ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ដួលសន្លប់ជា​បន្ត​បន្ទាប់ ៤៦នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ យុវសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន កោះដាច់ បានដួលសន្លប់ ជាបន្តបន្ទាប់ ចំនួន ៤៦នាក់…

រាជធានីភ្នំពេញ៖ យុវសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន កោះដាច់ បានដួលសន្លប់ ជាបន្តបន្ទាប់ ចំនួន ៤៦នាក់ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ​។ សិស្សសន្លប់ទាំងនោះ ត្រូវបានលោកគ្រូអ្នកគ្រូ បានដឹកបញ្ជូន​ទៅសង្គ្រោះនៅមណ្ឌលសុខភាពកោះដាច់ ដោយមិន​មានបញ្ហាធ្ងន់ធ្ងរទេ​។

​​ហេតុការណ៍​នេះ​ ចាប់ផ្តើមឡើងដោយមាន​យុវសិស្ស ដួលសន្លប់ ១៨នាក់ ធ្វើអោយ​លោកគ្រូអ្នកគ្រូ បង្ខំចិត្តអោយសិស្សទាំងអស់ ឈប់សម្រាកតែម្តង​។ ទន្ទឹមនោះ នៅវេលារសៀលថ្ងៃទី១២ ខែកុម្ភៈនេះ​ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ​ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះទៅស្រាវជ្រាវ សាកសួររកពីមូលហេតុនៃការដួលសន្លប់ នេះ​។

ប្រភព​ព័ត៌មានអោយដឹងថា យុវសិស្ស​វិទ្យាល័យ កោះដាច់​ បានដូលសន្លប់​ជាបន្តបន្ទាប់ រយៈពេល ៨ថ្ងៃ​មកហើយ ដោយពុំដឹងពីមូលហេតុឡើយ។ យុវសិស្សខ្លះ បានសម្រាក​ព្យាបាល បានធូរស្រាលហើយ និងបានចូលទៅរៀនវិញ ក៏បានដួលសន្លប់​ម្តងទៀត នៅក្នុងថ្នាក់រៀន​។

លោក ឃុយ គឹមឡេង ប្រធានមណ្ឌលសុខភាពកោះដាច់ បានអោយដឹងថា យុវសិស្ស បានដួលសន្លប់ ជាបន្តបន្ទាប់ ចាប់តាំង​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈមកម្លេះ ដោយ​ថ្ងៃ​មុនដំបូងមានម្នាក់ ពីរនាក់​ ហើយនៅ​ថ្ងៃទី១១ ខែកុម្ភៈ មាន​ចំនួន ១១នាក់ និងនៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ យុវសិស្សដួលសន្លប់​រហូតដល់ ១៨នាក់ ដែលសរុបទាំងអស់ មាន​ចំនួន ៤៦នាក់ ក្នុងនោះ មាននារី ៤៥នាក់ និងប្រុសស្លៀកពាក់ធ្វើជាស្រី ម្នាក់​។

លោក​ប្រធាន​មណ្ឌលសុខភាព បានអោយដឹងទៀតថា ការដួលសន្លប់នេះ គឺ​យុវសិស្ស មានអាការៈ​ថប់ដង្ហើម ពិបាកដកដង្ហើម​។ ភ្លាមៗ យុវជនទាំងនោះ ត្រូវបាន​លោកគ្រូអ្នកគ្រូ បញ្ជូន​ទៅសម្រាកនៅមណ្ឌលសុខភាព។

ទាក់ទិនមូលហេតុ​នៃការដួលសន្លប់នេះ​ ត្រូវបានមន្រ្តីសុខាភិបាល ​អោយដឹងថា ដោយសារតែ យុវសិស្ស ខ្សោយ ខ្វះជាតិស្ករ ញ៉ាំ​មិនគ្រប់គ្រាន់ ហើយនៅពេល​មានយុវសិស្សណាម្នាក់ ដួលសន្លប់ ក៏សិស្សផ្សេងទៀត ភ័យ ក៏បានដួលសន្លប់ជាបន្តបន្ទាប់។

លោក ឃុយ គឹមឡេង ប្រធានមណ្ឌលសុខភាព កោះដាច់ ក៏បានផ្ញាំផ្ញើ​ដល់សិស្សានុសិស្ស ត្រូវពង្រឹងស្មារតី​ឡើងវិញ ព្រោះនេះ មិនមែនជាជំងឺឆ្លងនោះទេ គឺដោយសារតែមានអារម្មណ៍​ភ័យ ឃើញម្នាក់ដួលសន្លប់ ក៏បានដួលសន្លប់តៗគ្នា​។ អាការៈ​បែបនេះ ត្រូវសង្គ្រោះបន្ទាន់ បើសិនជាបណ្តែតបណ្តោយ ទុកអោយយុវសិស្សរូបនោះ នៅតែឯង អាចបណ្តាលអោយមានគ្រោះថ្នាក់ ដល់អាយុជីវីតដែរ។

ចំណែក​អ្នកស្រុក ដែលជាអាណា​ព្យាបាល​សិស្ស មានការសង្ស័យ​ថា ករណីសិស្សដួលសន្លប់ក្នុងថ្នាក់រៀនេះ បណ្តាល​មកពីការចាក់សំរាម និងកាកសំណល់ ហើយដុត​នៅមុខ​ខ្ទមអ្នកតា ទើបអ្នកតា កាច់ បណ្តាលអោយយុវសិស្ស ថ្នាក់ទី១១ និងថ្នាក់ទី១២ បានដួលសន្លប់ជាបន្តបន្ទាប់បែបនេះ។ តែបើមកពីការដុះកាក​សំណល់សំរាម គឺ​នាំ​ឲ្យផ្សែងពុល និងក្លិន​មិនល្អ ធ្វើ​ឲ្យខូចសុខភាពសិស្ស គឺត្រូវ​ច្រើនជាង​ មិនមែន​​អ្នកតាកាច់អ្វីនោះទេ​៕ ដោយ៖ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ