ខេត្តបាត់ដំបង៖ បន្ទាប់ពីត្រូវដកតំណែង និងបណ្តេញចេញពីក្របខណ្ឌប៉ូលិសរួចមក នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអតីតអធិការស្រុកកំរៀង លោក គឹម ពន្លក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
អតីតអធិការស្រុកកំរៀង ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅចំណុចអធិការដ្ឋាននគរបាល ស្រុកកំរៀង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ និងកាលពីអំឡុងខែមករា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៨ និងមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សូមរម្លឹកថា អតីតអធិការស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានដកតំណែង និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារតែលោក បានដោះលែងមេក្លោងនាំពលករឆ្លងដែនខុសច្បាប់ ៕

ចែករំលែកព័តមាននេះ