រឿងពាក្យសម្តីនេះ មនុស្សទាំងឡាយគេកាន់យកណាស់ បើបង់សម្តីទៅហើយ អ្វីៗដទៃទៀតសូម្បីល្អយ៉ាងណាក៏រមែងខូចកេរ្តិ៍ឈ្មោះក្នុងការមិនរក្សាសម្តី ដូច្នេះហើយទើបបុរាណពោលថា មនុស្សគេយកសម្តី ដំរីគេយកភ្លុក ។
ព្រោះហេតុនោះនៅពេលបុគ្គលគិតថា ខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្តី ហើយបើអ្នកមិនចង់លំបាក ចូរកុំចេះតែទទួលពាក្យគេដោយងាយៗនោះ ត្រូវពិចារណាឲ្យល្អជាមុនថា កាលទទួលពាក្យគេហើយ អាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេ គឺត្រូវគិតល្អិតល្អន់ស្រួលបួលហើយជាមុនសិន ។
ត្បិតមនុស្សយើង បើរក្សាសម្តីខ្លួនឯងទុកមិនបានទៅហើយ តើអាចរក្សាអ្វីបានទៅព្រោះអម្បាលពាក្យសម្តីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផង ចំណង់បើរបស់ដទៃក្រៅខ្លួនធ្វើដូចម្តេចនឹងអាចរក្សាបានទៅ ដូច្នេះទើបម៉ែឪដាស់តឿនឲ្យបុគ្គលពិចារណាឲ្យល្អមុននិយាយ មុនសន្យាអ្វីៗជាមួយអ្នកណាៗ ហើយមិនត្រូវធ្វើជាមនុស្សភ្លេចពាក្យសន្យាដោយងាយៗឡើយ ។
មនុស្សដែលបង់ពាក្យបង់សម្តី សូម្បីដោះស្រាយយករួចខ្លួនបានម្តងក៏ពិត តែលុះដល់តទៅ កាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុក្ខចិត្តដែរ ។
ចូរកុំធ្វើជាមនុស្សនិយាយឡេះឡោះ ឬនិយាយកុហកសូម្បីតែដើម្បីសើចលេងឡើយ ហើយត្រូវចាំទុកថា ពាក្យសម្តីដែលពោលចេញទៅ មានសារៈសំខាន់ណាស់សម្រាប់មនុស្សយើង ៕ សាន សារិន
ចែករំលែកព័តមាននេះ