ខេត្តមណ្ឌលគិរី៖ ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងវិស្វកម្មស្ថាបនារួចរាល់ ប្រមាណពី ៦០ ទៅ ៧០ ភាគរយ។ នេះគឺជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជួយសម្រួលកងកម្លាំងឈរជើងការពារព្រំដែនងាយស្រួល ចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរជុំវិញខេត្ត ចុះសាកសួរសុខទុក្ខ នគរបាលការពារព្រំដែនគោក ចំនួនប្រាំបីគោលដៅ យោធាការពារព្រំដែន ចំនួនដប់គោលដៅ និងកម្លាំងវិស្វកម្មពីរគោលដៅ។
ដើម្បីលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់កម្លាំងស្ថាបនាផ្លូវព្រំដែន អាជ្ញាធរខេត្ត បាននាំនូវគ្រឿងបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំង ដែលបានលះបង់ កម្លាំងកាយចិត្តក្នុងការកសាងស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែន និងកម្លាំងឈរជើងប្រចាំការការពារបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍បន្តថា ផ្លូវក្រាលគ្រួសក្រហមទំ ហំ៨ម៉ែត្រ ប្រវែង៣១៤ គីឡូម៉ែត្រ ដែលកំពុងលូនកាត់លាតសន្ធឹងតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លើទឹកដីខេត្តមណ្ឌលគិរី ចាប់ពីចំណុចព្រំប្រទល់ស្រុកកែវសីមា ឆ្លងកាត់ស្រុកអូររាំង និងបញ្ចប់ត្រឹមស្រុកកោះញែក គឺជាសក្ខីភាពថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា ដែលជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវចិត្តកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។
ឯកឧត្តម លើកឡើងថា បើទោះបីជាកម្ពុជានៅមានការខ្វះខាតនូវធនធានមួយចំនួនក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជំរុញ ដល់ការងារការពារជាតិ ជាពិសេសការពារទឹកដី។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់បណ្តាកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺ ចូលក្នុងសហគមន៍៕ ដោយ៖ សាយ ករុណា










ចែករំលែកព័តមាននេះ