ខេត្តស្ទឹងត្រែង៖ ស្ទឹងត្រែង ជាខេត្តមួយ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលសម្បូទៅដោយសម្បត្តិធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ រ៉ែ ក៏ដូចប្រព័ន្ធទន្លេដ៏មានសារៈសំខាន់ បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ី ទឹកសាបមួយដ៏ចម្បង សម្រាប់មច្ឆាជាតិ និងបានផ្តល់ជាទេសភាពយ៉ាងល្អប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ខេត្តស្ទឹងត្រែង មានតំបន់រ៉ាមសារមួយកន្លែង គឺតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ដោយតំបន់នេះ ស្ថិតនៅចំងាយ ៥គីឡូម៉ែត្រ ចាប់ពីទីរួមខេត្ត លាត សន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ពីត្បូង ទៅជើង រហូតដល់ព្រំប្រទល់ប្រទេសឡាវ។ រ៉ាមសារខេត្តស្ទឹងត្រែង ជាតំបន់សំបូរ ដោយព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់ និងជាជង្រុកចំណីអាហារដ៏សម្បូបែបរបស់ពពួល ថនិកសត្វ សត្វស្លាបទឹក មច្ឆាជាតិ និងជីវចម្រុះជាច្រើនទៀត។
ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា យើងត្រូវការពារតំបន់សើមឱ្យគង់វង្ស ព្រោះវាជាតំបន់អាចធ្វើកសិកម្ម តំបន់ដីសើម ជាអាងស្តុកទឹកភ្លៀងបានច្រើនលើសលប់ រុក្ខជាតិក្នុងតំបន់ដីសើម វាជួយកាត់បន្ថយទឹកជំនន់ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារខ្យល់ព្យុះ ដោយកាត់បន្ថយខ្យល់បោកខ្លាំង វាជាប្រភពទឹកជាតំបន់ជីវចម្រុះ ជារមណីយដ្ឋាន និងជាកន្លែងទេសចរ ហើយក៏បានផ្តល់ផលិតផលជាច្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ទន្លេនៅខេត្តស្ទឹងត្រែង ដែលមានប្រភពតំបន់ខ្ពង់រាប សម្បូរទៅដោយជួរភ្នំធំៗ អន្លង់ទឹកជ្រៅ កោះខ្សាច់ជាច្រើន និងមានព្រៃលិចទឹកដុះកណ្តាលទន្លេ ដែលបង្កលក្ខណៈល្អដល់ការពងកូន និងបន្តពូជដល់ពពួកត្រី និងសត្វព្រៃជាច្រើន ប្រភេទ ក្នុងនោះ រួមមានប្រភេទថនិកសត្វ ប្រហែលចំនួន ១៨ប្រភេទ សត្វល្មូន ៤២ប្រភេទ ត្រីលើសពី ១៣០ និងប្រភេទផ្សេងៗទៀត ហើយតំបន់រ៉ាមសារ ជាជំរកដ៏សំខាន់របស់ត្រីប៉ាសេអ៊ី ដែលមិនមានវត្តមាននៅខេត្តដទៃ ជាតំបន់ដែលទាក់ចិត្តភ្ញៀវទេសចរ មកកំសាន្តសប្បាយ លំហែកាយ និងសំរាប់បោះតង់ ដេកកំសាន្ត គយគន់ទេសភាពព្រៃលិចទឹក និងសត្វស្លាបហើរទាំងវង់ៗ ក្នុងពេលរសៀល មុនថ្ងៃរាបលិច។
លោក អន ប៉ាវសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តតាមរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម នៅក្នុងខេត្តស្ទឹងត្រែង សម្រាប់រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១១- ១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិចំនួន ១០៨៣១នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣០ នាក់ បានមកលេងកំសាន្តនៅខេត្តស្ទឹងត្រែង តាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា។ មានភ្ញៀវទេសចរខ្លះ ធ្វើដំណើរទៅលេង និងបោះតង់ នៅតាមកោះតាមដងទន្លេមេគង្គ ដែលជាតំបន់ព្រៃលិចទឹក រ៉ាមសារ៕ ដោយ៖ ពុយ វឌ្ឍនា
ចែករំលែកព័តមាននេះ