រាជធានីភ្នំពេញ ៖ ការធ្វើគោរពច្បាប់ក៏ដូចជា ទម្លាប់ល្អចេញពីខ្លួនយើងម្នាក់ៗក្នុងការបើករបតាមដងផ្លូវនឹងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានិងកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់ ។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ការ បជ្រៀប ការយល់ដឹងពីច្បាប់ចរាចរណ៍នៅកាន់មនុស្សគ្រប់ស្រទាប់វណ្ណៈពិតមានសារៈសំខាន់ណាស់ក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។

លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិកាក្រសួងសាធារណៈការ និងដឹកជញ្ជូននិងជាអគ្គលេខធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីស្តីពីចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងថា ការយល់ដឹងជ្រួលជ្រាបពីច្បាប់ចរាចរណ៍ទៅដល់គ្រប់មនុស្សគ្រប់រូបការល្អណាស់ ក្នុងការចួលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
លោកបានបញ្ជាក់ថា៖«ច្បាប់ គឺជាទម្លាប់ អីញ្ចឹងបើសិនអ្នកទាំងអស់គ្នា គោរពច្បាប់ នៅក្នុងសង្គមមានន័យថានឹងមានរលូនទាំងអស់គ្នា។យ៉ាងណា មិញបើគ្មានច្បាប់នោះនឹងកើតអាណាធិបតេយ្យ ។ ឧទាហរណ៍៖ បើម្នាក់ប្រកាន់ឆ្វេងម្នាក់ប្រកាន់ស្តាំនោះច្បាស់ ជាបើកបុកគ្នាមិនខានធ្វើ ឲ្យក្លាយជាអាណាធិបតេយ្យមិនខាន» ។
ជាមួយគ្នានោះដែរ លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងថា បញ្ហាដែលចោទឡើង កាលពីឆ្នាំ២០១៩ កន្លងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីល្បឿន និងការមិនគោរពសិទ្ធិអាទិភាព ប៉ុន្តែសម្រាប់ឆ្នាំ២០២០ បញ្ហាដែលកើតឡើងលេចធ្លោរ គឺការមិនគោរពសិទ្ធិជាអាទិភាពដែលជាចំណុចដោះស្រាយ ។ លោកបានបន្តថា «ថ្ងៃនេះយើងពិនិត្យលើបញ្ហាការមិនគោរពសិទ្ធិអាទិភាពមកសិក្សាឲ្យបានស៊ីជម្រៅ ហើយយកបញ្ហានេះមកដោះស្រាយ ។ អីញ្ចឹងយើងជាគ្រូបង្គោល គឺត្រូវរៀនសូត្រ ពីវាគ្មិនទាំងឡាយដែលបង្ហាញអំពីច្បាប់ចរាចរណ៍ផ្លូវគោក» ។ លោកបន្ថែមថា សិទ្ធអាទិភាពដែលមានចែងក្នុងច្បាប់ពិតជាមានសារៈសំខាន់ណាស់ព្រោះថា វាបានផ្តល់សិទ្ធិយាន្តនីមួយៗ។
ផ្ទុយទៅវិញអ្នកដែលមិនគោរពច្បាប់នោះនឹងអាចបង្កឲ្យមានបញ្ហាគ្រោះថ្នាក់កើតឡើងជាមិនខាន ។ ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការក៏បានលើកឡើងថា កត្តាសីលធម៌ក៏ជាអាចចូលរួមក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លោកគូសបញ្ជាក់ថា ៖«បើមនុស្សដែលជាអ្នកបើកបរប្រកបដោយសីលធម៌ គឺហាក់ដូចជា យើងបានគោរពច្បាប់បាន៥០ទៅ៦០ភាគរយទៅហើយផ្ទុយទៅវិញ បើមនុស្ស(អ្នកបើក )មិនមានសីលធម៌មិនគិតពីគេ គិតតែយកឈ្នះខ្លួន(ចេះតែបើក)ស្មើនឹងការ មិនគោរពច្បាប់ផងដែរ» ។
លោកប៉ែន បូរាណ ក៏បានលើកឡើងថា សិក្ខាកាមដែលជាគ្រូបង្គោល មករៀនថ្ងៃនេះនឹងក្លាយជាអ្នករៀនផង និងបង្រៀននឹងក្លាយជាអ្នកចេះច្បាប់ពាក់ព័ន្ធនឹងចរាចរណ៍ ។
លោក ព្រំវន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើង ថាមន្ត្រីដែលវត្តមានចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃ នេះពិតជាមានសារៈសំខាន់ណាស់ ក្នុងយកចំណេះទៅបង្ហាត់បង្រៀនទៅអ្នកផ្សេងទៀត ។ ផ្ទុយទៅវិញ បើសិនមានការបង្រៀន ឬបកស្រាយខុសនោះនឹងពិបាកពីព្រោះថាអ្នកសួរគេតែងតែយកការបកស្រាយនោះទៅសិក្សា ឬសួរដេញដោលគ្នាផងដែរ ។
សូមជម្រាបថាសិក្ខាសាលាបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពច្បាប់ស្តីពីចរាចរណ៍ដល់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាគ្រូបង្គោលដើម្បីយកទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជា អ្នកប្រើប្រាស់ផ្លូវ៕
ចែករំលែកព័តមាននេះ