ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខេត្តមណ្ឌលគិរី បានដាក់ពង្រាយកម្លាំងនគរបាល កម្លាំងយោធា និងមន្ត្រីសុខាភិបាល តាមខ្សែបន្ទាត់ព្រំដែនចំនួន៤៣គោលដៅសំខាន់ៗ និងមណ្ឌលធ្វើចត្តាឡីស័កតាមច្រកទ្វារទ្វេរភាគី និងនៅក្រុងសែនមនោរម្យ ចៀសវាងមានការចម្លងចូលសហគមន៍។ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តអមដំណើរដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខកងកម្លាំងដែលបានឈរជើងការពារតាមព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ខណៈដែលប្រទេសជិតខាងកំពុងមានវិបត្តិជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៏ថា ខេត្តមណ្ឌលគិរីបានប្រើប្រាស់កម្លាំងសរុបជិត៥០០នាក់ ដាក់ពង្រាយតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ឈរជើងនៅលើខ្សែបន្ទាត់ព្រំដែនមានចម្ងាយ៣១៤គីឡូម៉ែត្រ ដែលជាប់ខេត្តរបស់ប្រទេសវៀតណាមចំនួនបី។ ឯកឧត្តមអភិបាលខេត្តបន្តថា ដោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់នូវបញ្ហាលួចឆ្លងចេញចូលចៀសវាង ការចម្លងជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ក៏ដូចប្រជាពលរដ្ឋកម្ពុជាផង។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់បណ្តាកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។ នៅព្រឹកថ្ងៃដដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានបន្តចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនជូនដល់កម្លាំងវិស្វកម្មអគ្គបញ្ជាការ ដែលកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញលើសមរភូមិកសាងផ្លូវថ្មី ដែលជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់នាសម័យតេជោ ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ៕ ដោយ ៖ សាយ ករុណា
ចែករំលែកព័តមាននេះ