រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស RX-៣០០ មួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តឡិចស៊ីស RX-៤០០h មួយគ្រឿង ដែលកំពុងតែបត់ត្រឡប់ក្រោយ រួចក៏បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ខ្ទេចចេញ១កង់ និងជាប់ទៅមុខលែងរួច។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ និង២០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៥៩៨ មុខផ្ទះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលកើតមានគ្រោះថ្នាក់មួយគ្រឿងនោះម៉ាកឡិចស៊ីសRX-៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៣៦៥៤ បើកបរដោយបុរសម្នាក់ និង មួយគ្រឿង ម៉ាកឡិចស៊ីស RX-៤០០h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BC-៧៥៦០ មើកបរដោយបុរសម្នាក់ មិនបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស RX-៣០០ ពណ៌ស មួយគ្រឿង បានធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន។

នៅពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស RX-៤០០h ពណ៌ស ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយបត់ត្រឡប់ក្រោយវិញ។ តាមសាក្សីបានឲ្យដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត ម៉ាកឡិចស៊ីស RX-៣០០ ក៏បានជ្រុលចង្កូតទៅឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់មួយកង់ខ្ទេតចេញ ហើយរថយន្តបុកជាប់នឹងរបាំងថ្មមួយកង់ទៀតបណ្តាលឲ្យខ្ទេចមុខ បែកកង់បាក់យ៉ាន់ទៅបុកលែងរួច។ គ្រោះថ្នាក់នេះពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ។ បន្ទាប់ពីគ្រោះថ្នាក់នគរបាលមូលដ្ឋាន ក៏បានទាក់ទង់ទៅនគរបាលចរាចរណ៍ ចុះទៅស្ទួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខូចទ្រព្យសម្បត្តិសាធារណៈ ៕ ដោយ ៖ ម៉េង ធា
ចែករំលែកព័តមាននេះ