អាជ្ញាធរខេត្តប៉ៃលិន និងភ្ញៀវទេសចរ កោតសរសើរទឹកធ្លាក់ភ្នំខៀវ ត្រង់កន្លែង ៣៦ជាន់
- ប៉ៃលិន
ខេត្តប៉ៃលិន៖ តំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ មានចំងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន តាមផ្លូវជាតិលេខ៥៧។ អ្វីដែលភ្ញៀវទេសចរ…
ខេត្តប៉ៃលិន៖ តំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ មានចំងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន តាមផ្លូវជាតិលេខ៥៧។ អ្វីដែលភ្ញៀវទេសចរ…
ខេត្តប៉ៃលិន៖ តំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ មានចំងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន តាមផ្លូវជាតិលេខ៥៧។ អ្វីដែលភ្ញៀវទេសចរ មិនសូវបានឃើញ និងទៅដល់ គឺត្រង់ជាន់ទី៣៦ នៃទឹកធ្លាក់ភ្នំខៀវ ដែលអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីនៃមន្ទីរជំនាញ យកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅឈូសឆាយ រហូតដល់កន្លែងលេង ដែលស្រស់ស្អាតជាងគេ គឺនៅត្រង់ជាន់ទី៣៦ មានទឹកជ្រោះខ្ពស់ល្អ។
ជាក់ស្តែង កាលពីឱកាសបុណ្យចូលឆ្នាំចិនថ្មីៗនេះ បន្ទាប់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន បានឱ្យក្រុមការងារយកគ្រឿងចក្រឈូសឆាយទៅដល់ខាងលើ គឺសង្កេតឃើញថា មានទេសភាពស្រស់ស្អាត មានដើមឈើធំៗ រុក្ខជាតិបញ្ចេញពណ៌ខៀវខ្ចី និងមានទឹកជ្រោះ ហូរធ្លាក់ពីលើភ្នំឥតដាច់។ ពេលភ្ញៀវចុះងូតលេង គឺត្រជាក់ត្រជុំ បំបាត់នូវទុក្ខកង្វល់ ថែមទាំងនាំមកនូវស្មារតីភ្លឺស្វាង និងអារម្មណ៍ស្រស់ស្រាយផងដែរ។
ភ្ញៀវទេសចរ អាចបើកបរម៉ូតូ និងរថយន្តឡើង ទៅចតនៅផ្នែកខាងលើយ៉ាងងាយស្រួល មិនមានក្បាលថ្ម ដូចកាលពីមុននោះទេ។
ក្រុមការងារយុវជន ស.ស.យ.កខេត្ត ក៏បាននាំគ្នាសស្រាក់សស្រាំ ខ្លះជួសជុលខ្យុស ខ្លះធ្វើផ្លូវឡើងចុះកន្លែងទឹកជ្រោះ ព្រមទាំងតុបតែងរបមាត់ផ្លូវឱ្យមានភាពស្រស់ស្អាត ទាក់ចិត្តភ្ញៀវទេសចរ ឱ្យចូលទៅលេងឥតជិនណាយនោះឡើយ។
ក្រុមការងារយុវជនស.ស.យ.កម្នាក់ បានឱ្យដឹងថា នៅថ្ងៃខាងមុខ លោកជំទាវអភិបាលខេត្ត នឹងរៀបចំកន្លែងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ឱ្យកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីស្រូបយកភ្ញៀវទេសចរ ចូលមកលេងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើងៗ ដែលអាចជួយឱ្យការលក់ដូររបស់ប្រជាពលរដ្ឋកាន់តែកាក់កប។
ម្យ៉ាងវិញទៀត ផ្លូវចូលពីក្លោងទ្វាររហូតដល់កន្លែងលេងទឹកជ្រោះ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ ត្រូវបានឈូសឆាយរួចរាល់ ហើយនៅថ្ងៃខាងមុខ បើសិនជាមានថវិកាគ្រប់គ្រាន់ អាជ្ញាធរខេត្ត នឹងចាក់បេតុង ឱ្យបានស្អាត ងាយស្រួលធ្វើដំណើរឡើងចុះ មិនបារម្ភចំពោះបញ្ហារថយន្ត ឬម៉ូតូនោះឡើយ៕ ដោយ៖ នីយ៉ា
ចែករំលែកព័តមាននេះ