រាជធានីភ្នំពេញ ៖ ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមើលឃើញថា បច្ចុប្បន្ននេះប្រជាកសិករនៅតាមតំបន់មួយចំនូន បានធ្វើការកាប់ម្រេច កៅស៊ូ ឬ ដំណាំមួយចំនួនដើម្បីធ្វើការពង្រីកដាំដុះស្វាយចន្ទី ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីទីផ្សារស្វាយចន្ទីនេះទៅថ្ងៃអនាគតនឹងជូបបញ្ហា ។
តាមរបាយការណ៍ដែល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថាការដាំដុះស្វាយចន្ទីមានចំនួនជិតកន្លះលានហិកតា (ទិនន័យនេះរួមស្វាយចន្ទីកំពុងដាំដុះ និងកំពុងប្រមូលផល) ។ លោក កៅ ថាច អគ្គនាយកធនាគារនេះលើកឡើងថា” អាស្រ័យហេតុនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម យល់ថា ដោយទីផ្សារស្វាយចន្ទីរបស់កម្ពុជាពឹងផ្អែកទាំងស្រុងពីការប្រមូលទិញពីឈ្មួញនៅប្រទេសជិតខាង ដែលការណ៍នេះនៅថ្ងៃខាងមុខកសិករដាំដុះស្វាយចន្ទីអាចប្រឈមមុខនឹងការបាត់បង់ទីផ្សារ ឬអាចប្រឈមនិងហានិភ័យខ្ពស់ក្នុងករណីដែលប្រទេសទាំងនោះឈប់បញ្ជារទិញ ឬផ្អាកទិញពីកសិករកម្ពុជា ដូចយ៉ាងបញ្ហាការបាត់បង់ទីផ្សារស្រូវរបស់កម្ពុជាការពីឆ្នាំ ២០១០ ដែលយើងបានជួបកន្លងមក” ។
នៅក្នុងកិច្ចប្រជុំមួយជាតំណាងសមាគមន៍ស្វាយចន្ទីកម្ពុជា តំណាងក្រុមហ៊ុន អង្គការដែលកំពុងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងគម្រោងស្វាយចន្ទី កាលពីពេលថ្មីៗនេះ លោក កៅ ថាច លើកឡើងបន្ថែមថា ទន្ទឹមនេះប្រទេសកម្ពុជាមិនទាន់មានរោងចក្រកែច្នៃ និងបានរៀបចំខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីអោយបានរៀបរយនិងជាក់លាក់នៅឡើយ ដែលការណ៍នេះអាចនឹងធ្វើអោយប៉ះពាល់ដល់ការប្រមូលផលស្វាយចន្ទីរបស់ប្រជាពលរដ្ឋផងដែរ ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ធ្លាប់បានឲ្យដឹងថាកម្ពុជា មានផ្ទៃដីដាំដុះ ដំាស្វាយចន្ទី ចំនួន ២៣៦ ៤៧១ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ចំនួន ១៦៥៦៧០ហិកតា ។ ទិន្និផលកាលពីឆ្នាំ ២០២០ មាន បរិមាណផល ប្រមាណជា ២៤២ ១៧៧តោន បរិមាណនាំចេញ គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ មានចំនួន ២១៨ ៨៨៤,២៩តោន ដែលមានតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨ ១១១ ៧០០ដុល្លារ ។
ដំណាំស្វាយចន្ទីតាមការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា កើនប្រមាណជា ៥% ទៀតពីឆ្នាំ២០២១ ៕
ចែករំលែកព័តមាននេះ