ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ចេ​ន សុភាព ៖ ធ្វើ​ជំនួញ​ដោយសារ​មិន​ចង់​ក្រ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោង​លុយ សារព័ត៌មាន «​កោះសន្តិភាព» សូម​លើកយកបទ​ពី​សោធន៍​ធ្វើ​ជំនួយរបស់​សហគ្រិនស្ត្រី​វ័យក្មេង​ម្នាក់ដែល​កំពុង​លេចធ្លោ ជូន​លោក​អ្នក​សិក្សា​ដកស្រង់​ជា​បទ​ពិសោធន៍​នោះ គឺអ្នកស្រី ចេ​ង សុភាព…

រាជធានីភ្នំពេញ ៖ គម្រោង​លុយ សារព័ត៌មាន «​កោះសន្តិភាព» សូម​លើកយកបទ​ពី​សោធន៍​ធ្វើ​ជំនួយរបស់​សហគ្រិនស្ត្រី​វ័យក្មេង​ម្នាក់ដែល​កំពុង​លេចធ្លោ ជូន​លោក​អ្នក​សិក្សា​ដកស្រង់​ជា​បទ​ពិសោធន៍​នោះ គឺអ្នកស្រី ចេ​ង សុភាព ម្ចាស់​សហគ្រាស​កី​តម្បាញ​ខ្មែរ KTK ។ នៅ​ក្នុង​ចំណោម​ធុរជន​នៅ​ភ្នំពេញ បាន​ស្គាល់​អ្នកស្រី ​ចេ​ន សុភាព គាត់​ជា​ម្ចាស់​ជ័យ​លា​ភី​លើ​ជំនួញ​មិន​ថា​ ជា​ពាន់រង្វាន់​នៅ​ក្នុង​ប្រទេស​ឬ​អន្តរជាតិ​នោះ​ទេ កាលពី​ឆ្នាំ ​២០២០​ គាត់​បាន​ជាប់​ពាន់រង្វាន់​ថ្នាក់​ជាតិ​ផង​ដែរ ​។ គាត់​បាន​ផ្តើម​ធ្វើ​ជំនួញ​នៅ​ឆ្នាំ ​២០១៥ ដោយ​បង្កើត​សហគ្រាស​កី​តម្បាញ​ខ្មែរ​ ។ ជា​សហគ្រាស​កាត់ដេរ​សម្លៀក​បំពាក់​បុរស-​ស្ត្រី​ ពី​ស៊ឹង​និង​ផាមួង​ខ្មែរ​ ។ សហគ្រាស​នេះ​ធ្វើការ​ជាមួយ​ស្ត្រី​អ្នក​ត្បាញ​ប្រមាណ​ ៣០០​គ្រួសារ​ ។

ការ​បង្កើត​សហគ្រាស​នេះ​ឡើង​មិនមែន​ជា​ការ​ដៃ​ដ​ន្យ​នោះ​ឡើយ ​។ អ្នកស្រី​ចូល​ចិត្ត​ស្លៀក សម្លៀក​បំពាក់​ខ្មែរ ប៉ុន្តែ​ពិបាក​រក​ទិញកាលនោះ ដូច្នេះ​ក៍​មានគំនិត​បង្កើត​អាជីវកម្ម​ខ្លួនឯង ​។ យ៉ាង​ហោច​ណាស់​មាន​ហេតុផល​ចំនួន​បី​សំខាន់​ៗ ដែល​ជំរុញ​ឲ្យ​គាត់​បង្កើត​ជំនួញ​ខ្លួនឯង ​។ ទី​ ១ ដោយសារ​ខ្លួន​ចូល​ចិត្ត ទី ​២​ ដោយសារ​ឱកាស​ទីផ្សារ និង​ទី ​៣​ដោយសារ​ចំណង់​ចំណូលចិត្ត​ ។

ជា​កូន​អ្នកនេសាទ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជាប់​សមុទ្រ កុមារភាព​របស់​អ្នកស្រី ​ចេ​ន សុភាព បាន​ឆ្លងកាត់​គ្រប់​រស់ជាតិ​ជីវិត ​។ ជា​កុមារី​ដែល​មាន​ឳ​ពុកជា​អ្នក​ចុះទូក​នេសាទ​ក្នុង​សមុទ្រ ហើយ​អ្នក​ម្តាយ​ជា​អ្នកលក់​ត្រី​សមុទ្រ​នោះ អ្នកស្រី ​ចេ​ន សុភាព ដែល​ជា​កូនច្បង​មាន​បងប្អូន​ ៦​នាក់ មិន​គិតតែ​រៀន​មួយ​មុខ​នោះ​ឡើយ ​។ «ខ្ញុំ​តែងតែ​ជួយ​លក់ដូរ​ម្តាយ​ជា​ប្រចាំ ​។ ចំណែក​ការងារ​ផ្ទះ​ខ្ញុំ​ចេះ​ធ្វើ​គ្រប់សព្វ ខ្ញុំ​រែក​ទឹក ដាំ​ស្ល ហើយ​ពេល​ទៅ​រៀន​តាំងពី​បឋម​សិក្សា​រហូត​ដល់​មហាវិទ្យាល័យ​ខ្ញុំ​មិន​ដែល​មាន​កង់​ជិះ​ទេ ​។ ខ្ញុំ​ដើរ​រហូត​» ។

គ្រួសារ​ក្រ ​ប៉ុន្តែ​កាន់តែ​លំបាកនៅ​ពេល​ឪពុក​ធ្លាក់ខ្លួន​ឈឺ ប្រកបការងារ​ប្រចាំ​ថ្ងៃ​មិនកើត ​។ កាលនោះ​នៅ​អំឡុង​ពេល​ដែល​គាត់​រៀន​នៅ​បឋម​សិក្សា ​។ «បើ​ខ្ញុំ​គ្មាន​ម្តាយ​ដែល​ជា​អ្នក​ស្រឡាញ់​ការ​សិក្សាដែល​គាត់​បាន​លើកទឹកចិត្តណែនាំ​ខ្ញុំ​ឲ្យ​រៀនសូត្រ​ជា​និច្ច​នោះ​ទេ ម្លេះ​ខ្ញុំ​បាន​ឈប់​រៀន​បាត់​ហើយ​ ។ ដោយសារ​តែ​ជីវភាព​គ្រួសារ​លំបាក​ពេក ជំពាក់​បំណុល​គេ ខ្ញុំ​មាន​បំណង​ចង់​ឈប់​រៀន​ច្រើន​ដង​ណាស់ ប៉ុន្តែ​អ្នក​ម្តាយ​មិន​ឲ្យ​ឈប់​» ។ អ្នកស្រី ​ចេ​ន សុភាព ​ឲ្យ​ដឹង ។

«​កូន​ត្រូវ​រៀនសូត្រ​ឲ្យ​បាន​ខ្ពង់ខ្ពស់​ហើយ​កុំ​ធ្វើ​ជា​ស្ត្រី​ដែល​ពឹង​តែ​លើ​កម្លាំង​របស់​ស្វាមី​» ​ទាំងនេះ​ជាស​ម្តី​របស់​អ្នក​ម្តាយ​របស់​ស្ត្រី ចេ​ន សុភាព ដែល​តែងតែ​អប់រំណែនាំ​ដល់​គាត់​ជា​ប្រចាំ ​។ ដោយសារ​តែ​ការ​ទូន្មាន​ទាំងនេះ អ្នកស្រី​ ចេ​ន សុភាព ​បាន​ខិតខំ​ត​សូ​រៀនទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ក្តី​ ។ កុមារភាព​របស់​គាត់​ជា​សិស្ស​រៀន​ពូកែ​បើ​ទោះបីជា​រៀន​ផង​ធ្វើ​ការងារ​ផ្ទះផង​ ។

នៅ​ឆ្នាំ​ ១៩៩៧ គាត់​បាន​រៀន​ចប់​បាក់​ឌុ​ប ​។ ប៉ុន្តែ​ដល់​ឆ្នាំ ​១៩៩៨ ទើប​គាត់​មានឱកាស​ចូល​រៀន​នៅ​ឧត្តម​សិក្សា​ដោយសារ​ស្ថានភាព​ស្រុក​ទេស​ក្នុង​ឆ្នាំ​ ១៩៩៧ មានការ​ប្រយុទ្ធ​គ្នា​នៅ​កណ្តាល​ក្រុងភ្នំពេញ ​។ នៅ​ឆ្នាំ​ ១៩៩៨ អ្នកស្រី ចេ​ន សុភាព បាន​ប្រឡង​ជាប់​សាលា​ពេទ្យ​នៅ​ភូមិភាគ​ខេត្តកំពត ប៉ុន្តែ​មែនទែន​ទៅ​គាត់​មិន​ស្រឡាញ់​អាជីព​គ្រូពេទ្យ​នោះ​ទេ​ ។ គាត់​រៀន​ពេទ្យ​តាម​ការ​ចិត្ត​អ្នក​ម្តាយ ​។ អ្នកស្រី​ ចេ​ន ​សុភាព ស្រឡាញ់​កា​ងារ​មេធាវី និង ជំនួញ ​។

តើជិ​វិត​របស់​សហគ្រិន​វ័យក្មេង​នេះឆ្លងកាត់​អ្វី​ទៀត ទើប​មក​ដល់​ចំណុច​ដូច​ពេល​បច្ចុប្បន្ន​នេះ ​។ គម្រោង​លុយ នៃ​សារព័ត៌មាន​ «កោះ​សន្តិ​ភាព​» នឹង​ផ្សាយ​ជូន​លោក​អ្នក​នៅ​ពេល​ក្រោយ​ទៀត ​។ អ្វី​ដែល​យើង​រៀនសូត្រ​ពី​គាត់​បាន​ដល់​ចំណុច​នេះ គឺ​គាត់​បាន​ខិតខំ​រៀន ទោះ​ក្នុង​ស្ថានភាព​បែប​ណាក៍ដោយ​គ្រួសារ​គាត់​បាន​ឲ្យ​តម្លៃ​លើ​ចំណេះវិជ្ជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ