ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ឲ្យ​ប្រើ QR Code «Stop COVID» ដើម្បី​តាមដាន​មនុស្ស​នៅ​កន្លែង​ចេញចូល​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ដើម្បី​ចូលរួម «​ទប់ស្កាត់​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ដើម្បី​ចូលរួម «​ទប់ស្កាត់​កូ​វី​ដ​១៩ Stop Covid-19» ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ផ្អែក​លើ​សភាពការណ៍ នៃ​ការ​ឆ្លង​រីក​រាលដាល ក្នុង​សហគមន៍​ជា​បន្តបន្ទាប់ ជា​ពិសេស​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ ឆ្នាំ ២០២១» ដូចដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ជូន​ដល់​សាធារណជន​, គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សូម​ជម្រាប​ជូន​នូវ​វិធានការ​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ល្បឿន​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀបចំ​នូវ​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ (Stop Covid)» ដែល​សាធារណជន​ចាំបាច់​ត្រូវ​ស្កេ​ន QR Code នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​-​ចូល​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន កន្លែង​កម្សាន្ត អគារ​ស្នាក់​នៅ​រួម (​ខុន​ដូ​) ក្រុមហ៊ុន រោងចក្រ សហគ្រាស​ជាដើម ដែល​មាន​មនុស្ស​ចេញ​-​ចូល​ច្រើន ។

ចំពោះ​«​ប្រព័ន្ធ​នេះ នឹង​កត់​ត្រាទុក​ទីតាំង​របស់​បុគ្គល​ដែល​បាន ចេញ​-​ចូល (​ជា​ប្រព័ន្ធ​ដែល​មិន​មានការ​តាមដាន​ឯកជន​ភាព​របស់​បុគ្គល​) និង ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​តាម​ស្វែងរក​អ្នក​ដែល ជាប់​ពាក់ព័ន្ធ​ឬ​ប៉ះពាល់ ប្រសិនបើ​ទីតាំង​នោះ មាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩»​។

គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ម្ចាស់​ភោជនីយដ្ឋាន និង​ម្ចាស់​ទី តាំង​ដែល​បាន​រៀបរាប់​ខាងលើ​ដែល​មាន​មនុស្ស​ជួបជុំ​ច្រើន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ​-១៩ (Stop Covid-19)»​នេះ ដើម្បី​ទទួល​បាន QR Code យក​មក​ប្រើប្រាស់ សូម​ចូល​ទៅ​កាន់ គេហទំព័រ stopcovid.gov.kh រួច​ចុច​លើ ពាក្យ «​ស្នើ​សុំ QR Code» ​។ បន្ទាប់​មក សូម​បំពេញ​ព័ត៌មាន រួច​ចុច​លើ «​ស្នើ​សុំ QR Code» និង​ចុច​លើ «Download» ដើម្បី​ទទួល​បាន QR Code មួយ​សន្លឹក យក​ទៅ​ព្រី​ន និង​បិទ​នៅ​ពីមុខ​ទីកន្លែង​ចេញ​-​ចូល​របស់​ខ្លួន ។ ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ មិន​តម្រូវ​ឱ្យ មានការ​ចំណាយ​ណាមួយ​នោះ​ទេ ។

គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​QR Code នេះ ដើម្បី​បង្ការ​សុខភាព និង​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​។ សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ន​ប្រាស់​ប្រព័ន្ធ​ស្កេ​ន​QR Code នេះ សាធារណជន​អាច​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ទំនាក់ទំនង​បឋម​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាម​រយៈ​លេខ​កូដ​ខ្លី ១២៣ ឬ ០៩៩ ៨៨៨ ៥១៦/ ០១២ ៩៧៩ ០៧៩ ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ