រាជធានីភ្នំពេញ ៖ ដុតសំរាមទុកចោល ហើយភ្លេចពន្លត់ភ្លើង ស្រាប់តែយប់ឡើងអណ្តាតភ្លើងនោះឆាបឆេះស្មៅយ៉ាងសន្ធោសន្ធៅតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងកណ្តាលយប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ2021 តាមបណ្តោយផ្លូវម៉ុងរិទ្ធី នៅចំណុចក្បែរនឹងបុរីប៉េងហួត ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងដីឡូតិ៍មួយកន្លែងលើផ្លូវម៉ុងរិទ្ធី តែសំណាងល្អហើយដែលមិនបានឆេះរាលដាលទៅដល់ផ្ទះបុរីក្បែរនោះ ។

ប្រភពដដែលបន្តថា ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំតែម្តង ហើយអ្នកមើលដីឡូតិ៍បាននិយាយថា ពេលថ្ងៃគាត់បានដុតសំរាម និងវត្ថុផ្សេងៗ ហើយភ្លេចពន្លត់ភ្លើង លុះពេលដល់យប់ជ្រៅក៏ស្រាប់តែឆេះខ្លាំងបង្កឱ្យមានការភ្ញាក់ផ្អើល រួចក៏នាំគ្នាទូរស័ព្ទហៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ តែការឆេះមិនបានរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែផ្សែងហ៊ុយខ្មួញខ្មាញ់តែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុខាងលើនេះ អគ្គិភ័យក៏ត្រូវបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង3ទៀបភ្លឺថ្ងៃដដែលនោះដែរ ៕
ចែករំលែកព័តមាននេះ