រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានចូលទៅសំងំក្នុងបន្ទប់ទឹកផ្សារ ដើម្បីរង់ចាំធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអតិថិជន ដែលករណីនេះបានកើតឡើងពីរលើកកន្លងមកហើយ តែម្ដងអស់នេះអស់លក្ខណ៍ ដោយសារជនរងគ្រោះបានវាយប្រតប់ប្រតាយ និងស្រែកឆោឡោផ្អើលដល់សន្តិសុខផ្សារឱ្យជួយអន្តរាគមន៍ចាប់ឃាត់ទុកឲ្យនគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យមានឈ្មោះ សុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តុ មានអាស័យដ្ឋាននៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអ្នកធ្វើអនាម័យ នៅផ្សារទំនើប ។
បើតាមជនរងគ្រោះបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានចូលទៅបន្ទប់ទឹក ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់បានស្ទុះមកចាប់ច្របាច់ក និងវា.យគាត់ប្ល.ន់យកទូរស័ព្ទដៃមួយគ្រឿង ប៉ុន្តែពេលនោះគាត់បានប្រវាយប្រតប់ជាមួយសង្ស័យវិញ នឹងបានចាប់ទាញ.កអាវជាប់ ហើយស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ នឹងអាជីករលក់ដូរក្នុងផ្សារ ចេញទៅជួយចាប់ជនសង្ស័យម្នាក់នោះ ។
ជនរងគ្រោះបានបន្តថា គាត់ជាអ្នកអនាម័យប្រចាំផ្សារទំនើបមួយកន្លែង មិនមានមាសប្រាក់លុយកាក់អ្វីជាប់ខ្លួននោះទេ មានតែទូរស័ព្ទដៃកញ្ចាស់មួយគ្រឿង ប៉ុន្តែជនសង្ស័យរូបនេះអាចមើលច្រឡំមនុស្សថាជាអតិថិជន ឬអាជីវករដែលជាអ្នកមានស្តុកស្តម្ភ ទើបគេធ្វើសកម្មភាពប្ល.ន់ ទីបំផុតជាប់ខ្នោះដៃតែម្តងទៅ ។
នៅចំពោះមុខសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ជនសង្ស័យបានឆ្លើយសារភាពថា សកម្មភាពចូលក្នុងបន្ទប់ទឹកចាំប្ល.ន់ប្រជាពលរដ្ឋ ដើម្បីយកទ្រព្យសម្យត្តិដូច្នេះ ខ្លួនធ្លាប់បានប្រព្រឹត្ត២លើករួចមកហើយ ដោយលើកទី១ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានវាយប្ល.ន់យកទូរស័ព្ទដៃរបស់ពីជនរងគ្រោះម្នាក់បានសម្រេចម្ដង ហើយបានយកទូរស័ព្ទទៅលក់បានប្រាក់ទិញថ្នាំញៀនប្រើប្រាស់ លុះពេលនេះអត់លុយទើបសម្រេចចិត្តប្ល.ន់ម្ដងទៀត ក៏ត្រូវម្ចាស់ទូរស័ព្ទ នឹងសន្តិសុខផ្សារក្របួចកអាវជាប់ នឹងប្រគល់ឲ្យសមត្តកិច្ចតែម្តង ។
លោកអនុសេនីយ៍ឯក ស៊ន ប៊ុនរ៉ា នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ៧ មករា បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពប្លន់រូបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ចំណែកទូរស័ព្ទដែលជនសង្ស័យធ្វើសកម្មភាពប្ល.ន់មិនបានសម្រេច បានប្រគល់ឲ្យជនរងគ្រោះវិញ ៕
ចែករំលែកព័តមាននេះ