ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ អ្នក​ដាំ​អំពាវនាវ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កសិករ​ប្រកប​របរ​ដាំ​ស្ពៃក្តោប បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​រដូវ​កាល​កំពុង​ប្រមូល​ផលដំណាំ ខណៈ​តម្លៃ​ស្ពៃក្តោប​ធ្លាក់​ចុះ​យ៉ាង​គំហុក មក​ដល់​៤០០​រៀល ក្នុង​គីឡូក្រាម ទោះបី​មាន​ទីផ្សារ​ទិញ​ក្តី ។ អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ កសិករ​ប្រកប​របរ​ដាំ​ស្ពៃក្តោប បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​រដូវ​កាល​កំពុង​ប្រមូល​ផលដំណាំ ខណៈ​តម្លៃ​ស្ពៃក្តោប​ធ្លាក់​ចុះ​យ៉ាង​គំហុក មក​ដល់​៤០០​រៀល ក្នុង​គីឡូក្រាម ទោះបី​មាន​ទីផ្សារ​ទិញ​ក្តី ។

អ្នកស្រី គឹ​ម លាង អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ស្រុក​ប​វិល បាន​ឲ្យ​ដឹង​ថា ស្ពៃក្តោប​ដែល​អ្នកស្រី​ដាំ​នេះ ដល់​ពេល​ល្មម​កាត់​ហើយ ប៉ុន្តែ​តម្លៃ​វិញ ថោក គឺ​តម្លៃ​មួយ​គីឡូ តែ​៤០០​រៀល​ប៉ុណ្ណោះ ។

អ្នកស្រី បាន​បញ្ជាក់​ថា ៖ «​តម្លៃ​នេះ ថោក​ពេក​ហើយ តែ​មិន​ខ្វះ​អ្នកទិញ​ទេ ។ មិន​ថា​ខ្ញុំ ឬ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ដាំ​ស្ពៃក្តោប​នេះ មិន​ចំណេញ​នោះ​ទេ ។ ខ្ញុំ​ដាំ​អស់​ដើម​ប្រមាណ​ជាង​៥​លាន​រៀល បាន​ផល​ប្រមាណ​១៥​តោន​» ។

បើ​តាម​អ្នកស្រី ដែល​ប្រកប​របរ​ដាំ​ស្ពៃក្តោប បាន​ឲ្យ​ដឹង​ថា ទីផ្សារ​បន្លែ ឬ​ស្ពៃក្តោប មាន​អ្នកទិញ​ជា​ធម្មតា ដោយ​អ្នកទិញ មក​កាត់​ម្តង​ៗ ប្រមាណ​១០​តោន ទៅ​១២​តោន ដើម្បី​យក​មក​លក់​ទីផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ ។

អ្នកស្រី​គូសបញ្ជាក់​ថា ៖ «​មិន​ខ្វះ​ទេ អ្នកទិញ ឡាន​ធំ​ៗ​មក​ទិញ ពី​បាត់ដំបង ប៉ុន្តែ​តម្លៃ​ថោក ។ បើ​និយាយ​ពី​ស្ពៃក្តោប ខ្ញុំ​ដាំ​នេះ​ចាប់តាំងពី​ដាំ​ដើម​មក មាន​រយៈពេល​៣​ខែ​កន្លះ បាន​ទទួលផល ដោយ​បាន​ប្រើ​ជីគីមី​ខ្លះ​ៗ» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​របស់​អ្នកស្រី​កំពុង​រស់នៅ មាន​ប្រជា​កសិករ​ជា​ច្រើន បាន​ប្រកប​របរ​ដាំ​ដំណាំ ដូច​ជា​ស្ពៃក្តោប ស្ពៃជ្រក់ ម្ទេស និង​ដំណាំ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ចុះថោក​ជាក់ស្តែង គឺ​ស្ពៃក្តោប ហើយ​ម្ទេស ក៏​ចុះ​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ ពេល​ថ្ងៃ​ទី​១៧ កុ​ម្ពៈ កន្លង​មក តម្លៃ​៣​ពាន់​រៀល ឥឡូវ​ចុះ​មក​២​ពាន់​រៀល ឬ​២៥០០​រៀល ។

បើ​តាម​អ្នកស្រី​បាន​អះអាង​ថា មូលហេតុ​ដែល​បន្លែ ពិសេស​ស្ពៃក្តោប ចុះថោក​នោះ ដោយសារ​ការ​បើក​ឲ្យ​មាន​បន្លែ​ចូល ពី​ប្រទេស​ជិតខាង ពិសេស​នោះ​ប្រទេស​ថៃ ដែល​ជាប់​ព្រំប្រទល់​នឹង​ខេត្តបាត់ដំបង​តែ​ម្តង ។

អ្នកស្រី​សង្កត់ធ្ងន់​ថា ៖ «​បើសិនណា បិទ​ច្រកព្រំដែន អាច​បន្លែ​ឡើងថ្លៃ ពីព្រោះ​ថា បន្លែ​មក​ពី​ក្រៅ​ច្រើន​ណាស់ ដោយ​ដឹក​ទាំង​តោន​ៗ ដឹក​សុទ្ធតែ​រថយន្ត​យ៉ី​ឌុ​ប ឯណោះ​ក្មួយ ។ បិទ​បន្លែ​គេ កុំ​ចូល​មក​នោះ បន្លែ​ខ្មែរ​យើង បាន​ថ្លៃ​ហើយ ឥឡូវនេះ​នាំ​ចូល​ច្រើន​សព្វគ្រប់ រួម​មាន ៖ ស្ពៃក្តោប ស្ពៃបូកគោ ក្រូចសើច​ជាដើម​…» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី​តំណាង​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ដាំ​បន្លែ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ជួយ​ផ្តល់​តម្លៃ​ទីផ្សារ​បន្លែ បើ​មិន​ដូច្នេះ​ទេ អ្នក​ដាំ​បន្លែ ពិតជា​ស្លាប់​ហើយ ដោយសារ​ជំពាក់​បំណុល​គេ ។

អ្នកស្រី គូស​បញ្ចា​ក់ថា ៖ «​សូម​ជួយ​ឲ្យ​បន្លែ​ខ្មែរ ឲ្យ​បាន​ថ្លៃ​ផង​! មើល​អ្នកចម្ការ គ្រោះ​ទឹកជំនន់​មួយ​ដង​ជា​ពី​ដង ដល់​ពេល​ទឹក​ស្រក់​វិញ​នាំ​គ្នា​ដាំ តែ​ពេល​បាន​ផល​តម្លៃ​ថោក ។ ផ្ទុយ​ទៅ​វិញ ប្រេង​និង​ទំនិញ​ទិញ​មក​ប្រើ​ក្នុង​ការ​ដាំ​ដុះ ឡើងថ្លៃ​ធ្វើ​ឲ្យ​កសិករ​ម្នាក់​ៗ មុខ​ឡើង​ខ្មៅ​អស់ហើយ ព្រោះ​ជំ​ពាន់​ការ​ប្រាក់​គេ (​ធន​ធា​គា​ឬ​លុយរាប់​)» ។

អ្នកស្រី​បន្ថែម​ថា កសិករ​ម្នាក់​ៗ ដាំ​ដុះ​បន្លែ សុទ្ធតែ​យក​លុយ​គេ​មក​ដាំ មិនមែន​ជា​លុយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ ។ ហេតុ​ដូច្នេះ ធ្វើ​ឲ្យ​ប្រជា​កសិករ​ម្នាក់​ៗ ដែល​បាន​នាំ​គ្នា​ដាំ​លើ​ផ្ទៃដី​មួយ​ហិ​កតា ឬ​២​ហិ​កតា ឬ​ច្រើន​ជាង​នេះ ត្រូវ​ជំពាក់​គេ ។

សូម​ជម្រាប​ថា កាលពី​ពេល​កន្លង​មក ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ បាន​លើក​ឡើង​ថា ដើម្បី​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម (​បន្លែ ដំឡូង​មី ឱ​ឡឹ​ក​លឿង ស្វាយ និង​មាន់​សាច់​) ឲ្យ​រីក​ចម្រើន ធានា​បាន​សន្តិសុខ​ស្បៀង និង​ធានា​ដល់​ការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះ​ថា​”​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​” ហៅ​កាត់​ថា ASPIRE ។

ឯកឧត្តម បាន​បញ្ជាក់​ថា ASPIRE បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​អ្នក​ជួយ​សម្របសម្រួល រៀបចំ​ចងក្រង​កសិករ អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នក​ប្រមូល​ទិញ​កសិផល​ជា​បណ្តុំ​អាជីវកម្ម សរុប​មាន​ចំនួន​១,៩២០ មាន​សមាជិក​ចំនួន ៦១,៧៣៥​គ្រួសារ នៅ​ទូ​ទាំង ២៤​រាជធានី​-​ខេត្ត ។

មិនតែប៉ុណ្ណោះ ASPIRE ក៏​បាន​ជួយ​គាំទ្រ ទាំង​បច្ចេកទេស និង​សម្ភារ ដើម្បី​ធ្វើ​ឲ្យ​បណ្តុំ​ទាំងនោះ ប្រកប​អាជីវកម្ម​របស់​ខ្លួន​ពោរពេញ​ទៅ​ដោយ​វិបុលភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច ធានា​បាន​នូវ​និរន្តរភាព​ផលិតកម្ម ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ពី​ថ្នាក់ដឹកនាំ មន្ត្រី​កម្មវិធី និង​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ ជា​លទ្ធផល នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្ងៃ​ទី​១៥ ខែកុម្ភ​: ASPIRE បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​១៦ និង​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MoU) ចំនួន​០២ ស្តី​ពី “​ការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង​មី ផ្លែស្វាយ ផ្លែ​ឱ​ឡឹ​ក​សាច់​លឿង និង​មាន់​សាច់​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ