ខេត្តស្ទឹងត្រែង៖ រយៈពេល ៤ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន ចាប់ពីថ្ងៃទី១១កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ជាង ១ម៉ឺននាក់ ចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្ត។
ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ដែលបានចូលមកកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន មានចំនួន ១៨៥៩នាក់។
ប្រធានមន្ទីររូបនេះ បានបន្ថែមទៀតថា រមណីយដ្ឋាន នៅទូទាំងខេត្ត បានបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ភាគច្រើន ភ្ញៀវបានមកលេងនៅតាមរមណីយដ្ឋានជួរដងទន្លេសេកុង និងមេគង្គ ក្នុងនោះ មានរមណីយដ្ឋានជំនោរសេកុង ជួរចាប ជំនោរសេសាន សម្រស់បុប្ផាភ្លុក កោះខ្សាច់សេកុង ចំការក្រូច បក្សីមេគង្គ ព្រះរំកិល អូរស្វាយ និងសហគមន៍ទេសចរណ៍ អូរឬស្សីកណ្តាល ផងដែរ។ លោ
កបានបញ្ជាក់ទៀតថា ក្នុងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត គឺមានភ្ញៀវជាតិចំនួន ១៨៣១នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៣០នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ទៀតថា ចំពោះតម្លៃសេវាកម្មចំណីអាហារ នៅតាមតំបន់រមណីយដ្ឋាននានា គឺស្ថិតក្នុងតម្លៃថេរ។ ដោយ តាមភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ មានការកើនឡើងតម្លៃខ្លះៗ ដោយសារការស្នាក់នៅក្នុងបន្ទប់ ជាលក្ខណៈគ្រួសារ និងមានចំនួនច្រើនលើសពីធម្មតា។ តែទោះជាយ៉ាងណា ក៏មន្ត្រីជំនាញទេសចរណ៍ខេត្ត ចុះណែនាំពន្យល់ដល់អ្នកគ្រប់គ្រងនៅទីនោះ មិនឲ្យឡើងថ្លៃទៀតឡើយ។ ចំពោះកត្តាសន្តិសុខនោះវិញ គឺមានការធានាបានល្អពីអ្នកគ្រប់គ្រងនៅតាមបណ្តារមណីយដ្ឋាននីមួយៗ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់៕ ដោយ៖ រ៉ូ សាលី
ចែករំលែកព័តមាននេះ