ប្រទេសថៃ ៖ មនុស្សច្រើននាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នានៅវិមានប្រជាធិបតេយ្យក្រុងបាងកក ប្រឆាំងរដ្ឋាភិបាលដោយនាំគ្នាយកក្រណាត់ពណ៌ក្រហមមករុំកំពូលវិមាននោះ។
ពួកបាតុករបានទាមទារឲ្យដោះលែងសកម្មជន៤នាក់ និងឲ្យលុបចោលច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។ បាតុករច្រើនរយនាក់ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ បានប្រមូលផ្ដុំគ្នា នៅផ្លូវបំបែកជា៤នៃវិមានប្រជាធិបតេយ្យ ដែលកសាងឡើងតាំងពីទសវត្សឆ្នាំ៣០ ក្នុងសង្កាត់ប្រវត្តិសាស្ត្រនៃរាជធានី ក្រោមការតាមឃ្លាំមើលរបស់កងកម្លាំងប៉ូលិស។

ទិសដៅនៃការប្រមូលផ្ដុំគ្នានាពេលនេះ គឺអំពាវនាវឲ្យលុបចោលមាត្រាទី១១២ ដែលចង់និយាយសំដៅលើច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។ ពួកបាតុករក៏ទាមទារដែរឲ្យដោះលែងមេដឹកនាំចលនាប្រជាធិបតេយ្យ៤រូប ដែលទទួលការចោទប្រកាន់ ពីបទប្រមាថព្រះមហាក្សត្រ ជាបទចោទប្រកាន់ដែលអាចមានទោសជាប់គុកដល់១៥ឆ្នាំ។
បន្ទាប់ពីដាក់បាច់ផ្កានៅជុំវិញវិមាននោះ ពួកបាតុករបាននាំគ្នាតោងឡើង យកក្រណាត់ក្រហម ទៅហ៊ុមកំពូលវិមាននោះ។ លោកATTAPON BUAPAT អ្នករៀបចំបាតុកម្មម្នាក់ថ្លែងថា ប្រសិនបើប៉ូលិស មិនព្រមដោះលែងបណ្ដាមិត្តយើង ក្នុងរយៈពេល៧ថ្ងៃទេ នោះយើងនឹងរៀបចំធ្វើបាតុកម្មធំមួយ នៅវិមាននេះទៀត ។ ពេលរាត្រីកាលមកដល់ពួកបាតុករបានលើកគ្នាសំដៅព្រះបរមរាជវាំង តែត្រូវបានរារាំងដោយរបាំងនិងលួសបន្លាដែលដាក់ព័ទ្ធជុំវិញតំបន់នោះ ព្រមទាំងការដាក់់រាយកងកម្លាំងប៉ូលិសដ៏ច្រើន។

បន្ទាប់ពីការចរចាគ្នា ប៉ូលិសបានអមមេដឹកនាំចលានាតវ៉ា៤នាក់ ទៅកាន់ទីតាំងមួយស្ថិតនៅជិតព្រះបរមរាជវាំងធំ ដោយនៅទីនោះអ្នកទាំង៤បានប្រារព្ធពិធីមួយតាមបែបព្រះពុទ្ធសាសនា ជាមួយពាក្យស្លោកថា បរាជ័យលទ្ធិសក្ដិភូមិ! ជយោ!ប្រជាជន។
បាតុករភាគច្រើនបានចាកចេញពីកន្លែងប្រមូលផ្ដុំគ្នា បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់លោកATTAPON BUAPAT តែអ្នកតវ៉ាមួយចំនួនស្ថិតនៅនឹងកន្លែង ហើយនាំគ្នាគប់ដបនិងគ្រាប់ពីងប៉ុង ហើយពួកអ្នកទាំងនេះត្រូវបំបែកនាវេលាម៉ោង២១ម៉ោងក្នុងស្រុក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ