ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ត្រូវ​ប្រើ​រថយន្ត​ជា​របស់​រដ្ឋ​ឲ្យ​ចំ​គោលដៅ​មិន​ត្រូវ​ប្រើ​ដើម្បី​ប្រយោជន៍​បុគ្គល​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ថា ត្រូវ​ប្រើប្រាស់​រថយន្ត​ដោយ​ចំ​គោលដៅ​មិន​ត្រូវ​ប្រើ ដើម្បី​ប្រយោជន៍​បុគ្គល​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ថា ត្រូវ​ប្រើប្រាស់​រថយន្ត​ដោយ​ចំ​គោលដៅ​មិន​ត្រូវ​ប្រើ ដើម្បី​ប្រយោជន៍​បុគ្គល​នោះ​ទេ ។

ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង ខណៈ​សម្ដេច​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រគល់​រថយន្ត ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រំលឹក​ថា កន្លង​មក​ក្រសួងមហាផ្ទៃ​បាន​ផ្ដល់​ជូន​រថយន្ត​ចំនួន​៣ លើក​រួច​មក​ហើយ​ដល់​បណ្ដា​ស្នងការដ្ឋាន​អធិការដ្ឋាន និង​វរៈ​ការពារ​ព្រំដែន ដោយ​បាន​ប្រើប្រាស់​ថវិកា​សន្សំ​ពី​ចំណែក​មួយ​នៃ​ថវិកាជាតិ ដែល​រាជរដ្ឋាភិបាល​បាន ផ្ដល់​មក​ក្រសួងមហាផ្ទៃ ។

សម្ដេច​បន្ត​ថា កន្លង​មក​ថវិកា​សន្សំ​នេះ ក្រសួង​បាន​ប្រើប្រាស់​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នគរបាល រហូត​មក​ដល់​ពេល​នេះ ធ្វើ​ឱ្យ​សាលា​នគរបាល​គ្រប់​ភូមិភាគ​នៅ​កម្ពុជា កាន់តែ​មាន​សមត្ថភាព និង​គុណភាព​ក្នុង​ការ​បណ្ដុះបណ្ដាល​នគរបាល​រហូត​ឈាន​ទៅ​កាត់​បន្ថយ​ការ​បញ្ជូន​នគរបាល​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ នៅ​ខ្វះ​រថយន្ត​ជាង​៨០​គ្រឿង​ទៀត ដែល​ត្រូវ​ផ្ដល់​ជូន​គ្រប់​អធិការដ្ឋាន​នគរបាល និង​វរៈ​ការពារ​ព្រំដែន ប៉ុន្តែ​សម្ដេច​បាន​ប្រកាស​ថា ក្រសួង មហាផ្ទៃ បាន​បញ្ជា​ទិញ​រថយន្ត​ថ្មី​បន្ថែម​ទៀត ដើម្បី​បង្គ្រប់​ចំនួន​នៅ​សេសសល់ នោះ​ហើយដោយ​រថយន្ត​នឹង​អាច​មក​ដល់​នា​មុន​បំណាច់​ឆមាស​ទី​២ ឆ្នាំ​២០២១​នេះ ។ សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ៖«​រថយន្ត​ទាំងនេះ គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​ចុះបញ្ជី​សារពើ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​សម្រាប់​ការ​លើក​គម្រោង​ប្រេងឥន្ធនៈ​ផង និង​ការ​ជួសជុល​ថែទាំ​ផង ។ ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង​ប្រើប្រាស់​រថយន្ត​ទាំងនេះ​ឱ្យ​ចំ​គោលដៅ ចៀសវាង​បំរើ​ឱ្យ​ផលប្រយោជន៍​បុគ្គល ឬ​បែរជា​យក​ទៅ​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​» ។

សម្ដេច​ក្រឡា ហោម ក៏​បាន​ឆ្លៀត​លើក​ឡើង​ពី​ករណី​អធិការ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​មានបទពិសោធន៍​មិនល្អ​ប្រៀប​បានជា​កញ្ចក់​សម្រាប់​ថ្នាក់ដឹកនាំ​នគរបាល​ផ្សេង​ទៀត ដើម្បី​បញ្ចៀស​កំហុសឆ្គង​ក្នុង​វិជ្ជាជីវៈ​ជា​ហេតុ​នាំ​ឱ្យ​ទទួល​ការ​ពិន័យ ឬ​ទណ្ឌកម្ម​ដក​សក្ដិ និង​បណ្ដេញចេញ ។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ ក្រសួង​ក៏​កំពុង​ខិតខំ​ពង្រឹងកម្លាំង​អធិការដ្ឋាន​នគរបាល និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ឱ្យ​មាន​ភាពរឹងមាំ និង​គុណភាព រួម​ទាំង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​បំពាក់​បរិក្ខា ការ​ដាក់​វិន័យ និង​លើកទឹកចិត្ត ត្បិត​ពួក​គាត់ គឺជា​អ្នក​ក្ដាប់​សភាពការណ៍​សន្តិសុខ និង​នៅ​កៀក​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​អ្នកបំរើ​សេវា​សាធារណៈ​មួយ​របស់​រដ្ឋ ។

សម្ដេច​បាន​បន្ថែម​ថា នៅ​តាម​មូលដ្ឋាន​មាន​តួអង្គ​៤ ដែល​ថ្នាក់ដឹកនាំ​ក្នុង​នោះ​ក៏​មាន​ក្រុមការងារ​រាជរដ្ឋាភិបាល ត្រូវ​គិតគូ​ពី​ការ​លើកទឹកចិត្ត និង​ពង្រឹង​កិច្ចការ​បំរើសេវា​សាធារណ​រួម​មានៈ ១-​មេឃុំ​ចៅសង្កាត់​, ២-​ស្មៀនឃុំ​សង្កាត់​, ៣-​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កាត់ និង​៤-​មេ​ភូមិ ដោយ​គួរ​ផ្ដោត​លើ​ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​ទើបបាន​កែសម្រួល ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ឱ្យ​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន ត្រៀម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ និង​សហការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ឱ្យ​បាន​ល្អ​ប្រសើរ ។

បើ​តាម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ និង​ហិរញ្ញវត្ថុ បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ថា រថយន្ត​ដែល​បាន​ផ្ដល់​ជូន​នា​ឱកាស​នេះ គឺជា​ប្រភេទ​រថយន្ត​Ford មាន​ចំនួន​៥០​គ្រឿង ដោយ​បែងចែក​ជូន​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក​ដាច់​ស្រ​យ៉ា​ល​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១៩​។

ឯកឧត្តម​បន្ត​ថា​ក្នុង​នោះ ស្នងការ​នគរបាល​ខេត្តព្រៃវែង​ទទួល​បាន​៥​គ្រឿង​, បាត់ដំបង​៥​គ្រឿង​, បន្ទាយ​មាន​ជ័យ​២​គ្រឿង​, ស្ទឹង​ត្រែង​២​គ្រឿង​, ពោធិ៍សាត់​២​គ្រឿង​, ព្រះ​វិហារ​៣​គ្រឿង​, កណ្ដាល​៤​គ្រឿង​, កំពង់ស្ពឺ​៣​គ្រឿង​, កំពង់ឆ្នាំង​២​គ្រឿង​, កំពង់ចាម​២​គ្រឿង​, ត្បូងឃ្មុំ​១​គ្រឿង​, ក្រចេះ​៤​គ្រឿង​, តាកែវ​២​គ្រឿង​, កំពត​២​គ្រឿង​, ព្រះ​សីហ​នុ​២​គ្រឿង​, កោះកុង​៣​គ្រឿង​, កំពង់ធំ​២​គ្រឿង​, សៀមរាប​២​គ្រឿង​, រតនគិរី​២​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ