រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណៈប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញាការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្មរបស់មន្ត្រីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្តេច ហេង សំរិន។

ក្នុងការបិទកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ សម្តេច ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា ក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីសភាពការណ៍ទូទៅ និងការងាររបស់គណបក្សនៅឆ្នាំ២០២០ កន្លងមក និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០២១ ។ ប៉ុន្តែអាស្រ័យដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបគណបក្សមិនអាចរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នេះបាន។
សម្តេចប្រធានកិត្តិយសគណបក្ស បានលើកទឹកចិត្តសមាជិកទាំងអស់ បន្តកសាងពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់កម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តន៍រាល់ភារកិច្ច នយោបាយដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ មានរបៀបរបបធ្វើការងារច្បាស់លាស់ និងប្រជុំជីវភាពបក្សទៀងទាត់ ផ្សារភ្ជាប់ជិតស្និទ្ធជាមួយ សមាជិកគណបក្ស និងមហាជន ។

សម្តេចស្នើឲ្យក្រុមការងារបន្តពង្រឹង ស្ថាប័នជំនួយការរបស់ គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តរភាពការងារ និងជួរមន្ត្រីជំនាញបន្តវេន បន្តជំរុញរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់ថ្នាក់ សំដៅជួយគណបក្សក្នុងការគ្រប់គ្រងសមាជិកបក្សជាយុវជនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងសំដៅរួមចំណែកធានានូវប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្ស ។ បន្តជំរុញការកសាង ពង្រីកសមាជិកគណបក្សដោយយកចិត្តទុកដាក់ អំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្ត្ររបស់គណបក្សគឺ «សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ៕
ចែករំលែកព័តមាននេះ