ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ផ្តល់​ឱកាស​ដល់​អ្នកក្រ​ក្នុង​ការ​រកស៊ី ធ្វើការ និងរៀនសូត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី ៧ ៖ ខ្ញុំ​គិត​ថា ​បើសិនជា​គ្មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទេ​នោះ ខ្ញុំ​មិន​អាច​មាន​អនាគត​ដូច​បច្ចុប្បន្ន​ឡើយ ​។ បច្ចេកវិទ្យា​ព័ត៌មាន និងអុី​ន​ធើ​ណិ​ត​បាន​ផ្តល់​ឱកាស​រៀនសូត្រ ធ្វើ​ការងារ…

ភាគ​ទី ៧ ៖

ខ្ញុំ​គិត​ថា ​បើសិនជា​គ្មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទេ​នោះ ខ្ញុំ​មិន​អាច​មាន​អនាគត​ដូច​បច្ចុប្បន្ន​ឡើយ ​។ បច្ចេកវិទ្យា​ព័ត៌មាន និងអុី​ន​ធើ​ណិ​ត​បាន​ផ្តល់​ឱកាស​រៀនសូត្រ ធ្វើ​ការងារ និងរកស៊ី ​។ ខ្ញូំ​បាន​រៀន​យក​អនុ​បណ្ឌិត​ផ្នែក​សារព័ត៌មាន ឆ្នាំ​សិក្សា ២០០៦ និង ២០០៧ នៅ​សាកលវិទ្យាល័យ Ateneo De Manila ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​នៅ​ហ្វី​លី​ពី​ន ដោយសារ​តែ​ខ្ញុំ​បាន​ទទួលអាហារូបករណ៍​ពី អង្គការ Konrad Adenauer Foundation ដែល​ជា​អង្គការ​របស់​អា​ល្លឺ​ម៉​ង់​ ។

លក្ខ​ណៈ​ពិសេស​នៃ​ការ​សិក្សា​នោះ​គឺ ខ្ញុំ​ត្រូវ​រៀន​អន​ឡាញ​ដោយ​ប្រើ​អ៊ី​ន​ធើ​ណិ​ត និងត្រូវ​ទៅ​រៀន​ផ្ទាល់នៅ​ក្នុង​សាកលវិទ្យាល័យ​ផង​ដែរ​ ។ តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​យល់​ថា ​អុីន​ធើ​ណិ​ត​នឹង​អាច​ជួយ​អោយ​កូន​អ្នកក្រ​កាន់តែ​មានឱកាសដូច​កូន​អ្នកមាន​ទាំង​លើ​ការ​សិក្សា ការ​ធ្វើ​ការងារ និងការ​រកស៊ី​ ។

ខ្ញុំ​ប្រហែលជា​មិន​អាច​បង្កើត​វេ​ប​សាយ​ព័ត៌មាន​សុខភាព health.com.kh បាន​ទេ បើសិនជា​មិនមាន​អុី​ន​ធើ​ណិ​ត ​។ រឿង​ដែល​សំខាន់​ជាង​នេះ ដោយសារ​តែ​អុីន​ធើ​ណិ​ត បុគ្គលិក​វេ​ប​សាយ​សុខភាព health.com.kh ទាំងអស់​សុ​ទ្ឋ​តែ​ធ្វើ​ការងារ​អន​ឡាញ​ពី​ចម្ងាយ​មក ​។ ការ​ដំណើរកា​រវេ​ប​សាយ​សុខភាព គឺ​មិន​ត្រូ​វ​ការ​ជួលកន្លែងធ្វើការ​ដែល​នាំ​អោយ​អស់​លុយ​ថ្លៃ​ជួល​កន្លែង លុយ​ថ្លៃ​ទឹក និងលុយ​ថ្លៃ​ភ្លើង​ឡើយ ​។

បុគ្គលិក​ទាំងអស់​ជួប​គ្នា​ម្តង​ ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ​នៅ​តាម​ហាង​កាហ្វេ​ដើម្បី​ប្រជុំ​ព្រមទាំង​ហូប​អាហារ​ជុំ​គ្នា​ ។ ដូច្នេះ ខ្ញុំ​គិត​ថា បើ​គ្មាន​មធ្យោបាយ​អុីន​ធើ​ណិ​ត​ទេ​នោះ ខ្ញុំ​មិន​អាច​ឈាន​ដល់​ការ​ប្រកប​មុខរបរ​មួយ​នេះ​ឡើយ ដោយ​ពិចារណា​ទៅ​លើ​ស្ថានភាព​លុយកាក់​របស់ខ្ញុំ​ ។

តើ​លោក​អ្នក​ទ​ទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​នេះ​របស់ខ្ញុំ ?

យើង​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដូច្នេះយើង​ត្រូវ​តែ​ដើរ​អោយទាន់​បច្ចេកវិទ្យា ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ យើង​ត្រូវ​តែ​រក​ផល​ចំណេញ​ពី​បច្ចេកវិទ្យា​និង​អុីន​ធើ​ណិ​ត ដែល​បាន​បើកឱកាសដល់ការ​រៀនសូត្រ ការ​ធ្វើ​ការងារ​ និង​ការ​រកស៊ី​ដោយ​មិន​គិត​ពី​អ្នកមាន​ឬ​អ្នកក្រ​ឡើយ​ ។ ខ្ញុំ​សូមជម្រាបថា​ មុន​ពេល​ដែល​មាន​អុី​ន​ធើ​ណិ​ត មុខរបរ​ផ្នែក​សារព័ត៌មាន​គឺជា​មុខ របរ​សម្រាប់​តែអ្នកមានប៉ុណ្ណោះ ខ​ណៈ​ដែល​គេ​ត្រូវការ​លុយ​ច្រើន​រហូត​ដល់​ខ្ត​ង់​លាន​ដុល្លារ​ដើម្បី​ដំណើរការ កាសែត វិទ្យុ ឬ ទូរទស្សន៍ ​។ ប៉ុន្តែ​បច្ចុប្បន្ន វេ​ប​សាយ​ព័ត៌មាន​ជា​ច្រើន ដូច​ជា​វេ​ប​សាយ​សុខភាព​របស់ខ្ញុំ health.com.kh ត្រូវ​បាន បង្កើត​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​ដល់​ប្រជាជន​កម្ពុជា ដោយ​ចំណា​យ​ថវិកាមិន​ច្រើន​ឡើយ​ ។

ជាមួយ​គ្នា​នេះ ការ​រកស៊ី​អន​ឡាញ​កំពុង​តែ​រីក​លូតលាស់​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​បណ្តាញ​សង្គម​ ។ ឥឡូវនេះ បើសិនជា​អ្នកមាន​ផលិតផល​ល្អ​ចង់​លក់​នោះ អ្នក​នឹង​មិន​ចាំបាច់​រក​លុយ​ទិញ​តូប​នៅ​ផ្សារ ឬ​ក៏​ជួល​ផ្ទះ​បើកហាង​ឡើយ ​។ អ្នក​អាច​បើកហាង​លក់​តាម​បណ្តាញ​សង្គម ​ពិសេសតាម​ហ្វេ​សប៊ុ​ក​ដូច​បច្ចុប្បន្ន​នេះ ​។

ចំ​ណែ​ការ​ធ្វើការ​ងារ​វិញ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​ធ្វើការ​នៅ​តាម​ការិយាល័យ​ទេ ពួក​គេ​អាច​ធ្វើការ​នៅផ្ទះ​ ឬ​ហាង​កាហ្វេ​ដោយ​ប​ញ្ជូ​ន​ការងារ​ទៅ​កាន់​ក្រុម​​ហ៊ុន​តាម​រយៈ​អុីន​ធើ​ណិ​ត ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ប្រជាជន​កម្ពុជា​ជា​ច្រើន​ក៏​បាន​ធ្វើ​ការងារ​អោយ​ក្រុមហ៊ុន​នៅ​បរទេស​តាមប្រទេស ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដោយ​ទាំង​មិន​ដែល​ជួប​មុខ​គ្នា​ផង​ ។

ដូច្នេះ មនុស្ស​គ្រប់​គ្នា​ត្រូវ​ដើរ​អោយទាន់​បច្ចេកវិទ្យា​ហើយ​យក​ផល​ចំណេញ​ពី​វា​ ។ ខ្ញុំ​ចូល​ចិត្ត​និយាយថា ​ពី​មុនមនុស្ស​មិន​ចេះអក្សរ​ គឺ​មាន​ន័យ​ថា ​មិន​ចេះ​អាន មិន​ចេះ​សរសេរ ​។ បន្ទាប់​មក​ទៀតមនុស្ស​មិនចេះអក្សរ គឺ​មិន​ចេះ​ប្រើ​កុំព្យូទ័រ ហើយ​ពេល​នេះមនុស្ស​មិន​ចេះអក្សរ​ គឺ​មនុស្ស​មិន​ចេះ​ប្រើ​អុី​នធើ​ណិ​ត និង​បណ្តាញ​សង្គម ​។ កូ​វី​ដ ១៩ ក៏​កាន់តែ​ធ្វើ​អោយ​អុី​ន​ធើ​ណិ​ត​មាន​សារសំខាន់​ថែម​ទៀត​ដើម្បី​អោយ​មនុស្ស​អាច​រៀនសូត្រ ធ្វើ​ការងារ និងរកស៊ី​ពី​ចម្ងាយ ​។

ចំពោះ​អនាគត វា​នឹង​រឹតតែ​មាន​សារសំខាន់​ជាង​នេះ​ទៀតសម្រាប់មនុស្សលោក ​។ ដូច្នេះ ចូរ​ចាប់​យកឱកាស​នេះ​អោយ​បាន​គ្រប់​គ្នា​ពិ​សេស​កូន​អ្នកក្រ មុន​ពេល​ដែល​អ្នក​នឹង​និយាយ​ថា​ ស្តាយក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ