រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងសង្ស័យបួងចង្កូតបត់ត្រង់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលទៅបុកខឿនពុះចែកផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយក្នុងហេតុការណ៍នេះដែរមិនបណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង១និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខរដ្ឋាករទឹករាជធានីភ្នំពេញ តាមបណ្តោយផ្លូវ១២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបមួយគ្រឿងជួបគ្រោះថ្នាក់ខាងលើ ម៉ាកមែរសឺដេស មិនដឹងពណ៌និងស្លាកលេខ បើកបរ និងអ្នករួមដំណើរសរុបចំនួន៦នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានមនុស្សប្រុសស្រីមួយក្រុមមានគ្នាសរុបចំនួន៦នាក់ជិះនៅក្នុងរថយន្តស៊េរីទំនើបមួយគ្រឿងខាងលើនោះ បានធ្វើដំណើរតាមផ្លូវ១២៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែរថយន្តបានបួងចង្កូតបត់ទាំងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវ ហើយខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមៗនោះគេឃើញមនុស្សប្រុសស្រីទាំង៦នាក់នោះបាននាំគ្នាលូនចេញពីក្នុងរថយន្តម្ដងម្នាក់ៗ មកខាងក្រៅ រួចរត់ទៅរកកន្លែងមានសុវត្ថិភាព លុះបន្តិចក្រោយមកស្រាប់តែរថយន្តស៊េរីទំនើបខាងលើនោះលេចចេញជាអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗតែម្តង ។
តាមប្រភពព័ត៌មានបានបន្តថា នៅពេលហេតុការណ៍បែបនេះកើតឡើង បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ទាំងស្រុងផងដែរ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់មកគេឃើញសាច់ញាតិរបស់ម្ចាស់រថយន្តស៊េរីទំនើបខាងលើបានបើករថយន្តផ្សេងទៀតមកដល់កន្លែងកើតហេតុ ហើយចុះដើរសំដៅទៅរកសាច់ញាតិរបស់ខ្លួនទាំងភ័.យតក់ស្លុតផង យំផង ព្រោះតែឃើញអណ្ដាតភ្លើងកំពុងឆាបឆេះរថយន្តអស់ស្ទើរទាំងស្រុងទៅហើយ និងមិនឃើញសាច់ញាតិរបស់ខ្លួនទៀត ។ បន្ទាប់ពីឃើញដូច្នេះ សមត្ថកិច្ចបានប្រាប់ទៅសាច់ញាតិថា អ្នកជិះនៅក្នុងរថយន្តស៊េរីទំនើបទាំងអស់គ្នាមិនអីនោះទេ គឺពួកគេមានសុវត្ថិភាពទាំងអស់គ្នា ។
ក្រោយពេលកើតហេតុ បន្ទាប់ពីពន្លត់ភ្លើងរួចរាល់ សមត្ថកិច្ចជំនាញបានស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ