ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនបានតិចតែ នីម មិន​ចូល​ចិត្ត​ធ្វើ​ការឱ្យគេ សុខចិត្តលក់ចេក​អំាង !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខុសពីមនុស្សជាច្រើនដែលចូលទីក្រុងដើម្បីធ្វើឲ្យការឲ្យគេ ពីរនាក់ប្តីប្រពន្ធដែល​គម្រោងលុយ នៃសារព័ត៌មានកោះសន្តិសភាព លើកយកមកបង្ហាញនេះ គាត់មាន​គំនិតមិនធ្វើការឲ្យគេនោះទេ ទោះបីជារបរដែលគាត់រកមាន​ចំណូល​តិចតូចយ៉ាង​ណាក្តី ។ មែនទែនទៅទស្សនៈអ្នករកស៊ី…

រាជធានីភ្នំពេញ ៖ ខុសពីមនុស្សជាច្រើនដែលចូលទីក្រុងដើម្បីធ្វើឲ្យការឲ្យគេ ពីរនាក់ប្តីប្រពន្ធដែល​គម្រោងលុយ នៃសារព័ត៌មានកោះសន្តិសភាព លើកយកមកបង្ហាញនេះ គាត់មាន​គំនិតមិនធ្វើការឲ្យគេនោះទេ ទោះបីជារបរដែលគាត់រកមាន​ចំណូល​តិចតូចយ៉ាង​ណាក្តី ។ មែនទែនទៅទស្សនៈអ្នករកស៊ី ដែលចង់បានឯករាជ្យហិរញ្ញវត្ថុគឺ គេបាន​លើកទឹកចិត្តឲ្យមនុស្សមានអាជីវកម្មខ្លួនឯងនេះឯង ​។

លោកអ្នកជាច្រើន ប្រាកដជាធ្លាក់ទទួលទានហើយដំឡូងអំាង ចេកអំាង ដែលគេ​លក់តាមរទេះរុញ ស្រួលមិនស្រួលអស់លោកធ្លាប់ទទួលទានចេកអំាង ដំឡូងអំាង​របស់លោក នីម ផង ។ លោក នីម និងភរិយា បានប្រកបរបរនេះប្រមាណ​ជា ៤ឆ្នាំមក​ហើយនៅក្នុងរាជធានីភ្នំពេញនេះ ។

«មិនដឹងរករបរអ្វីព្រោះខ្លួនមិនរៀនបានខ្ពង់ខ្ពស់ដូចគេ មានតែដើរលក់នំដំឡូងអាំង ចេកអាំង រុញដើរលក់រទេះនេះទៅ ។ ជាគំនិតខ្ញុំមិនចង់ធ្វើការនោះទេ លក់ខ្លួនឯង​នេះស្រួល ចង់បានលុយច្រើនលក់ច្រើនម៉ោង ដើរលក់ឲ្យបានច្រើនកន្លែង​ទៅលុយ​ចូលហើយ។ ការលក់ដូរសំខាន់គ្មានអ្នកស្តីបន្ទោសឲ្យយើងដូចធ្វើការឲ្យគេ» នី​ម ​​អំាង​ចេកបណ្តើរនិយាយបណ្តើរ ។

បុរសដែលមានអាយុប្រមាណ ៤០ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្តព្រៃវែង ជារៀងរាល់​ថ្ងៃគាត់អាចរកចំណូលជាប្រាក់ចំណេញសុទ្ធប្រមាណ ៧ម៉ឺនរៀលពីរបរតាមផ្លូវនេះ ។ ប៉ុន្តែលោកត្អូញថា នៅពេលមានជំងឺកូវីដ ១៩ នេះ ការលក់ដូរបានធ្លាក់ចុះគួរសមដែល ដោយថ្ងៃខ្លះលោកអាចរកចំណូលបានតែ ៤ម៉ឺនរៀលប៉ុណ្ណោះ ។

 ដៃកំពុងតែអាំងនំបណ្តើរ និងចាប់នំចេកអាំងលក់ឲ្យអ្នកទិញនៅផ្លូវមួយកន្លែង ក្បែរការដ្ឋានសំណង់មួយ ទោះបីអាកាសធាតុក្តៅបន្តិចតែ នីម ហាក់រីករាយជាមួយ​ការលក់ដូរ ។  យូរម្តងគាត់យកដៃស្តាំជូតញើសនៅលើមុខទំនងគាត់ទទួលកម្តៅ​ព្រះអាទិត្យផង និងកម្តៅពីចង្រ្កានដុតធ្យូងដែលគាត់អំាងដំឡូង និងចេកផង ។

ក្នុងមួយថ្ងៃៗ ដើម្បីទទួលបានប្រាក់ចំណេញ ៨ម៉ឺនរៀល លោកបានចំណាយថវិកា​ប្រមាណ ២០ម៉ឺនរៀល ទៅទិញអង្ករ ទិញចេក និងម្សៅដំឡូង ដើម្បីមកធ្វើនំលក់ ។ អូរ ! ភ្លេចជម្រាបនៅក្នុងនោះគាត់ត្រូវចំណាយថវិកាទិញដូងផងដែរ ។ ទំាងចេកអំាង ទំាងដំឡូងអំាង រួមនឹងអន្សមអំាងផង គឺឆ្ងុយឆ្ងាញដោយសារដូងនេះឯង ។

 ពាក់អាវយឹតដៃវែងបង្កង់ ស្លៀកខោខ្លីក្រោមជង្គង់ ឆ្លៀតត្អូញប្រាក់យើងថា «ឥឡូវនេះ​លក់​មិនបានចំណេញទេ ដោយសាររបស់របរ មានចេក ស្លឹក ដូង អង្ករ ឡើងថ្លៃទំាង​អស់ តែបើនំខ្ញុំឡើង​ថ្លៃវិញ អ្នកទទួលទានប្រាកដជាមិនទិញទេ ។ ដូច្នេះខំលក់ថោក​បន្តិចចុះ ហើយខំរុញដើរលក់ឲ្យបានច្រើនវិញ» ។

ស្តាប់ការរៀបរាប់របស់លោក នីម ហាក់មិនខុសពីទ្រឹស្តីអ្នកជំនូញធំៗ ដែលយើងធ្លាប់ឭ​នោះទេ ។ យើងធ្លាប់ឮធុរជនល្បីៗខ្លះនិយាយថា «លក់ថោកតែលក់ឲ្យបានច្រើន» ជាយុទ្ធសាស្រ្តរបស់អ្នកលក់ ។ សួរ នីម ថា គាត់ចេះគាត់រៀនទ្រឹស្តីនេះពីណា គាត់ឆ្លើយ​ថា គ្មានរៀនពីណាទេ គាត់យល់ខ្លួនឯង យល់ឃើញដូច្នេះថា «បើលក់ថ្លៃគេមិនទិញ តែបើលក់ថោក ហើយលក់ដាច់ច្រើនក៏ល្អ» ។

អ្នកទិញឥឡូវគេតថ្លៃ គេចង់បានតែថោកៗ នំដំឡូងអាំង ចេកអាំង និងនំចេកអាំង មានតម្លៃដូចគ្នាគឺមួយ ១ពាន់រៀល ។ នៅពេលអាកាសធាតុត្រជាក់ៗ គេដើរតាមផ្លូវច្រើន ខ្ញុំលក់ដាច់ ប៉ុន្តែបើអាកាសធាតុក្តៅ ហើយស្ទះចរាចរទៀតនោះលក់មិនសូវដាច់ទេ អ្នកលក់ចេកអំាង ឲ្យដឹងបន្ថែម ។

លោក នីម មានកូនប្រុស ២នាក់នៅក្នុងបន្ទុក ។ កូនរបស់លោករស់នៅជាមួយម្តាយ​មីងរបស់លោក នៅឯស្រុកកំណើត ។ លោកពិបាកយកពួកគេមករស់នៅជាមួយ​ដោយ​សារខ្លួននិងភរិយារវល់លក់ដូរ ។ ទោះយ៉ាងថវិកាដែលលោករកបាន អាចបញ្ជួន​កូនទៅរៀនបនៅសាលារដ្ឋបាន ។ លោកដើរលក់ចំណែកប្រពន្ធរបស់លោក​ជាអ្នកវេចនំអន្សមអំាង និងលាយម្សៅដំឡូង ។ ក្នុងថ្ងៃៗប្រពន្ធរបស់លោកត្រូវវេចនំ​ចេកអាំងពី ១០០ទៅ ១២០ នំចេក ពី ៦០ ទៅ ៧០ ចង្កាត់ នំដំឡូងមួយចំនួនទៀត ។

ជីវិត គឺជាការតស៊ូ លោក នីម បានយល់ពីទ្រឹស្តីនេះ ហើយលោកមិនរួញរានៅ​ក្នុងការរកប្រាក់​កណ្តាលក្រុងភ្នំពេញនេះឡើយ ។ លោកពោលថា «ពិបាកគឺពិបាក​ហើយ ប៉ុន្តែយើងមិនចេះអក្សរ គ្មានដើមទុនច្រើន ដូច្នេះរបរនេះសមរម្យ ជាកម្លំាងញើសឈាមរបស់យើងយើងត្រូវតែតស៊ូ ដើម្បីកូនៗបានរៀនសូត្រ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ