ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធាព្រំដែនខេត្តប៉ៃលិន បានទម្លាយឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៧ កុម្ភៈ នេះថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តប៉ៃលិន ទំនងបានដោះលែងក្រៅផ្លូវច្បាប់នូវជនរត់ពន្ធបារីឆ្លងដែនចំនួន០២នាក់ ដែលកម្លាំងយោធាព្រំដែនបានប្រគល់ជូន ដើម្បីចាត់ការតាមនីតិវិធី ក្រោយចាប់ខ្លួនបាន កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍មុន រួមទាំងវត្ថុតាងបារីម៉ាក«LM»ចំនួន១០ប៊ិចផង។

ប្រភពដដែលបានឲ្យដឹងថា ជនរត់ពន្ធបារីឆ្លងដែនខុសច្បាប់នោះ មានចំនួន០២នាក់ ហើយត្រូវកម្លាំងយោធាព្រំដែនស្ទាក់ចាប់បាន កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ កុម្ភៈ នៅចំណុច «ច្រកចំការខ្ទឹម» ដែលជាច្រករបៀងដ៏មមារញឹកមួយកន្លែង នៅព្រំដែនខ្មែរ-ថៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរត់ពន្ធបារីឆ្លងដែនទាំង០២នាក់ ដែលកម្លាំងយោធាចាប់នោះ ម្នាក់ឈ្មោះ ហាប់ អូន ប្រុស អាយុ៣៥ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹកកាច់ និង ម្នាក់ទៀតឈ្មោះ ហៀ សុផល ប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

មន្ត្រីយោធាបានបញ្ជាក់ថា ជនទាំង០២នាក់នេះ ត្រូវកម្លាំងយោធាប្រចាំការតាមបន្ទាត់ព្រំដែន នៅគោលដៅនោះស្ទាក់ចាប់បានពេលពួកគេកំពុងព្យាយាមដឹកជញ្ជូនបារី តាមរយៈរទេះអូសឆ្លងអូរព្រំដែនបំរុងចេញទៅប្រទេសថៃ។ ហើយជាមួយនឹងការចាប់ខ្លួនជនទាំង០២នាក់ យោធារឹបអូសបានបារីម៉ាក«LM» ដែលមានកញ្ចប់ពណ៏ក្រហម និង ពណ៏បៃតង សរុបចំនួន១០ប៊ិច។ ក្រោយបង្ក្រាបបាន កម្លាំងយោធាក៏បានរាយការណ៏ជូនមេបញ្ជាការរបស់ខ្លួន ហើយលោកមេបញ្ជាការក៏បានបញ្ជាឲ្យធ្វើកំណត់ហេតុ ប្រគល់ទាំងមនុស្ស ទាំងបារី(វត្ថុតាង)ជូនទីខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តប៉ៃលិនភ្លាមៗដែរ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយនឹងការឃាត់ខ្លួននេះផងដែរ ជនសង្ស័យពីបទរត់ពន្ធបារីខុសច្បាប់ បានផ្ដល់ចម្លើយបឋមប្រាប់ខាងយោធា ហើយត្រូវបានគេស្រង់សំដីថា ពួកខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នូលដឹកជញ្ជូនបារីឆ្លងដែនឲ្យគេ ដើម្បីបានកំរ៉ៃឈ្មូលតែប៉ុណ្ណោះ។ ជនទាំង០២នាក់ បានប្រាប់ត្រង់ៗថា ថៅកែបារីគ្មានច្បាប់នេះឈ្មោះ រ៉ន ជាមន្ត្រីយោធានៅអង្គភាពកងពល៥០៤។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីយោធាដែលដឹងរឿងនេះច្បាស់ បានទម្លាយឲ្យដឹងថា ក្រោយពីកម្លាំងយោធាប្រគល់ជនសង្ស័យទាំង០២នាក់ខាងលើនេះ ទៅឲ្យកម្លាំងគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តប៉ៃលិន ស្រាប់តែក្រោយមកមានការផ្ដល់ព័ត៏មានថា ខាងស្នងការខេត្ត បានឃុំឃិតគ្នាដោះលេងជនរត់ពន្ធបារីឆ្លងដែនទាំង០២នាក់នោះហើយ សូម្បីតែបារីចំនួន១០ប៊ិចនោះ ក៏បានប្រគល់ឲ្យលោកថៅកែបារីវិញដែរ។

គេសង្ស័យលោកស្នងការខេត្តនេះ ទំនងបានផ្អែមមាត់ខ្លះហើយ ទើបព្រមដោះលេងជនសង្ស័យនិងវត្ថុតាងបែបនេះ។ ជាមួយនឹងការចោទប្រកាន់នេះ ស្នងការរងខេត្តប៉ៃលិន ទទូលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ម៉ែ រិទ្ធី បានបំភ្លឺប្រាប់កោះសន្តិភាពយ៉ាងរដិបរដុប តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ នេះថា លោកពិតជាបានទទូលចាត់ការបន្ត នូវជនរត់ពន្ធបារីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនផងពីមន្ត្រីយោធាព្រំដែនមែន។ ប៉ុន្តែក្រោយមកលោកបានដោះលែងវិញ ថែមទាំងបានប្រគល់វត្ថុតាង(បារី)ទាំងអស់ឲ្យម្ចាស់វិញទៀតផង។ លោក ម៉ែ រិទ្ធី បានបញ្ជាក់ថា ដោយយល់ឃើញថា វាជាបទល្មើសតូចតាច ទើបលោកស្នងការខេត្ត ដាក់គោលការណ៏ឲ្យធ្វើការអប់រំពួកគេ រួចដោះលេងវិញទៅ ដោយមិនបានដកហូតវត្ថុតាងទុកបានមួយកញ្ចប់អីទេ។

នៅពេលសួរថា ខ្ញុំទទួលបានព័ត៏មានថា ថៅកែបារីដ៏ច្រើនសន្ធឹកសន្ធាប់នោះ គឺជាមន្ត្រីយោធានៅអង្គភាពកងពលលេខ៥០៤ តើពិតមែនទេ ? លោក ម៉ែ រិទ្ធី ហាក់មិនបានឆ្លើយតម្រង់ទៅនឹងសំនួរទេ។ លោកបែរជាឆ្លើយពង្វៀងយ៉ាងដូច្នេះថា «បារីតិចទូចទេ ហើយយើងបានធ្វើការអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយមានការឆ្លងយោបល់ថ្នាក់លើត្រឹមត្រូវ»។
បើតាមប្រភពព័ត៏មាន បានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលជនសង្ស័យទាំង០២នាក់ បានដឹកជញ្ជូនបារីរត់ពន្ធឆ្លងដែនពីប្រទេសកម្ពុជា ចេញទៅប្រទេសថៃ គឺច្រើនលើកហើយ ដែលមានថៅកែជាមន្ត្រីយោធាឈ្មោះ រ៉ន។ បារីទាំងនោះគ្មានច្បាប់អនុញ្ញាតទេ ដែលឈ្មួញនាំចូលមកពីប្រទេសខាងកើត ហើយនាំឆ្លងដែនបន្តទៅកាន់ប្រទេសខាងលិច។ ប៉ុន្តែយ៉ាងណា នេះការរត់ពន្ធបារី ឆ្លងដែនខុសច្បាប់ មិនគួរកម្លាំងយោធាចាប់បានហើយ ប្រគល់ឲ្យខាងនគរបាលស្នងការខេត្ត បែរជាគេដោះលេងវិញស្រូលៗបែបនេះទេ៕




ចែករំលែកព័តមាននេះ