រាជធានីភ្នំពេញ ៖ ផ្ទះជួលមួយកន្លែងបញ្ចូលហ្គាសសង្ស័យខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះកំប៉ុងបង្កជាអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា ប៉ុន្តែបណ្តាលឱ្យខូចខាតអីវ៉ាន់ក្នុងផ្ទះស្ទើរទាំងស្រុង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ១ ជិតរោងចក្រQMi តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ផុន សុខា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់កំពុងអង្គុយបញ្ចូលហ្គាស ខណៈពេលបញ្ចូលហ្គាសសុខៗ ស្រាប់តែផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គីភ័យឆាបឆេះផ្ទះជួល និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនាំគ្នាជួយពន្លត់ម្នាក់មួយដៃម្នាក់មួយជើង ដោយអ្នកខ្លះទៀតក៏បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ចំនួន២បំពង់ អ្នកខ្លះដងទឹកដាក់សាប៊ូយកមកជះ និងអ្នកខ្លះទៀតទាញទុយោបាញ់ទឹកមកជួយពន្លត់ ធ្វើឲ្យអគ្គីភ័យរលត់ទៅវិញ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ សមត្ថកិច្ចនិងប្រជាការពារជួយដងទឹកពន្លត់រលត់ជាស្ថាពរនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃដដែល ។ អគ្គីភ័យខាងលើនេះឆេះខូចខាត
អីវ៉ាន់ចាប់ហួយនៅក្នុងផ្ទះស្ទើរតែទាំងស្រុង និងឆេះអស់លុយកាក់មួយចំនួនផងដែរ ប៉ុន្តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕








ចែករំលែកព័តមាននេះ