រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា មកដល់ពេលនេះ តាមព័ត៌មានទទួលបានវីរុសកូវីដ១៩ បានធ្វើការបំលែងខ្លួនជាង២០ប្រភេទហើយ ក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា តាមព័ត៌មានដែលលោកជំទាវបានទទួលបានថា វីរុសកូវីដ១៩ ត្រូវបានអ្នកវិទ្យសាស្ត្ររកឃើញថា បានបំលែងខ្លួនជាង២០ប្រភេទ ក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ខណៈកម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ បានបំលែងខ្លួនចំនួន៣ករណី កាលពេលកន្លងមកនេះ ។
លោកជំទាវបានលើកឡើងថា ទោះបីអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីក្រៅប្រទេសក៏ដោយក៏នៅតែធ្វើចត្តាឡីស័កពេល១៤ថ្ងៃដដែល នៅពេលចូលមកកម្ពុជា(ធ្វើដំណើរ)ការធ្វើបែបនេះដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស ។ លោកជំទាវក៏បានលើកឡើងថា កុំគិតថា នៅពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ឬធ្វើតែ៣ ឬ៤ថ្ងៃនោះទេ គឺត្រូវធ្វើតែធ្វើគ្រប់ចំនួន១៤ថ្ងៃ ។
ជាងនេះ អ្នកចាក់វ៉ាក់សាំងនៅតែប្រកាន់ភ្ជាប់ការពារជាប់ជានិច្ច ពោល គឺប្រកាន់ភ្ជាប់៣កុំ និង៣ការពារជានិច្ច ។ ការការពារនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងបានធ្វើជាប្រចាំដែលធ្វើ ឲ្យកម្ពុជាមានអត្រាអ្នកឆ្លងមានចំនួនតិច បើធៀបនឹងបណ្តាប្រទេសមួយចំនួនបានអ្នកឆ្លងច្រើន និងមានស្លាប់ជារៀងរាល់ថ្ងៃផងដែរ ។
លោកជំទាវគូសបញ្ជាក់ថា ៖«បងប្អូនប្រជាពលរដ្ឋយើងមានការភ័យខ្លាច យើងឃើញ ជាក់ស្តែងហើយថានៅពេលផ្ទុះជំងឺកូវីដ១៩ ឃើញប្រជាពលរដ្ឋមិនហានធ្វើដំណើរហើយហាងមួយចំនួនបានបិទផ្អាក ដែលពេលខ្លះរកកន្លែងទិញចំណីហូប ចង់មិនបាននៅពេលកន្លងមក» ។ លោកជំទាវបន្តថា ពេលនេះយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន ចំពោះការពារការឆ្លងជំងឺកូវីដ១៩ ដូចបានពាក់ម៉ាស់ លាងដៃជាមួយអាកុល ជាដើម ។
ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានលើកឡើងថា ការចាក់វ៉ាក់សាំងអាស្រ័យលើសុខភាព បុគ្គលម្នាក់ៗក្នុងការទទួលបានការពារជំងឺកូវីដ១៩ ដោយសារសុខភាពអ្នកខ្លះល្អ និងអ្នកខ្លះមិនល្អទើបមានការមិនអនុញ្ញាតឲ្យចាក់៕
ចែករំលែកព័តមាននេះ