តើទ្រឹស្តីព្រះពុទ្ធសាសនាបាននិយាយថា មានតែពុទ្ធសាសនិកប៉ុណ្ណោះដែលអាចទទួលផលនៅជាតិក្រោយឬ ? មិនដូច្នោះទេ ព្រះពុទ្ធសាសនាមិនបាននិយាយដូចនេះឡើយ ។ យោងតាមពុទ្ធឱវាទបានពន្យល់ថា កន្លែងណាដែលយើងនឹងកើតទៀតបន្ទាប់ពីជាតិនេះ មិនមែនអាស្រ័យលើសាសនានោះទេ ។ តាមពិតសាសនាមិនតម្រូវការដើម្បីបួងសួង គោរព ឬទាល់តែមានជំនឿលើព្រះសម្មាសម្ពុទ្ធទើបនាំឲ្យល្អសុខ ស្រួលនៅជាតិក្រោយនោះក៏ទេដែរ ។
តាមពិតទៅអ្វីដែលកើតឡើងចំពោះយើងគ្រប់រូបនៅជាតិក្រោយ គឺវាអាស្រ័យលើបុគ្គលម្នាក់ៗប្រព្រឹត្តធ្វើនូវអំពើយ៉ាងណានៅបច្ចុប្បន្នជាតិនេះ បើយើងធ្វើអំពើល្អ នឹងបានទៅកើតនៅឋានដែលល្អ ឬហៅថាសុគតិភព តែបើប្រព្រឹត្តអំពើអាក្រក់ក៏ទៅកើតនៅភពដែលអាក្រក់មាននរក ប្រេតជាដើម ។
ដូចនេះមាគ៌ាទៅកាន់ឋានសួគ៌ គឺមិនមែនដោយសារជំនឿ ឬការគោរពបូជានោះទេ ប៉ុន្តែតាមរយៈការធ្វើនូវអំពើល្អ ហើយចៀសវាងការធ្វើនូវអំពើអាក្រក់នោះឯង ។
ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្ដែងថា ទាល់តែអ្នកគោរពចំពោះព្រះតថាគត ទើបអ្នកនឹងបានសោយនូវសេចក្ដីសុខនោះឡើយ ។ ព្រះអង្គទ្រង់មិនបានគំរាមកំហែងដាក់ទណ្ឌកម្មនរណាម្នាក់ថា អ្នកត្រូវតែជឿព្រះអង្គ ឬត្រូវតែធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គនោះក៏ទេដែរ រឿងសួគ៌នរក វាស្រ័យលើបុគ្គលអ្នកប្រព្រឹត្តធ្វើដោយខ្លួនឯង ៕ សាន សារិន
ចែករំលែកព័តមាននេះ