ ដែលក្រុងក្នុងស៊ុមដែកទុកនៅខាងមុខផ្ទះគាត់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ។
ប្រភពដដែលបន្តថា បន្ទាប់មកសមត្ថកិច្ចនគរបាលកិច្ចបានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានយុវជនឈ្មោះ ម៉ើ រស់ ហៅមាន់ នេះនៅវេលាព្រឹកថ្ងៃដដែលផងដែរ ។
ហើយនៅពេលសមត្ថកិច្ចឃាត់ខ្លួនយុវជននោះ ក៏បានសារភាពថា រូបគេពិតជាបានលួចមាន់អាគកនោះមែន ពេលលួចមាន់នោះបានហើយ ក៏យកលក់ទៅឱ្យឈ្មោះ សុខ ហេង វ៉ាន់ដា ដែលជាអ្នករស់នៅស្រុក-ភូមិជាមួយគ្នា បានប្រាក់ចំនួន២០.០០០រៀល ។ ប៉ុន្តែជនសង្ស័យមិនបានយកជាសាច់ប្រាក់ទេ ដោយមានការដោះដូរជាមួយថ្នាំញៀនទៅវិញសម្រាប់ប្រើប្រាស់ ។
ក្រោយពេលស្តាប់ចម្លើយសារភាពហើយ សមត្ថកិច្ចក៏បាននាំជនសង្ស័យទៅដកហូតមាន់ពីអ្នកទិញវិញ និងបានប្រគល់អាគក១ក្បាលនោះ ទៅឲ្យទៅជនរងគ្រោះវិញផងដែរ ។ ចំណែកជនសង្ស័យដែលជាមុខសញ្ញាលួចមាន់អ្នកស្រុក ដើម្បីយកទៅដោះដូរថ្នាំញៀនសម្រាប់ប្រើប្រាស់រាល់ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ