រាជធានីភ្នំពេញ ៖ តាមរយៈឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានស្នើដល់ហ្វីលីពីនធ្វើការវិនិយោគជាម៉ាស៊ីនកិនស្រូវទិញស្រូវស្តុកទុកនៅកម្ពុជា ។ ក្នុងជំនួបជាមួយជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព សម្ដេចតេជោបានជម្រាបជូនលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាយើងមានអង្ករនៅសល់ជាច្រើន ប្រមាណ៦លានតោនក្នុងមួយឆ្នាំ ។

សម្តេចតេជោ ក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករដែលមាននៅកម្ពុជា សម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន និងក្រៅពីនេះសម្តេចតេជោ បានមានប្រសាសន៍ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបានតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។

សម្ដេចតេជោបានបញ្ជាក់ថា៖«យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពលនៅទីឆ្ងាយៗ ពោល គឺយើងអាចធ្វើយ៉ាងណាទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក» ។ ក្នុងជំនួបនោះដែរ លោកជំទាវ Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីហ្វីលីពីនជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ ។ លោកជំទាវបានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ។ ដែលធ្វើអោយកម្ពុជា មានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះ យ៉ាងតិចបំផុត ។
លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណ និងសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ ជាងនេះលោកជំទាវបានលើកឡើងថា បេសកកម្មរបស់លោ កជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ ។ លោកជំទាវបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកជំទាវនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ ។ លោកជំទាវនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ ។
លោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោផងដែរថា នៅពេលខាងមុខលោកជំទាវបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើយ៉ាងណាចាប់ផ្ដើមដំណើរការទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរអរគុណ និងអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងក៏បានថ្លែងអំណរគុណចំពោះការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេច ។
សម្ដេចតេជោក៏បានយល់ស្របជាមួយលោកនឹងជំទាវ និងបានសំដែងនូវការរីករាយចំពោះទំនាក់ទំនងកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនធំធាត់ជាលំដាប់រហូតដល់ពេលនេះ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ៕
ចែករំលែកព័តមាននេះ