ប្រទេសមីយ៉ាន់ម៉ា ៖ ការគាបសង្កត់នៅតែបង្កើន លើពួកយោធាកំពុងកាន់អំណាច ចាប់តាំងពីរដ្ឋប្រហារពីថ្ងៃទី១ កុម្ភៈ មកនៅមីយ៉ាន់ម៉ា ដោយកងយោធាបង្កើនការចាប់ខ្លួនពួកប្រឆាំង។ នាថ្ងៃទី១៣ កុម្ភៈ មានបាតុកម្មធំៗសម្រាប់៨ថៃ្ងជាប់គ្នា ដោយមនុស្សច្រើនសិបពាន់នាក់បាននាំគ្នាដើរហែក្បួន នៅតាមដងវិថីនាថ្ងៃទី១៣ កុម្ភៈ។

នៅក្រុងរ៉ង់ហ្គូន ពួកបាតុករបានប្រមូលផ្ដុំគ្នាដោយលើកម្រាមដៃ៣ ជាសញ្ញានៃការតស៊ូហើយបណ្ដាអ្នកបើកបរយានយន្ត បាននាំគ្នាឈប់ និងចុចស៊ីប្លេរ ដើម្បីប្រារព្ធថ្ងៃខួបកំណើតរបស់វីរបុរសឯករាជ្យភាពមីយ៉ាន់ម៉ា ឧត្ដមសេនីយអ៊ួង សាន់ ដែលមកទល់ថ្ងៃទី១៣ កុម្ភៈ គម្រប់១០៦ឆ្នាំ។
លោកក៏ជាឪពុករបស់លោកស្រីអ៊ួងសាន់ ស៊ូជី ដែលត្រូវចាប់ខ្លួនក្នុងរដ្ឋប្រហារយោធា ហើយពេលនេះកំពុងត្រូវឃុំទុកនៅកន្លែងសម្ងាត់មួយ ចាប់តាំងពី១៣ថ្ងៃមកហើយ។

បាតុកម្មក៏មាននៅទីក្រុងដទៃៗទៀតជាច្រើន។ នៅ NAUNG PO AUNG ជាភូមិដាច់ស្រយាលមួយ មានប្រជាជន៧.៥០០នាក់ នាភាគខាងជើងប្រទេសក៏មានការដើរហែក្បួនរបស់មនុស្សច្រើនរយនាក់ដែរ ដែលនោះជាការបង្ហាញពីទំហំធំនៃការប្រឆាំងចំពោះ រដ្ឋប្រហារយោធានៅទូទាំងប្រទេស ។
ចំណែកពួកយោធាដែលកំពុងកាន់អំណាចប្រកាសកាលពីថ្ងៃទី១៣ កុម្ភៈ ពីការផ្អាកមាត្រាមួយចំនួននៃច្បាប់ស្ដីពីសកម្មភាព របស់បណ្ដាភ្នាក់ងារសន្តិសុខ និងចេញបញ្ជាឲ្យចាប់ខ្លួន មេខ្លោងទាំងឡាយនៃចលនាតវ៉ា ប្រឆាំងរដ្ឋប្រហារ។
ការប្រកាសនោះកើតមាននាថ្ងៃទី៨ នៃបាតុកម្ម ក្នុងទីក្រុងជាច្រើនរបស់ប្រទេសប្រឆាំងរដ្ឋប្រហារ និងទាមទារឲ្យដោះលែងមេដឹកនាំលោកស្រីអ៊ួងសាន់ ស៊ូជី។ សេចក្ដីប្រកាសដែលចុះហត្ថលេខា ដោយឧត្ដមសេនីយ MIN AUNG HLAING បញ្ជាឲ្យផ្អាកការអនុវត្តមាត្រា៣នៃច្បាប់ស្ដីពីកិច្ចការពារជីវិតឯកជន និងសន្តិសុខរបស់ពលរដ្ឋ។

មាត្រាទាំងនោះ ក៏ទាក់ទិនដល់ការតម្រូវ ឲ្យឃុំខ្លួនមនុស្សមិនឲ្យលើសពី២៤ម៉ោង និងលើលក្ខខណ្ឌដែលកងកម្លាំងសន្តិសុខ អាចចូលក្នុងទីតាំងឯកជន ដើម្បីឆែកឆេរ ឬចាប់ខ្លួនមនុស្ស។ ការផ្អាកមាត្រាទាំងនេះ អាចឲ្យអាជ្ញាធរត្រួតពិនិត្យ រាល់ការទាក់ទងគ្នាជាឯកជន។ សេចក្ដីប្រកាសមិនបានបញ្ជាក់ពីរយៈពេលនៃការផ្អាកនោះឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ