រាជធានីភ្នំពេញ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីក្នុងល្បឿនលឿនដូចហោះ សង្ស័យអ្នកបើកបរងោកមួយភាំងរេចង្កូតជ្រុលទៅបុកបង្គោលរបងតឿរបស់ស្ថានទូតបារាំង បណ្តាលអោយរងការខូចខាត ចំណែករថយន្តបានរងការខូចខាតខ្ទេចផ្នែកខាងមុខ ដោយឡែកអ្នកបើកបរបានរងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង3និង15នាទីឈានចូលព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ថានទូតបារាំង តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កមួយគ្រឿងខាងលើម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-2764 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាមនៅគល់ដៅខាងលើនេះបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿនដូចហោះមិនបានប្រុងប្រយ័ត្ននោះទេ ហើយគេសង្ស័យថា ម្ចាស់រថយន្តងោកមួយភាំង ទើបរេចង្កូតមកឆ្វេងដៃបុករះបង្គោលរបងតឿរបស់ស្ថានទូតបារាំង បណ្តាលអោយអស់បាក់រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កខ្ទាតជាង200ម៉ែតរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខចំហៀងខាងឆ្វេង ថែមទាំងដាច់ក្រឡេកង់នឹងដាច់បូមខ្ទាតពេញផ្លូវនិងផ្ទុះព្រោងទាំងសងខាង រីឯអ្នកបើកបររងរបួសស្រាល ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ អ្នកបើកបរបានចេញមកដោះស្លាកលេខចេញ ដើម្បីយកទៅទុក រួចគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកនៅតែរថយន្តបង្កអោយតំណាងចូលមកជួយដោះស្រាយ ហើយគ្រោះថ្នាក់ខាងលើនេះគឺខូចខាតបង្គោលរបងតឿអស់ចំនួន14បង្គោល មានបាក់ខ្លះ និងខូចខាតតិចតួចខ្លះ ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយនឹងផាក់ពិន័យទៅតាមនិតិវិធី ៕







ចែករំលែកព័តមាននេះ