រាជធានីភ្នំពេញ ៖ នៅម៉ោងជិត១០ព្រឹកថ្ងៃទី១៩ កុម្ភៈ ២០២១នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅការផ្សាយព័ត៌មានមិនពិតរបស់លោក ផែង វណ្ណ: កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថា ក្មេងប្រុសឈ្មោះ តាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ស្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះ គឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់គឺជាគ្រូពេទ្យ ។ ដែលយករថយន្តនោះ ជាកម្មសិទ្ធបស់បងប្រុសគាត់ ជានគរបាលនៅសាលានគរបាលជាតិ ។
ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ មុននឹងធ្វើការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។
ជាចុងបញ្ចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការភណ្ឌច្រឡំ សូមលោក ផែង វណ្ណ: ធ្វើការកែតម្រូវ ចំពោះការចុះផ្សាយខុសពីការពិតនេះផង ។
សូមជម្រាបថា «យុវជនសិស្សសាលា បើករថយន្តស៊ីរ៉ែន ធ្លាយរឿងស្លាកលេខន.ប បំពាក់រថយន្តឯកជន» មនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់រថយន្តពាក់ស្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនឯកជន នៅខណ្ឌជ្រោយចង្វារ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ។
សូមជម្រាបថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុក ស្តីពីរថយន្តសឺរ៉ែនមួយគ្រឿង ត្រូវសិស្សសាលាឯកជន ថ្នាក់ទី១១ យកជិះបង្អួតគេឯងនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវឲ្យបានដឹងច្បាស់អំពីព័ត៌មានដែលបានចុះផ្សាយនេះ ក្រោយពីធ្វើការចុះស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន មកសាលារៀនពិតប្រាកដមែន ។
រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរ ដើម្បីធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូប ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលើករណីប្រើប្រាស់រថយន្តផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបើករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្ត ត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
តាមចម្លើយរបស់យុវជនឈ្មោះ តាន់ សម្បត្តិឧត្តម អាយុ១៩ឆ្នាំ បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគេពិតជាបានយករថយន្ត របស់បងប្រុស ដែលពាក់ផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ពិតប្រាកដមែន ។
តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ ន.ប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ជាក់ស្តែងរថយន្តនេះ ត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ (បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នើសុំធ្វើផ្លាកលេខ ន.ប យកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦ មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះ ទៅឲ្យមិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាល នៅរាជបណ្ឌិតសភានគរបាលជាតិ ។
អ្នកព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួន ដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួន ប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។
ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការលក់ដូរ រថយន្តផ្លាកលេខ ន.ប និងការប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនដោយជនស៊ីវិល ដែលមិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀត ដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍ នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះ ទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូតផ្លាកលេខ ន.ប មករក្សាទុកមិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំង២នាក់ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះ ផងដែរ ៕








ចែករំលែកព័តមាននេះ