ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កសិកម្ម​តាម​បែប​កិច្ចសន្យា​អាច​ជួយ​កសិករ​ងាយស្រួល​ទទួល​ឥណទាន​​ពង្រីក​អាជីវកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ការ​ផ្ដល់​ឥណទាន​ទៅ​ក្នុង​វិស័យ​មួយ​នេះ​នៅ​តែ​មាន​ហានិភ័យ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយសារ​តែ​កត្តា​ច្រើន​រួម​ផ្សំ ដូច​ជា​ការ​ធ្វើ​កសិកម្ម​នៅ​តែ​ពឹងផ្អែក​លើ​ធម្មជាតិ ឬ​ធ្វើស្រែ​ប្រវាស់​មេឃ ផលិតផល​កសិកម្ម​ទទួល​បាន​ហើយ​តែ​ខ្វះខាត​ទីផ្សារ ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ជាដើម ដែល​នាំ​ឱ្យ​កសិករ​ពិបាក​ក្នុង​ការ​រក​ទុន​បង្វិល​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​បាន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ការ​ផ្ដល់​ឥណទាន​ទៅ​ក្នុង​វិស័យ​មួយ​នេះ​នៅ​តែ​មាន​ហានិភ័យ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយសារ​តែ​កត្តា​ច្រើន​រួម​ផ្សំ ដូច​ជា​ការ​ធ្វើ​កសិកម្ម​នៅ​តែ​ពឹងផ្អែក​លើ​ធម្មជាតិ ឬ​ធ្វើស្រែ​ប្រវាស់​មេឃ ផលិតផល​កសិកម្ម​ទទួល​បាន​ហើយ​តែ​ខ្វះខាត​ទីផ្សារ ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ជាដើម ដែល​នាំ​ឱ្យ​កសិករ​ពិបាក​ក្នុង​ការ​រក​ទុន​បង្វិល​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​បាន ឬ​ក៏​យឺតយ៉ាវ​ក្នុង​ការ​បង្វិល​សង​ជាដើម ។

​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា លោក​ឧកញ៉ា ហង់ សុគន្ធ បាន​និយាយ​ថា ការ​ធ្វើ​កសិកម្ម​តាម​បែប​កិច្ចសន្យា​រវាង​អ្នក​ផលិត និង​អ្នកទិញ​នឹង​ធ្វើ​ឱ្យ​កសិករ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឥណទាន​ពី​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ពង្រីក​អាជីវកម្ម ។

លោក​ឧកញ៉ា​បាប​បន្ត​ថា កសិករ​ដែល​បាន​ចងក្រង​ជា​បណ្ដុំ ជា​សហគមន៍ គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល ហើយ​នៅ​ពេល​មាន​បណ្ដុំ មាន​សហគមន៍​ត្រឹមត្រូវ នោះ​អ្នកទិញ​ក៏​ហ៊ាន​ក្នុង​ការ​ធ្វើ​កិច្ចសន្យា​ដើម្បី​ទិញ​ផលិតផល​កសិកម្ម​ទាំងនោះ​ពី​កសិករ ដែល​ធ្វើ​ឱ្យ​កសិករ​អាច​ទទួល​បាន​ឥណទាន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដើម្បី​យក​ទុន​មក​ពី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​កាន់តែ​ងាយស្រួល ។ ព្រោះ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ក៏​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅ​កសិករ ដោយសារ​តែ​មាន​ក្រុមហ៊ុន​ចាំ​ទិញ​ផលិតផល​កសិកម្ម​ស្រាប់ ។

លោក​ឧកញ៉ា ហង់ សុគន្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កម្ចី​ឥណទាន​ពី​គ្រឹះស្ថាន​ធនាគារ ក៏​ដូច​ជា​មីក្រូហិរញ្ញវត្ថុ គឺ​ធ្វើ​ឱ្យ​កសិករ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​គ្រឿងចក្រ​ធំ​ៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ពង្រីក​របរ​កសិកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​មាន​កសិករ​មួយ​ចំនួន​បាន​យក​កម្ចី​មក​ប្រើប្រាស់​ខុស​ទិស​ដៅ ដូច្នេះ​ហើយ​វា​ជា​រឿង​ចាំបាច់​និង​ត្រូវ​តម្រូវ​ឲ្យ​មានការ​ពន្យល់​ទៅ​កសិករ​ឱ្យ​បាន​ច្បាស់ ថា​តើ​ត្រូវ​យក​លុយ​កម្ចី​ទាំងនោះ​មក​ប្រើប្រាស់​បែប​ណា​ដើម្បី​ឱ្យ​វា​កើនឡើង​បន្ត​ទៀត ជៀសវាង​ធ្លាក់​ក្នុង​បំណុល​ធ្ងន់​ក​ងើប​មិន​រួច ។

លោក គា បូរាណ ប្រធាន​សមាគម​មី​ក្រុ​ហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ផ្ដល់​ឥណទាន​ទៅ​លើ​វិស័យ​កសិកម្ម​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ តែ​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​តែ​ផ្ដោត​លើ​វិស័យ​នេះ​ជា​គោល​ដោយ​ឥណទាន​ភាគច្រើន​ផ្ដល់​ជូន​ទៅ​ក្នុង​វិស័យ​កសិកម្ម ជាក់ស្ដែង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹ​ម​ខេ របស់​លោក​មាន​ឥណទាន​ប្រមាណ ៦០​ភាគរយ​នៃ​ឥណទាន​សរុប គឺ​ផ្ដល់​ជូន​ក្នុង​វិស័យ​កសិកម្ម ។

​លោក​បាន​បន្ត​ថា កត្តា​ដែល​និយាយ​ថា ការ​ផ្ដល់​ឥណទាន​ទៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​កសិកម្ម​កម្ពុជា​ភាគច្រើន​ពឹង​លើ​ធម្មជាតិ បើសិនជា​រាំង ឬ​ទឹកជំនន់ វា​នឹង​ធ្វើ​ឱ្យ​កសិករ​ខាតបង់​ដំណាំ ក៏​ប៉ុន្តែ​កាលពី​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​កាលពី​ចុងឆ្នាំ ២០២០ និង​បាន​បំផ្លាញ​ដំណាំ កសិករ​ជា​ច្រើន​ក្តី មីក្រូហិរញ្ញវត្ថុ​នៅ​តែ​បន្ត​ផ្ដល់​ទុន​ដល់​កសិករ​ដើម្បី​ពង្រីក​និង​ធ្វើ​កសិកម្ម​ឡើង​វិញ ។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម​នេះ​ដែរ ខណៈ​ឆ្នាំ ២០២០ កន្លង​ទៅ​វិស័យ​កសិកម្ម​បាន​រួមចំណែក​សេដ្ឋកិច្ច​បាន​ច្រើន ជា​ពិសេស​បាន​ទប់​នូវ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​និង​ទប់​កំណើន​អត្រា​ភាព​ក្រីក្រ​មួយ​កម្រិត​ផង​ដែរ ។

កន្លង​មក​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​ជំរុញ​ឱ្យ​កសិករ​ចងក្រង​ជា​សហគមន៍​ឱ្យ​បាន​ច្រើន ដើម្បី​ងាយស្រួល​រក​ទីផ្សារ​ជូន​ផលិតផល​កសិកម្ម​ដែល​ទទួល​បាន​ទិន្នផល​រៀង​រាល់​ឆ្នាំ និង​ងាយស្រួល​រក​ដំណោះស្រាយ​ជូន​កសិករ​នៅ​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​អំពាវនាវ និង​ស្នើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ឱកាស​ការងារ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ចាប់​យក​វិស័យ​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ