ខេត្តមណ្ឌលគិរី៖ ថ្វីបើថ្ងៃចូលឆ្នាំចិន ចំថ្ងៃចុងសប្តាហ៍ក៏ពិតមែន តែចំនួនអ្នកទៅលេងខេត្តសមុទ្រឈើនេះ ថយចុះបើធៀបនឹងពេលបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុន។
មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានដឹងថា ស្ថានភាពទេសចរនៅខេត្តមណ្ឌលគិរី ក្នុងឱកាសចូលឆ្នាំប្រពៃណីចិនរយៈពេល ០៣ ថ្ងៃ គឺមានភ្ញៀវទេសចរសរុបប្រមាណ ២០.០២៨នាក់ ថយចុះ ៧,៣៨% ប្រៀបធៀបឆ្នាំ២០២០ មានចំនួន ២១.៦២៥នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ សរុបប្រមាណ ១៩.៨៨៧នាក់ មានការថយចុះ ៦,៨០% ប្រៀបធៀប ឆ្នាំ២០២០ មានចំនួន ២១.៣៣៨នាក់។ ភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ ១៤១នាក់ មានការថយចុះ ៥០,៨៧% ប្រៀបធៀប ឆ្នាំ២០២០ មានចំនួន ២៨៧នាក់។
ដោយឡែកបើក្រឡេកទៅមើលអំពីបញ្ហាសុខសុវត្ថិភាព និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ត្រូវបានស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឲ្យដឹងថា មិនមានគ្រោះថ្នាក់ជាយថាហេតុណាមួយ បណ្ដាលឲ្យប៉ះពាល់ដល់ ភ្ញៀវទេសចរឡើយ។
លោកស្នងការបន្តថា កងកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយតាមគោលដៅសំខាន់ៗ និងមានការយាមល្បាត គ្រប់តំបន់ទេសចរណ៍ ដែលមានភ្ញៀវទៅលេងកម្សាន្ត។ ការត្រៀមបង្ការយ៉ាងល្អនេះ គឺគិតអំពីសុវត្ថិភាពរបស់អ្នកទេសចរ ដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តមណ្ឌលគិរី៕ ដោយ៖ សាយ ករុណា
ចែករំលែកព័តមាននេះ