ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមកន្លះខែ CDC រកការងារឲ្យ​ពលរដ្ឋបានជាង ៨ពាន់កន្លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយនឹងការអះអាងថានៅដើមឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមាន​លក្ខណៈ​ល្អប្រសើរជាងឆ្នាំ២០២០នោះ តាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ឃើញថា ត្រឹមពាក់កណ្តាលខែកុម្ភៈនេះ មានគម្រោងវិនិយោគ​ចំនួន​១២​ដែលអង្គភាពនេះ បានអនុម័តដោយមានទុនវិនិយោគច្រើនលានដុល្លារ។…

រាជធានីភ្នំពេញ ៖ ជាមួយនឹងការអះអាងថានៅដើមឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមាន​លក្ខណៈ​ល្អប្រសើរជាងឆ្នាំ២០២០នោះ តាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ឃើញថា ត្រឹមពាក់កណ្តាលខែកុម្ភៈនេះ មានគម្រោងវិនិយោគ​ចំនួន​១២​ដែលអង្គភាពនេះ បានអនុម័តដោយមានទុនវិនិយោគច្រើនលានដុល្លារ។ តាម​រយៈ១២គម្រោងនេះ បានផ្តល់ការងារដល់ពលរដ្ឋប្រមាណ​ជាជាង៨ពាន់​កន្លែងឯណោះ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញត្តិ​ពាក់ព័ន្ធនឹងការ​វិនិយោគសំដៅបង្កើនការទាក់ទាញវិនិយោគ​សម្រាប់ជាមូលដ្ឋានដល់​វិនិយោគិន ធុរជនសម្រេចចិត្តបោះទុន និងធ្វើការវិនិយោគនិងធ្វើធុរកិច្​ចនៅកម្ពុជា។ ឆ្នាំ២០២០ ដែលកូវីដ១៩វាយលុកសេដ្ឋកិច្ចពិភពលោក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ច​ពិសេស​កម្ពុជា​បានអនុម័តគម្រោងវិនិយោគចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគ​សរុបប្រមាណ៨,២ពាន់លានដុល្លារ។លទ្ធផលនេះបាន ថយចុះប្រមាណ១២% ធៀប​ឆ្នាំ២០១៩។

ដោយឡែកក្នុងមួយខែឆ្នាំ២០២១នេះ គឺពេញមួយខែមករាកន្លងមកនេះ អង្គភាពរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ទទួលបានគម្រោងវិនិយោគចំនួន២០ មានទុនវិនិយោគ​ប្រមាណ៦២១លានដុល្លារ​មានកើងឡើងពីឆ្នាំ២០២០។ចំណែកនៅខែកុម្ភៈនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងបង្កើតរោងចក្រផ្គុំតម្លើង​ទោចក្រយាន​យន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលអាចបង្កើត​ការងារបាន​ចំនួន ៣៨០កន្លែង។ រោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់​ប្រភេទ អាចបង្កើតការងារបានចំនួន ៨២០កន្លែង។ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ អាចបង្កើតការងារបានចំនួន ៧៦៤កន្លែង រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគ​ស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង ជាដើម។

ទោះយ៉ាងណាក្តីគេមើលឃើញថាកម្លំាងពលកម្មនៅកម្ពុជានៅមិនទាន់ទទួលបានការងារពីទីផ្សារការងារនៅក្នុងស្រុកគ្រប់គ្រាន់នោះទេ ដែលបណ្តាលឲ្យពលរដ្ឋខ្មែរនៅតែ​បន្តចាកចេញពីប្រទេសទៅរកការងារធ្វើនៅប្រទេសជិតខាង មានប្រទេសថៃជាដើម។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺ​ជាកន្លែងដែលស្វែងរកការងារដល់ពលរដ្ឋខ្មែរយ៉ាងសំខាន់មួយ។ អង្គភាពរដ្ឋនេះ តែងតែ សហការជាមួយក្រុមហ៊ុនធំៗ ផ្តល់នូវឱកាសការងារដល់ពលរដ្ឋភ្លាមៗ​នៅកន្លែង។ ជាក់ស្តែងនៅពេលនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ បានសហការជា​មួយ​ក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជិត ៤០០កន្លែងជូនដល់សិស្ស\និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ”។ គេអាចទទួលព័ត៌មានបន្ថែម ដោយទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ