ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ប្ដេជ្ញា​កៀរគរ​វិនិយោគិន​ខ្លួន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង់គ្លេស​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទាក់ទាញ​វិនិយោគិន​របស់​ខ្លួន​មក​ស្វែង​យល់​បន្ថែម​ ពី​សក្តានុពល​ដែល​កម្ពុជា​កំពុង​សម្រេច​បាន​នា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម​លោកស្រី ហេ​ឌ័​រ វា​ល្ល័​រ ប្រេសិត​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ឡាវ…

រាជធានី​ភ្នំពេញ ៖ អង់គ្លេស​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទាក់ទាញ​វិនិយោគិន​របស់​ខ្លួន​មក​ស្វែង​យល់​បន្ថែម​ ពី​សក្តានុពល​ដែល​កម្ពុជា​កំពុង​សម្រេច​បាន​នា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម​លោកស្រី ហេ​ឌ័​រ វា​ល្ល័​រ ប្រេសិត​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោកស្រី ក៏​បាន​គូសបញ្ជាក់​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ មក​លើ​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ដែល​ជា​សសរស្តម្ភ​មួយ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​គម្រោង​គាំទ្រ​ព​ន្លឿ​ន​ផ្នែក​សេដ្ឋកិច្ច (Accelerated COVID Economic Support-ACES) ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​អង់គ្លេស​សម្រាប់​ប្រទេស​នៅ​អាស៊ាន​។

ឯកឧត្តម​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ចូល​កាន់​ដំណែង​របស់​លោកស្រី ប្រេសិត​ពាណិជ្ជកម្ម​អង់គ្លេស និង​សង្ឃឹម​ខ្ពស់​ថា​វត្តមាន​របស់​លោក​ជំទាវ​នឹង​អាច​ជួយ​ជំរុញ​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ​ល្អ និង​ចំណង​ការទូត​ប្រកបដោយ​ផ្លែផ្ការ​រវាង​កម្ពុជា និង​អង់គ្លេស ។ រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​កន្លង​មក បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយ​ចំនួន ជា​ពិសេស​វិស័យ​អប់រំ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ព្រមទាំង​តាម​រយៈ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែមករា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន និង​បទបញ្ញត្តិ​នានា សម្រាប់​ការ​ធ្វើ​សមា​រណកម្ម​សេដ្ឋកិច្ច និង​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​ពង្រីក​ដៃគូរ​ពាណិជ្ជកម្ម តាម​រយៈ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​នៅ​ក្នុង​តំបន់ ។

ឯកឧត្តម ក៏​បាន​បង្ហាញ​អំពី​ការ​គាំទ្រ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចការ​ដៃគូរ​សន្ទនា​រវាង​ចក្រភព​អង់គ្លេស និង​អាស៊ាន​ដែល​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង ហើយ​បាន​ជម្រាប​ភាគី​អង់គ្លេស​ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២១ និង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ នៅ​ឆ្នាំ​២០២២ ខាង​មុខ ។

លោកស្រី​ប្រេសិត​ពាណិជ្ជកម្ម បាន​ទទួលស្គាល់​ពី​ភាព​រីក​ចម្រើន កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ និង​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា ព្រមទាំង​ធ្វើការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​សម្របសម្រួល​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ធុរជន និង​វិនិយោគិន​អង់គ្លេស​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក ។

ភាគី​ទាំង​ពីរ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​លើក​ស្ទួយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់​ពី​ការ​រង​ផល​ប៉ះពាល់​ដោយ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច លើកកម្ពស់​កំរិតជីវភាព និង​ផ្តល់​សុខុមាលភាព​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ