រាជធានីភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្តធុនតូច និងធំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដែលសង្ស័យបង្កឡើងដោយការទុស្សេចរន្តអគ្គិសនី ហើយបានបណ្ដាលឲ្យរថយន្តចំនួន៣គ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តជាច្រើនទៀតបានរងការខូចខាតទាំងស្រុង ក្លាយជាដែកអេតចាយតែម្ដង ។

ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះឡើយ ហើយក្រោយពីមានការអន្តរាគមន៍ពន្លត់ពីសំណាក់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងប្រើរយៈពេល១ម៉ោងទើបភ្លើងរលត់ទៅវិញទាំងស្រុង ដែលហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០នឹង៣៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់យានដ្ឋានខាងលើនោះឈ្មោះ ចំម្រើន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានមុខរបរជាងជួសជុលរថយន្តផងដែរ ។

តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់យានដ្ឋានខាងលើមិនបានស្ថិតនៅទីនោះទេ ហើយនៅក្នុងយានដ្ឋានមួយនេះក៏មានរថយន្តធុនតូច ធំជាច្រើនគ្រឿងផងដែរ ដោយរថយន្តខ្លះត្រូវបានម្ចាស់នាំយកទៅធ្វើការជួសជុល និងរថយន្តខ្លះទៀតទៅឈប់ចតនៅទីនោះ ព្រោះមានទីធ្លាធំទូលាយ ។ លុះដល់ពេលកើតហេតុស្ររាប់តែឮស្នូរសម្លេងទុស្សេខ្សែភ្លើងផូសៗ ហើយមិនយូរប៉ុន្មានក៏មានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្ដង ដែលពិតជាគួរឲ្យភ័យខ្លាចឆាបឆេះរាលដល់ផ្ទះនៅជិតនោះខ្លាំងណាស់ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង ម្ចាស់រថយន្តដែលយកទៅចតនៅទីនោះ បាននាំគ្នាបើករថយន្តយកចេញពីកន្លែងនេះទាំងព្រលឹងចុងសក់ ហើយមិនត្រឹមតែមានភ្លើងឆេះប៉ុណ្ណោះទេ អ្វីដែលគួរឲ្យខ្លាចថែមទៀតនោះ គឺមានការផ្ទុះធុងហ្គាសនៅក្នុងនោះជាបន្តបន្ទាប់ទៀតផង ដែលជាហេតុធ្វើឲ្យម្ចាស់រថយន្តខ្លះមិនហ៊ានចូលទៅបើកយករថយន្តរបស់ខ្លួនចេញឡើយ ។

ភ្លាមៗនោះពួកគាត់ក៏មិនអាចប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់ភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅបែបនេះបានឡើយ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។

នគរបាលបាននិយាយថា ក្រោយទទួលបានព័ត៌មាននោះភ្លាម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចេញទៅអន្តរាគមន៍ភ្លាមៗតែម្ដង ហើយចាត់ចែងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ពន្លត់ ក្នុងនោះរួមមានរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ ៥រថយន្តស្មើនឹង២៦ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២រថយន្ត ស្មើនឹង២០ម៉ែត្រគូប,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្តស្មើនឹង៦ម៉ែត្រគូប ហើយប្រើរយៈពេល១ម៉ោង គឺនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែលទើបរលត់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ