ខេត្តបាត់ដំបង ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់បទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច អនុវត្តនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ចូលមកក្នុងសហគមន៍កម្ពុជា ដើម្បីការពារសុខភាពប្រជាជនខ្មែរ សមត្ថកិច្ចប្រទេសកម្ពុជា និងថៃ បានធ្វើការឆែកឆេរ រកឃើញពលករចំនួន០២នាក់ បង្កប់ខ្លួនក្នុងរថយន្ត ០១គ្រឿង ឆ្លងខុសច្បាប់ពីប្រទេសថៃ ចូលមកស្រុកខ្មែរ ។
កងកម្លាំងចម្រុះឆែកឆេររកឃើញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងរថយន្តដឹកផ្លែឈើ០១គ្រឿង ដែលមានពាក់ស្លាកលេខ ត្បូងឃ្មុំ ៣ A-0549 ដែលលួចបង្កប់ពលករឆ្លងខុសច្បាប់ចូលមកពីថៃ ចំនួន០២នាក់ គឺបុរសខ្មែរម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់ទៀត ។
ប្រភពព័ត៌មាន បានអោយដឹងថា កម្លាំងចម្រុះរួមមាន មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង វរៈការពារព្រំដែនលេខ៨១៩ និងមន្ត្រីគយ បន្ទាប់ពីធ្វើការឆែកឆេររួច ពលករទាំង២នាក់ ត្រូវត្រួតពិនិត្យសុខភាព និងវាស់កំដៅរួច ដឹកបញ្ជូនជូនទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯ អ្នកបើកបររថយន្តដឹកផ្លែឈើ និងព្រូរថយន្តម្នាក់ទៀត ត្រូវបញ្ជូនខ្លួនទៅអោយអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរព័ត៌មាន និងចាត់វិធានការទៅតាមនីតិវិធី ។
សូមជម្រាបថា ក្នុងសារជាសំឡេងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរសមត្ថកិច្ច ត្រូវអនុវត្តនូវវិធានការទណ្ឌកម្ម លើអ្នកគេចវេស មិនធ្វើចត្តាឡីស័ក ដោយត្រូវផាកពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀលផងដែរ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនូវបទបញ្ជាឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់លើពួកមេក្លោង ដែលនាំមនុស្សឆ្លងដែន ដោយមិនឲ្យធ្វើចត្តាឡីស័ក ។ យប់មិញ នៅបាត់ដំបង ចាប់បានមេក្លោងហើយ ដោះលែងទៅវិញ ។ ដូច្នេះត្រូវចាត់វិធានការ ហើយឈានដល់ដកឋានន្តរស័ក្តិប៉ូលិស ដែលដោះលែងមេក្លោងនោះតែម្តង ។ ក្នុងនោះ ក៏ត្រូវចាប់ប្រមូលអ្នកនាំមនុស្ស ឆ្លងកាត់ផ្លូវរបៀង ណែនាំ ឬក៏ចាប់ផ្តន្ទាទោស ដើម្បីឲ្យពួកគេឈប់នាំមនុស្សឆ្លងដែន ។
គួរបញ្ជាក់ដែរថា គិតមកដល់យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ពលករ ដែលឆ្លងដែនកម្ពុជា-ថៃ បានធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន មានចំនួន ៣៥៦៦៥នាក់។ មកដល់ពេលនេះ នៅសល់ ១១៨៥៧ នាក់ទៀត កំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តទាំង ៧ជាប់ព្រំដែនកម្ពុជា-ថៃ ៕





ចែករំលែកព័តមាននេះ