ប្រទេសប៉េរូ ៖ រដ្ឋមន្ត្រីការបរទេសប៉េរូលោកស្រី ELIZABETH ASTETE ប្រកាសនាថ្ងៃទី១៤កុម្ភៈ ពីការសុំលាលែងចេញពីតំណែង បន្ទាប់ពីលោកស្រីទទួលស្គាល់ថា លោកស្រីបានចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ចាប់តាំងពីខែមករា មុនបណ្ដាប្រជាជនដែលមានអាទិភាព។
នេះជារដ្ឋមន្ត្រីប៉េរូទី២ ហើយបន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាល ដែលបានលាលែងក្នុងក្របខណ្ឌនៃរឿងអាស្រូវនោះដែរមក។
លោកស្រី ELIZABETH ASTETE សរសេរតាម TWITTER ថា ខ្ញុំបានដាក់ជូនប្រធានាធិបតី នៃសាធារណរដ្ឋនូវលិខិតសុំលាលែងរបស់ខ្ញុំ ដោយលោកស្រីទទួលស្គាល់ថា វាជារឿងខុសឆ្គងធ្ងន់ធ្ងរមួយ ដែលចាក់វ៉ាក់សាំងចាប់តាំងពីថ្ងៃទី២២មករាមក។
ការសុំលាលែងរបស់លោកស្រី ត្រូវបានប្រធានាធិបតីស្ដីទី លោកFRANCISCO SAGASTI ដែលនិយាយថា លោកមានការក្ដៅក្រហាយ និងខឹងចំពោះសភាពការណ៍បែបនោះ ដែលអាចបំផ្លាញការខិតខំប្រឹងប្រែង របស់ប៉េរូក្នុងការទប់ការឆ្លងរាលដាលនៃវីរុស ទទួលយកភ្លាមៗ។
រឿងអាស្រូវបានផ្ទុះឡើងកាលពីថ្ងៃទី១១ កុម្ភៈ បន្ទាប់ពីការលាតត្រដាងរបស់កាសែតប៉េរូដែលថា អតីតប្រធានាធិបតីលោក MARTIN VIZCARRA បានចាក់វ៉ាក់សាំងប្រឆាំងវីរុសនោះតាំងពីខែតុលាមក ប៉ុន្មានសប្ដាហ៍មុនសភាទម្លាក់តំណែងលោក។
អតីតប្រធានាធិបតីរូបនោះបានការពារខ្លួនដោយលើកឡើងថា លោកចាក់វ៉ាក់សាំង ព្រោះលោកជាអ្នកស្ម័គ្រចិត្តក្នុងការចាក់សាកល្បង គ្លីនិកវ៉ាក់សាំងចិន SONOPHARM ដូចពលរដ្ឋប៉េរូច្រើនពាន់នាក់ទៀត តែការលើកឡើងនោះត្រូវបានសាកលវិទ្យាល័យទទួលបន្ទុកការចាក់សាកល្បងបដិសេធ។
ផ្ទុយពីប្រទេសដទៃៗទៀត ដែលប្រធានាធិបតី រដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋការ ស្ម័គ្រចិត្តចាក់មុនគេដើម្បីជាគំរូ នៅប៉េរូមានការរិះគន់នានាដែលថា បណ្ដាសមាជិករដ្ឋាភិបាល ទទួលបានការចាក់វ៉ាក់សាំងមុនពេលបើកយុទ្ធនាការផ្លូវការចាក់វ៉ាក់សាំងទៅទៀត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ