ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ចេ​ន សុភាព ​៖ ​ជួយ​ខ្លួនឯង​ឱ្យ​មាន​សិន ទើប​អាច​ជួយ​គេ​បាន !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ពេទ្យ​ក្នុង​ខេត្តកំពត អ្នកស្រី ចេ​ន សុភាព បាន​ប្រលូក​ក្នុង​ការងារ​ដោយ​បាន​ចូល​ធ្វើការ​តាម​អង្គការក្រៅរដ្ឋាភិបាល​អស់​រយៈពេល​ច្រើន​ឆ្នាំ​ ។ ដូច​ការ​បញ្ជាក់​របស់​គាត់​ពី​ដើម​អ៊ីចឹង ថា​ការ​ចូល​រៀន​នៅ​សាលា​ពេទ្យ​មិនមែន​ជា​ក្តី​ស្រឡាញ់​របស់​គាត់​នោះ​ឡើយ​…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ពេទ្យ​ក្នុង​ខេត្តកំពត អ្នកស្រី ចេ​ន សុភាព បាន​ប្រលូក​ក្នុង​ការងារ​ដោយ​បាន​ចូល​ធ្វើការ​តាម​អង្គការក្រៅរដ្ឋាភិបាល​អស់​រយៈពេល​ច្រើន​ឆ្នាំ​ ។ ដូច​ការ​បញ្ជាក់​របស់​គាត់​ពី​ដើម​អ៊ីចឹង ថា​ការ​ចូល​រៀន​នៅ​សាលា​ពេទ្យ​មិនមែន​ជា​ក្តី​ស្រឡាញ់​របស់​គាត់​នោះ​ឡើយ​ ។ គាត់​រៀន​ពេទ្យ​តាម​សំណូមពរ​របស់​អ្នក​ម្តាយ​គាត់​ប៉ុណ្ណោះ ​។ ដូច្នេះ​នៅ​ពេល​រៀន​ចប់​អ្នកស្រី​មិន​បាន​ប្រកប​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​នោះ​ឡើយ ​។

«​ចាប់ពី​ឆ្នាំ ​២០០២​ មក ខ្ញុំ​ធ្វើការ​នៅ​អង្គការ​រហូត​ដល់​ឆ្នាំ ​២០១៣ ​។ ខ្ញុំ​ធ្វើ​ការងារ​នៅ​អង្គការ​ឃែ​រ កាកបាទក្រហម​បារាំង អង្គការ​សុខភាព​គ្មាន​ព្រំដែន និង​អង្គការ​ជន​ពិការ​អន្តរជាតិ​ ។ ខ្ញុំ​ធ្វើការ​ជាមួយ​ស្ថាប័ន​បម្រើសេវា​សុខភាព​ពលរដ្ឋ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​គ្រូពេទ្យចាក់​ថ្នាំ ព្យាបាល​អ្នកជំងឺ​នោះ​ទេ ​។ ខ្ញុំ​គ្មាន​ចំណូលចិត្ត​ដើម្បី​ក្លាយជា​គ្រូពេទ្យ​នោះ​ឡើយ​» ។ ស្ត្រី​ដែល​តែងតែ​ស្លៀក​ស៊ឹង​ខ្មែរ បាន​បញ្ជាក់​ដោយ​ស្មា​ម​ញញឹម​ ។

ក្រោយ​សម្រាក​ពី​ការងារ​បាន​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៤ ​។ ឆ្នាំ ​២០១៥ អ្នកស្រី ចេ​ន សុភាព​បាន​ផ្តើម​បើក​សហគ្រាស​កី​តម្បាញ​ខ្មែរ ​KTK​ ឡើង​ ។ ផ្តើមរកស៊ី​ដោយសារ​អ្នកស្រី​ចង់​ស្លៀកសំពត់​ស៊ឹង ប៉ុន្តែ​​​គេ​និយាយ​ថា​ ស៊ឹឡាវ ស៊ឹង​ថៃ​ ។ គាត់​បាន​ដាក់​ជា​សំណួរ​ខ្លួនឯង​ថា​ ចុះ​ខ្មែរ​មាន​ស៊ឹង​ដែរ ហេតុ​អ្វី​បានជា​គេ​មិន​និយម​ប្រើ ? ហេតុ​អី​មានឈ្មោះ​តែ​របស់​បរទេស​បែប​នេះ ? ។​

នៅ​ពេល​មានការ​និយម​ប្រើប្រាស់​ស៊ឹង​បរទេស​បែប​នេះ សិប្បកម្ម​តម្បាញ​ខ្មែ​រក៏​ហាក់​បាត់បង់​ផង​ដែរ ​។ បើ​តាម​អ្នកស្រី ចេ​ន សុភាព​ថា គាត់​បានដឹង​ថា ស្ត្រី​អ្នក​តម្បាញ​ជា​ច្រើនបាន​បោះបង់​កី​ត្បាញ ហើយ​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ចោល​កូន ចោលផ្ទះ​ទៅ​ប្រកបការងារ​ផ្សេង​ដោយសារ​ផលិតផល​ខ្មែរ​មិន​មាន​តម្រូវការ​ ។ ក្រៅពី​ការ​ស្រឡាញ​ចូល​ចិត្ត​សម្លៀក​បំពាក់​ខ្មែរ គាត់​នៅ​មាន​កម្លាំង​ចិត្តខ្លាំង​មួ​យ​ទៀត ដែល​ជំរុញ​ឲ្យ​ធ្វើ​ជំនួញ​នោះ គឺ​គាត់​ចង់​មាន​ចង់បាន​ ។ ​និយាយ​ទាំង​សំណើច អ្នកស្រី ចេ​ន សុភាព បញ្ជាក់​ថា គាត់​បាន​ស្គាល់​ច្បាស់​រស់ជាតិ​ជា​អ្នកក្រ ​។ ក្រលំបាក​ណាស់ ដូច្នេះ​គាត់​មិន​ចង់​ក្រ​ទេ ​។

ម្ចាស់​សិប្បកម្ម​កី​តម្លា​ញ​ខ្មែរ​បាន​បញ្ជាក់​ថា «ម្តាយ​ខ្ញុំ​តែងតែ​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​រៀន​ដើម្បី​មាន​លទ្ធភាព​កសាង​ជីវភាព​កុំ​ឲ្យ​ក្រលំបាក​ដូច​គាត់​ ។ ​ដំបូន្មាន​របស់​គាត់ បូក​ជាមួយ​ទឹកចិត្ត​របស់ខ្ញុំ​ដែល​មិន​ចង់​ក្រ​ផង​នោះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​អាជីវកម្ម​ ។ ម្យ៉ាងទៀត​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​គេ ខ្ញុំ​យល់​ថា ​ជួយ​គេ​បាន​លុះត្រាតែ​យើង​មាន​ខ្លួនឯង​សិន​» ជាមួយ​ហេតុ ផល​ប៉ុន្មាន​បី​បួន​នេះ អាជីវកម្ម​តូច​មួយ​បាន​បើក​ដំណើរដោយ​គ្មាន​ឧស​ប​គ្គ​ឡើយ​ ។ «​ខ្ញុំ​និង​មិត្ត​ភ​ក្កិបាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​កោះ​ឧកញ៉ាតី ដែល​មាន​ពលរដ្ឋ​ត្បាញ​តាំងពី​ដើម​មក ​។ នៅ​ទីនោះ ខ្ញុំ​ឃើញ​ពលរដ្ឋ​ទុក​កី​តម្បាញ​ចោល មិន​ដំណើរការ​ដោយសារ​អត់​មាន​តម្រូវការ​ទីផ្សារ​ ។ ខ្ញុំ​ដើរ​មើល​តាម​ផ្ទះ សួរ​ពួក​គាត់​ថា បើ​មាន​ទីផ្សារ​ទិញ​គាត់​ត្បាញ​វិញ​ទេ ​។ ពលរដ្ឋ​វ​បាន​ឆ្លើយ​ថា​ នឹង​ត្បាញ​ឲ្យ​តែ​មាន​អ្នកទិញ​» ​។

នៅ​ពេល​ទទួល​បានការ​គាំទ្រ​បែប​នេះ អ្នក​ស្ត្រី​បាន​ផ្នែក​វិនិយោគ​លើ​របរ ដែល​អាច​រក្សា​អត្តសញ្ញាណ​ជាតិ​ផង​នោះ​ ។ ដើមទុន​ចំនួន​តែ ​៣៥០​ដុល្លារ ប៉ុណ្ណោះ​ដែល​គាត់​បាន​ទម្លាក់​ដើម្បី​ធ្វើ​ជំនួញ​មួយ​នេះ ប៉ុន្តែ​គាត់​មានការ​តាំងចិត្ត​ និង​ធ្វើ​វា​ដោយ​ការ​ស្រឡាញ់​ ។ ពី​ដំបូង​មាន​ស្ត្រី​ជា​អ្នក​តម្បាញ​តែ​ ១០​នាក់​ប៉ុណ្ណោះ សហការ​ជាមួយ​គាត់ ​។ អ្នក​តម្បាញ​មិនមែន​ជា​អ្នកធ្វើការ​ឲ្យ​អ្នកស្រី​ទេ ប៉ុន្តែ​ពួក​គាត់​ហាក់ជា​ដៃគូ​វិនិយោគ​ជាមួយ​គ្នា​ ។ អ្នកស្រី​ជា​អ្នកលក់​ផលិតផល​តម្បាញ ចំណែក​អ្នកស្រុក​ជា​អ្នក​ត្បាញ​ផ្គត់ផ្គង់​ ។ ដោយសារ​ទីផ្សារ​ចេះ​តែ​រីក​ធំ​ឡើងជា​លំដាប់ ពលរដ្ឋ​ពិសេស​ស្ត្រីបាន​គាំទ្រ​កាន់​ច្រើន​ពេល​នេះ ដៃគូ​តម្បាញ​អ្នកស្រី​បាន​រីក​ពី​ ១០​នាក់​មក​ដល់​ជាង ​៣០០​នាក់​ហើយ ​។

សហគ្រិន​វ័យ ៣៩​ឆ្នាំ​រូប​នេះ ចាត់​ទុក​ការ​ធ្វើ​អាជីវកម្ម ដូច​ជា​ការ​ចិញ្ចឹម​កូន​អុីចឹង ព្រោះ​បើ​មិន​មើលថែ​ដិត​ដល់​ទេ​នោះ វា​នឹង​ឈឺ​ច្រើន ហើយ​រយៈពេល ​៥​ ឬ​ ៦​ឆ្នាំ​មកនេះ អ្នកស្រី សុភាព តែងតែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ។ ទោះបីជា​ផលិតផល​តម្បាញ​ខ្មែរ មិនសូវ​មាន​លក់​លើ​ទីផ្សារ​ទូលំទូលាយ ដូច​ជា​ផលិតផល​បរទេស​ក៏​ពិតមែន ប៉ុន្តែ​អ្នកស្រី សុភាព យល់​ថា ការ​មិនសូវ​មាន​លក់​លើ​ទីផ្សារ​ច្រើន​នេះ មិនមែន​ដោយសារ​តែ​អតិថិជន​មិន​គាំទ្រ​នោះ​ទេ ប៉ុន្តែ​ដោយសារ​អ្នកលក់ មិន​ផ្សព្វផ្សាយ និង​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ ។ ដូចនេះ អ្នកស្រី​ជឿជាក់​ថា ការ​ធ្វើ​ទីផ្សារ​ត្រូវស្គាល់​ពី​អតិថិជន​គោលដៅ​ច្បាស់ ផលិតផល​មានគុណ​ភាព នោះ​អតិថិជន និង​បែរចិត្ត​គាំទ្រ​ស្នាដៃផលិតផល​ខ្មែរ​ ។ «​ខ្ញុំ​ដើរទៅ​រក​អតិថិជន មិនមែន​អតិថិជន មក​រក​ខ្ញុំ​ទេ​ ។ គឺ​យើង​ជា​អ្នក​រកស៊ី យើង​ទៅ​រក​ភ្ញៀវ​មុន ព្រោះ​យើង​ដឹង​ភ្ញៀវ យើង​ជា​អ្នក​ណា​គេ​ ។ អុីចឹង ខ្ញុំ​ទៅ​រក​អ្នក​ដែល​ស្គាល់​ៗ​ហ្នឹង ឱ្យ​ដឹង​ថា ខ្ញុំ​ចាប់ផ្ដើម​រកស៊ី​អាហ្នឹង​ហើយ ឱ្យ​គាត់​ចាប់ផ្ដើម​សាក​ផលិតផល​យើង នោះ​មនុស្ស នឹង​ចាប់ផ្ដើម​ស្គាល់ ​(​ផលិតផល​)»​ ។

ទោះ​ទីផ្សារ​នៅ​តូច​លក់​ផលិត​បាន​តិច​តែ​អ្នកស្រី ចេ​ន សុភាព បាន​កសាង​កេរ្តិ៍ឈ្មោះ ក្នុង​វិស័យ​ជំនួញ​ក្នុង​ជំនាញ​នេះ ​។ អ្នកស្រី​តែងតែ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​នាម​ជា​ស្ត្រី​ក្លាយជា​អ្នកជំនួញ​ទៅ​មនុស្ស​ដទៃ​ពិសេស​ស្ត្រី ។ ពី​អ្នក​តម្បាញ​ជា​ដៃគូ​ដែល​មាន​ត្រឹម​ ១០​នាក់​ពី​ដំបូង​ពេល​នេះ​សមាជិក​បាន​ពង្រីក​ដល់​ជាង ​៣០០​នាក់ ​។

«ខ្ញុំ​រីករាយ​ដែល​បាន​ជួយ​ពួក​គាត់ ឲ្យ​បើក​កី​តម្បាញ​ឡើង​វិញ​ក្រោយ​ពី​បាន​គ្រប​ទុក ​។ ពួក​គាត់​មាន​ទីផ្សារ​ទទួល​ទិញ​ផលិតផល​តម្បាញ មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៀត​ទេ ហើយ​យើង​អាច​រក្សា​បាន​នៃ​ប្រពៃណី​ការងារ​របស់​ពលរដ្ឋ​យើង​ទៀត» អ្នកស្រី ចេ​ន សុភាព បញ្ជាក់​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​នៅ​ក្នុង​ជំនួញ​របស់​គាត់ ទោះប្បី​សិប្បកម្ម​មួយ​នេះនៅ​មាន​លក្ខណៈ​តូច​ក្តី​ ។

អ្នកស្រី ចេ​ន សុភាព បាន​ផ្តាំផ្ញើ ដល់​យុវជន យុវជន​ពិសេស​យុវតី​ថា ត្រូវ​តែ​មាន​ឆ​ន្ទះ​និង​ការ​តស៊ូ ខិតខំ​សិក្សា ខំ​អភិវឌ្ឍន៍​ខ្លួន ឲ្យ​មាន​ជំនាញ​ពិតប្រាកដ ​។ មានចំណេះ​ជំនាញ​ហើយ បើ​មិន​ទាន់​មានបទពិសោធន៍​ទេ​ត្រូវ​តែ​ស្ម័គ្រ​ចេញ​ធ្វើ​ការងារ កុំ​គិត​ពី​ប្រាក់​ចំណូល​សំខាន់​រក​ចំណេះជំនាញ ​និង​បទ​ពិសោធន៍​ដាក់ខ្លួន​ ។ សម្រាប់​ជំនួញ​សំពត់ស៊ឹង អ្នកស្រី ចេ​ន សុភាព មាន​មហិច្ឆតា​នាំ​សំពត់ អាវ ធ្វើ​ពី​ស៊ឹង​ខ្មែរ​ និង​ផាមួង​ខ្មែរ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ ។​ មែន​ទែន​ទៅ​គាត់​បាន​សន្យា​ជាមួយ​ពាណិជ្ជករ​អន្តរជាតិ​ហើយ​ថា ​គាត់​នឹង​នាំ​សិប្បកម្ម​ខ្មែរ​មួយ​នេះឲ្យ​បរទេស​បាន​ប្រើប្រាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ