ប្រទេសហ្គីណេ ៖ ប្រទេសហ្គីណេ ប្រកាសជាផ្លូវការនាថ្ងៃទី១៤ កុម្ភៈ ពីការឆ្លងរាលដាលថ្មីនៃជំងឺគ្រុនឈាមអេបូឡា ដែលនោះជាលើកដំបូង ចាប់តាំងពីជិត៨ឆ្នាំមកហើយ បន្ទាប់ពីការអះអាងពីអ្នកឆ្លងជាច្រើននាក់ នៅភាគអាគ្នេយ៍នៃប្រទេសនោះមក។
យោងតាមអាជ្ញាធរសុខាភិបាលហ្គីណេថា មនុស្ស៨នាក់ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃវីរុសអេបូឡា ដោយក្នុងចំណោមអ្នកទាំងនេះយ៉ាងតិច៣នាក់បានត្រូវបាត់បង់ជីវិត។
នេះជាលើកទីមួយហើយដែលវីរុសនោះ ត្រូវបានរាយការណ៍ថា មានឆ្លងនៅប្រទេសអាហ្វ្រិកខាងលិចនោះ ចាប់តាំងពីមានការឆ្លងចុងក្រោយនៃជំងឺនោះ កាលពីឆ្នាំ២០១៣មក២០១៦ ចាប់ផ្ដើមនៅហ្គីណេ ហើយបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតយ៉ាងតិច១១.៣០០នាក់ ជាពិសេសនៅហ្គីណេ ស៊ីរ៉ាឡេអូន និងលីបេរីយ៉ាមក។
មនុស្សទី៤ ម្នាក់ ដែលយកទៅបញ្ចុះកាលពីថ្ងៃទី១ កុម្ភៈ ក៏អាចជាអ្នកបាត់បង់ជីវិតដោយសារវីរុសនោះ ដែលបណ្ដាលឲ្យមានគ្រុនក្ដៅខ្លាំង ឈឺក្បាល ក្អួត និងរាគដែរ។ ប្រឈមមុខនឹងសភាពការណ៍នោះ និងដោយមានកិច្ចព្រមព្រៀងជាមួយផ្នែកសុខាភិបាលអន្តរជាតិ រដ្ឋាភិបាលហ្គីណេ បានប្រកាសពីការឆ្លងរាលដាលថ្មីនៃវីរុសអេបូឡា។ មនុស្ស៥នាក់ដែលនៅរស់រានមានជីវិតត្រូវបានដាក់ឲ្យនៅដាច់ពីគេ ហើយអាជ្ញាធរ ខិតខំតាមរកដាននិងដាក់ឲ្យនៅដាច់ពីគេ បណ្ដាអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ។
ប្រទេសហ្គីណេ បានទាក់ទងជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីឲ្យទទួលបានវ៉ាក់សាំង ប្រឆាំងវីរុសអេបូឡា ដែលរួមចំណែកដ៏ធំធេង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទប់ការឆ្លងវីរុសដែលឆ្លងខ្លាំងបំផុតនោះ។ វ៉ាក់សាំងនោះ ជួយដល់ការព្យាបាលប្រឆាំងជំងឺនេះ និងអាចបញ្ចប់កាលពីឆ្នាំទៅមិញ រលកធំទី២នៃការឆ្លង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ការឆ្លងនៅប្រទេសនោះអាច ទប់ទល់បានកាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីការខិតខំប្រឹងប្រែងនានាអស់ពេល២ឆ្នាំ។ រលកទី២ នៃការឆ្លងរាលដាលវីរុសនោះនៅកុងហ្គោបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតប្រមាណជា២.២០០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ