រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអង្គការ ទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានរួមគ្នាដាក់សម្ពោធជាផ្លូវការគម្រោងចំនួនពីរ ដើម្បីគាំទ្រ ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូ អភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលជាដៃគូពាក់ព័ន្ធសរុបប្រមាណ១៥០រូប។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កម្មវិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)។ គម្រោងទាំងពីរដែលដាក់សម្ពោធរួមមាន៖
១. គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិដែលអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប.។
២) គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈ ការងារគណនេយ្យភាពសង្គមដែលអនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៣) មានគោលបំណងបង្កើនការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលដើរតួដ៏សំខាន់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ហើយផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ គ្រោងនឹងអនុវត្តនៅរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងនឹងត្រូវអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបន្តការយកចិត្តទុកដាក់លើក្រុមគោលដៅជាស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះនានាបន្តពីការអនុវត្តផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ ព្រមទាំងលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្នដែលរួមមាន៖ ជនជាតិដើមភាគតិច មនុស្សចាស់ ជនពិការ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI) និងសិស្សានុសិស្ស ព្រមទាំងជ្រើសរើសក្រុមជនងាយរងគ្រោះនានា ធ្វើជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ផងដែរ។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្ត ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នេះ ដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះឱ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព»។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ឯកឧត្តមបានបន្ថែមទៀតថា៖ «ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព ព្រមទាំងឆ្លើយតបទៅតាមការវិវត្តន៍ ប្រែប្រួលនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជននាពេលអនាគត»។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារ គណនេយ្យភាពសង្គម នឹងផ្តោតការធានារថាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ភូមិក្នុងតំបន់គោលដៅមានកិច្ចសន្ទនាជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈ។ គម្រោងនេះនឹងត្រូវបានអនុវត្តជាមួយបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ចំនួន ១៩០០ នាក់។
រូបភាព ៖ អង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា លោក ដានីញ៉ែលរ័ក សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈ ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ជឿជាក់យ៉ាងម៉ុតមាំក្នុងកិច្ចការគណនេយ្យភាពសង្គម ហើយយើងទាំងអស់គ្នាមានកិត្តិយសណាស់ដែលត្រូវបានទុកចិត្តអោយទទួលខុសត្រូវធ្វើការងារលើកកម្ពស់ដល់កិច្ចការសន្ទនាថ្នាក់មូលដ្ឋាន រវាង ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលនៅក្នុងឃុំទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៤។ យើងជឿជាក់ថាគម្រោងនេះនឹងនាំមកនូវសេវាសាធារណៈកាន់តែប្រសើរឡើងតាមវិស័យអប់រំ សុខភាព និងរដ្ឋបាលសាធារណៈ ហើយផ្តល់ផលដល់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសពលរដ្ឋដែលងាយរងគ្រោះ ដែលនឹងទទួលផលពីសេវាប្រសើរឡើងទាំងនេះដែរ»។
គម្រោងនេះត្រូវបានគាំទ្រថវិកាពីមូលនិធីបរធនបាលកិច្ច ដើម្បីគាំទ្រផែនការអនុវត្តគណនេយ្យភាព សង្គមនៅកម្ពុជា តាមរយៈធនាគារពិភពលោក (The World Bank) និងគាំទ្រដោយរដ្ឋាភិបាលអាឡឺម៉ង់ និងរដ្ឋាភិបាលស្វីស។
គួរបញ្ជាក់ផងដែរថា ការអនុវត្តផែនការយុទ្ឋសាស្ត្រគណនេយ្យភាពសង្គម (ISAF) កើតចេញពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងប្រទេសកម្ពុជា។ ISAF មានគោលដៅធ្វើឱ្យមានភាពប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈការលើកកម្ពស់គណនេយ្យភាពសង្គមដែល ស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ISAF មានគោលដៅធ្វើឲ្យមានភាពប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈការលើកកម្ពស់គណនេយ្យភាពសង្គម ដែលស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈ (ISAF) ប្រជាពលរដ្ឋត្រូវបានប្រាប់ពីសេវាដែលគេគួរទទួលបាន និងសន្ទនាជាមួយអាជ្ញាធរក្រោមជាតិដើម្បីជម្រុញដោយមានសកម្មភាពរួមគ្នាដើម្បីកំណត់បញ្ហា និងអនុវត្តផែនការ។ ម្ចាស់ជំនួយ អង្គការអន្តរជាតិ និងអង្គការសង្គម ស៊ីវិលក៏បានចូលរួមចំណែកជួយគាំទ្រដល់ការអនុវត្តផែនការយុទ្ឋសាស្ត្រគណនេយ្យភាពសង្គមនេះ ចាប់ តាំងពីឆ្នាំ ២០១៥ មក។
អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់អភិបាលកិច្ច និងទ្រទ្រង់វឌ្ឍនភាពល្អជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានានៅក្នុងប្រទេស។ ចាប់តាំងពីពេលនោះមក កម្មវិធីគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោក ត្រូវបានពង្រីកទៅគ្រប់តំបន់ដែលគ្រប ដណ្តប់ដោយកម្មវិធីរបស់អង្គការទស្សនៈពិភពលោក ហើយវាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ ថ្នាក់ជាតិរបស់អង្គការទស្សនៈពិភពលោកដែលផ្តោតជាចម្បងទៅលើសុខភាព និងអាហារូបត្ថម្ភ ការអប់រំ ការការពារកុមារ និងការចូលរួម ៕
ចែករំលែកព័តមាននេះ