ប្រទេសតួកគី-អាមេរិក ៖ ប្រធានាធិបតីតួកគី លោករីស៊ីបតៃយ៉ីបអ័រដូហ្គាន កាលពីថ្ងៃទី១៥ កុម្ភៈបានចោទប្រកាន់សហរដ្ឋអាមេរិកថា ជួយទ្រទ្រង់ដល់ពួកភេរវករឃើត ដែលនោះជាការផ្ទុះភាពតានតឹងខ្លាំងបំផុតថ្មី រវាងតួកគីនិងសហរដ្ឋអាមេរិក។
ការចោទប្រកាន់នោះ កើតមានក្រោយការបាត់បង់ជីវិតកាលពីថ្ងៃទី១៤ កុម្ភៈ ក្នុងប្រទេសអ៊ីរ៉ាក់ ជនជាតិតួកគី១៣នាក់ ដែលតួកគីចោទថា ជាស្នាដៃរបស់ពួកឧទ្ទាមឃើតនៃក្រុមPKK។ ដោយសារការមិនសប្បាយចិត្តចំពោះប្រតិកម្មរបស់ក្រុងវ៉ាស៊ិនតោន លើការបាត់បង់ជីវិតជនជាតិតួកគីទាំងនោះ អាជ្ញាធរតួកគីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំក្រុងអង់ការ៉ាឲ្យមកកាន់ក្រសួងការបរទេស ដើម្បីសម្ដែងពីការតវ៉ាតាមបែបការទូត។
ក្រោយពីកងយោធាតួកគី រកឃើញសាកសពមនុស្ស១៣នាក់ ក្នុងរូងភ្នំមួយនៃតំបន់ហ្គារ៉ានាភាគខាងជើងអ៊ីរ៉ាក់ តួកគីកាលពីថ្ងៃទី១៤កុម្ភៈ បានចោទប្រកាន់គណបក្សពលករឃើតឌីស្ថាន PKKថា ជាអ្នកផ្តាច់ជីវិតពួកគេ។ ក្រុម PKK បានទទួលស្គាល់ពីការបាត់បង់ជីវិតរបស់អ្នកទោសមួយក្រុម ដែលភាគច្រើនជាសមាជិកកងកម្លាំងសន្តិសុខ ដែលពួកគេឃុំឃាំងនៅភាគខាងជើងអ៊ីរ៉ាក់ ចាប់តាំងពីច្រើនឆ្នាំមកហើយ តែបដិសេធការបកស្រាយរបស់តួកគី ដោយអះអាងថាពួកគេត្រូវបាត់បង់ជីវិតដោយសារការវាយប្រហារតាមអាកាសរបស់តួកគី។
ក្រសួងការបរទេសអាមេរិកាលពីថ្ងៃទី១៤ កុម្ភៈ បាននិយាយពីការបាត់បង់ជីវិតមនុស្សទាំងនេះ ដោយថា ប្រសិនបើព័ត៌មានពីការផ្តាច់ជីវិតជនស៊ីវិលតួកគីទាំងនោះ ដែលស្ថិតក្នុងដៃពួកឧទ្ទាមPKK ដោយត្រូវបានអះអាង នោះយើងថ្កោលទោសអំពើទាំងនេះដោយពាក្យខ្លាំងៗបំផុត។ តែភ្លាមៗបណ្ដាសារព័ត៌មានស្និទ្ធរដ្ឋាភិបាលតួកគី បានបរិហារពាក្យលើកឡើងបែបនោះរបស់ក្រសួងការបរទេសអាមេរិក។
ទោះបីយ៉ាងណា កាលពីថ្ងៃទិ១៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីថ្លែងថា ក្រុងវ៉ាស៊ិនតោន ទម្លាក់ការទទួលខុសត្រូវ លើពួកយុទ្ធជន PKK ថា ជាអ្នកផ្តាច់ជីវិតជនជាតិតួកគី ទាំង១៣នាក់នោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ