ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងពីយប់ហើយបានវា.យទាត់ធាក់ប្រពន្ធ រួចលើកនាងដាក់លើម៉ូតូដឹកមកផ្ទះ លុះព្រឹកឡើងទើបដឹងថា ស្ត្រីជាប្រពន្ធបានបាត់បង់ជីវិតទៅហើយ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលមួយកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅការដ្ឋានទី១ ក្នុងក្រុមហ៊ុនចំការកៅស៊ូមួយកន្លែង ភូមិសាស្ត្រខេត្តព្រះវិហារ ។
ជនសង្ស័យជាប្តីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ សិត ច្រឹប ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ មកស្នាក់នៅរោងយាមនៅការដ្ឋានទី១ ក្នុងក្រុមហ៊ុនចំការកៅស៊ូមួយកន្លែង ភូមិសាស្ត្រ ខេត្តព្រះវិហារ ។ ក្រោយពេលបង្កហេតុរួច ដោយសារតែក្រុមហ៊ុនចំការកៅស៊ូខាងលើមានទីតាំងស្ថិតនៅមិនឆ្ងាយពីផ្ទះជនរងគ្រោះ នៅពេលបង្កហេតុទៅស្ត្រីជាប្រពន្ធរួច ជនសង្ស័យបានមកផ្ទះ ក៏ត្រូវសមត្ថនគរបាលស្រុកប្រាសាទបល្ល័ង្ក ចាប់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ចខាងខេត្តព្រះវិហារចាត់ការតាមច្បាប់ ពីព្រោះកន្លែងកើតហេតុនៅក្នុងទឹកដីខេត្តព្រះវិហារ ។
បើយោងតាមការរៀបរាប់ពីឈ្មោះ មួន ចាន់វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគេបានមករស់នៅជាមួយឪពុកធ្វើការជាសន្តិសុខការពារក្រុមហ៊ុនចំការកៅស៊ូខាងលើ ហើយម្ដាយនៅរោងយាមជាមួយ ស្នាក់នៅការដ្ឋានទី១ ក្រុមហ៊ុនចំការកៅស៊ូ ។ ដោយឡែកឪពុករបស់គាត់តែងតែផឹកស្រាស្រវឹង រួចវា.យធ្វើបាបម្ដាយរបស់គាត់ជាញឹកញាប់ ពេលខ្លះវាយទាត់ធាក់រហូតដល់ម្តាយរបស់គាត់សន្លប់ក៏មានដែរ ។
តាមប្រភពដដែលបានបន្តថា ជាក់ស្តែងកាលពីយប់ថ្ងៃទី១០ ខែគុម្ភៈ ២០២១ ឪពុក និងម្ដាយរបស់គាត់បាននាំគ្នាផឹកស្រានៅកន្លែងគេលក់ក្នុងចំការកៅស៊ូឆ្ងាយពីរោងយាម ពេលនោះឪពុកស្រវឹងស្រា ហើយទៅច្រៀងខារ៉ាអូខេ ចំណែកម្ដាយក៏ហៅឪពុកមកផ្ទះជាមួយគ្នាដែរ ប៉ុន្តែឪពុកមិនមកជាមួយទេ ។
តាមប្រភពដដែលបានបន្តថា ពេលនោះម្ដាយរបស់គាត់ក៏នាំរូបគាត់ដើរមកផ្ទះមុន នៅពេលពួកគាត់ដើរបានឆ្ងាយបន្តិច ក៏ឃើញឪពុករបស់គាត់ក៏ជិះម៉ូតូមកតាមក្រោយ លុះមកដល់ឃើញពួកគាត់ដើរ ឪពុកក៏ស្ទុះទៅវា.យដំច្រំធាក់ម្ដាយរបស់គាត និងចាប់បោកទៅលើដី ។ បន្ទាប់មកឪពុកក៏លើកម្តាយដាក់លើម៉ូតូ និងឱ្យរូបគាត់អង្គុយអោបម្ដាយពីក្រោយ ពេលឌុបតាមម៉ូតូមកដល់រោងយាមក៏ដាក់ម្តាយរបស់គាត់ចុះ ដោយឪពុករបស់គាត់មិនបានមើលម្ដាយនោះទេ ហើយក៏ទៅដេកអង្រឹងបាត់ទៅ លុះដល់ព្រឹកឡើងថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២១ ទើបដឹងថាម្ដាយរបស់គាត់បាត់បង់ជីវិតទៅហើយ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញបានសហការ ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ នៅលើខ្លួនជនរងគ្រោះមានស្នាមជាំ ចំនុចថ្ពាល់ខាងឆ្វេង ស្នាមជាំលើដើមទ្រូង លើឆ្អឹងជំនីរឆ្វេង-ស្ដាំ និងស្នាមជាំស្បែកលើ.កដៃឆ្វេងស្ដាំ ។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារករណីហិ.ង្សា ។
ក្រោយពីពិនិត្យចប់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ