ដោយកើតចេញពីគ្រួសារក្រីក្រមួយ និងឆ្លងកាត់ការលំបាកក្នុងជីវិតនោះ ខ្ញុំតែងតែមានគំនិតគាំទ្រដល់អ្នកក្រ ។ ហេតុដូច្នេះហើយបានជាខ្ញុំជ្រើសរើសនិស្សិតក្រីក្រមកជួយការ ងារផលិតអត្ថបទសុខភាព ដើម្បីបម្រើដល់ការចង់ដឹងរបស់អ្នកអាន ។
បុគ្គលិកផលិតអត្ថបទសុខភាពនៅក្នុងវេបសាយ health.com.kh ស្ទើរទាំងអស់ គឺជានិស្សិតពេទ្យ ដែលមានជីវភាពក្រីក្រ ហើយពួកគេបច្ចុប្បន្នមានអ្នកខ្លះបានក្លាយជាគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋជាច្រើន ។ ខ្ញុំមានការសប្បាយចិត្តដែលឃើញពួកគេមានការរីកចម្រើនទាំងលើចំណេះដឹង និងស្ថានភាពសេដ្ឋកិច្ច ។
ខ្ញុំចាំបានថា បុគ្គលិករបស់ខ្ញុំដែលជាកូនអ្នកមាននោះ ធ្វើការមិនបានយូរឡើយ ហើយក៏សុំឈប់ ដោយពួកគេអាចយល់ថា ពួកគេធ្វើការបានកម្រៃការងារតិចមិនដល់ ១០០ដុល្លារក្នុងមួយខែ ។ ប្រៀបធៀបនឹងប្រាក់ដែលគេចាយពេញដៃ គេក៏មិនសូវអោយតម្លៃលើការងារនេះ ។ គេភ្លេចគិតថា ការងារមិនមែនត្រូវបានកំណត់តម្លៃដោយសារចំនួនលុយនោះឡើយ ។ ការងារបង្រៀនមនុស្សអោយរឹងមាំ បង្រៀនមនុស្សអោយមានចំណេះសម្រាប់អនាគត ។ តាមពិតចំណេះដែលទទួលបានពីការងារមានតម្លៃមិនចាញ់ចំណេះដែលរៀនចេញពីសាលាឡើយ ។
ការជ្រើសរើសនិស្សិតក្រីក្រមកធ្វើបុគ្គលិកមិនត្រឹមតែជាការជួយអោយពួកគេបានថវិកាខ្លះសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃទេ វាក៏ជាការផ្តល់ឱកាសដល់ពួកគេក្នុងការស្រាវជ្រាវនិងរៀនសូត្របន្ថែមផង ដែរនៅក្នុងការងារ ។
ប៉ុន្តែទន្ទឹមពេលជាមួយគ្នានោះ ខ្ញុំគិតថា ភាគច្រើនកូនអ្នកក្រឧស្សាហ៍ជាងកូនអ្នកមាននិងអោយតម្លៃការងារច្រើនជាងកូនអ្នកមាន ដែលគេមានលុយចាយពេញដៃ ។ ជាការសង្កតរបស់ខ្ញុំ កូនអ្នកក្ រគឺធ្វើការមានផលិតភាពខ្ពស់ជាងកូនអ្នកមានតាមរយៈការអោយតម្លៃទៅលើការងារ និងលុយដែលគេទទួលបានពីការងារ ។ ប៉ុន្តែនេះមិនមានន័យថា កូនអ្នកមានទាំងអស់សុទ្ឋតែខ្ជិលច្រអូស ឬខ្វះភាពអំណត់ឡើយ ។
ចំពោះខ្ញុំ ការផ្តល់ឱកាសការងារដល់កូនអ្នកក្រ វាក៏កាន់តែធ្វើអោយលុយរបស់យើងកាន់តែមានតម្លៃ ហើយវាក៏ជាចំណែកមួយនៃការជួយពួកគេចាកចេញពីភាពក្រីក្រាផងដែរ ។ ដូច្នេះ ខ្ញុំក៏មានការសប្បាយចិត្តខ្លាំងនឹងការសម្រេចចិត្តជ្រើសរើសកូនអ្នកក្រធ្វើជាបុគ្គលិក ។
តើមិត្តអ្នកអានអាចទទូលបានអ្វីពីបទពិសោធន៍បែបនេះ ?
នៅពេលជ្រើសរើសបុគ្គលិកធ្វើការ កូនអ្នកក្រដែលមានសមត្ថភាពគួរតែមានអាទិភាពជាងកូនអ្នកមាន ។ ការជ្រើសរើសបុគ្គលិកជាកូនអ្នកក្រីក្រ នឹងជួយធ្វើអោយផលិតភាពការងារកាន់តែច្រើន ពីព្រោះពួកគេអោយតម្លៃការងារច្រើនជាងកូនអ្នកមាន ។ កូនអ្នកក្រមានភាពអំណត់ និងប្រឹងប្រឹងប្រែងធ្វើការងារជាងកូនអ្នកមាន ។
ម្យ៉ាងទៀតនោះ ការជ្រើសរើសកូនអ្នកក្រដើម្បីធ្វើការងារក៏ប្រៀបដូចជាការធ្វើបុណ្យដ៏ ប្រពៃមួយដោយយើងអាចចូលរួមនៅក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសង្គមផងដែរ ។ នៅពេលដែលកូនអ្នកក្រត្រូវបានផ្តល់ឱកាសនោះ ពួកគេនឹងមានការរីកចម្រើនទាំងផ្នែកចំណេះដឹងនិងសេដ្ឋកិច្ច ។ ដូចដែលខ្ញូំបាន និយាយនៅក្នុងភាគមុនកូនអ្នកក្រមានតែខួរក្បាល និងកម្លាំងប៉ុណ្ណោះដើម្បីធ្វើជាដើមទុនជីវិត ។ ពួកគេមិនមានដើមទុនជាលុយកាក់ដូចកូនអ្នកមានឡើយ ។ ដូច្នេះ បើសិនជាពួកគេមិនមានឱកាសរៀនសូត្រអោយមានចំណេះដឹងទេនោះ ពួកគេនឹងមិនអាចរំដោះខ្លួនចេញពីភាពក្រីក្របានឡើយ ។
ខ្ញុំនៅចាំបានថា លោក អូបាម៉ា អតីតៈប្រធានាធិបតីអាមេរិកធ្លាប់និយាយថា «កម្មវិធីប្រឆាំងភាពក្រីក្រដែលល្អបំផុត គឺការផ្តល់ការអប់រំលំដាប់ពិភពលោក» ៕
ចែករំលែកព័តមាននេះ