ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលបានអនុវត្តច្បាប់ទៅលើបុរសម្នាក់ បន្ទាប់ទទួលបណ្តឹងពីស្ត្រីជាប្រពន្ធនៅគ្រាដែលបុរសជាប្តីប្រើប្រាស់អាវុធកែច្នៃប៉ងបា.ញ់សម្លា.ប់ប្រពន្ធពេលមានជម្លោះក្នុងគ្រួសារកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិលន់ ឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៍ទោ សុផលបញ្ញា នាយប៉ុស្តិរដ្ឋបាលឃុំសេកុងបានបញ្ជាក់ថា ជនសង្ស័យឈ្មោះម៉ៅ ធី អាយុ៥៩ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះវ៉ង់ តង់ ។ គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកមេប៉ុស្តិ៍បន្តថានេះជាជម្លោះក្នុងគ្រួសារ ហើយកើតជាអំពើល្មើសច្បាប់ ដែលបង្កផលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងពេលដែលអាជ្ញាធរបានបង្កើនការផ្សព្វផ្សាយនិងអប់រំផងដែរ តែជនសង្ស័យនេះមិនបានចូលរួមអនុវត្ត បែរជាបង្កអំពើហឹង្សាក្នុងគ្រួសារ ដេញវាយធ្វើបាបប្រពន្ធកូនទៅវិញ។
លោកអនុសេនីយ៍ទោ បន្តថាអំពើហឹង្សានេះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងនិងសុំឱ្យសមត្ថកិច្ចធ្វើអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៍បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិឃុំខាងលើនិងបញ្ជូនមកស្នងការរដ្ឋាននគរបាលខេត្តនាថ្ងៃទី២១ កុម្ភៈ ២០២១។
លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមានកាំ.ភ្លើងច្នៃមួយដើម និងវិទ្យុទាក់ទងចំនួន៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្តទៅតុលាការ ៕


ចែករំលែកព័តមាននេះ