រាជធានីភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ២ (ក្នុងប្រទេសកម្ពុជា) ទទួលបានហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយក្នុងគម្រោង ហិរញ្ញប្បទានឥតសំណង ដល់អង្គការក្រៅរដ្ឋាភិបាល Hearts of Gold និងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាតា (IVY) ។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ «រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ ២០០២ ដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់អង្គការក្រៅ រដ្ឋាភិបាលជប៉ុនក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍ ។ រហូតមកដល់ពេលនេះ ស្ថានទូតជប៉ុនបាន ផ្តល់ជំនួយជាង ១៣០ គម្រោងនៅកម្ពុជាតាមរយៈកម្មវិធីនេះ ។ គម្រោងនីមួយៗបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។

សូមជម្រាបជូនថា អង្គការក្រៅរដ្ឋាភិបាល Hearts of Gold គឺជាម្ចាស់គម្រោងទី១ ស្តីពី ការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២) ។ និងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាតា (IVY) ដែលជាម្ចាស់គម្រោងទី២ ស្តីពី ការគាំទ្រដល់កសិករខ្នាតតូចតាមរយៈ ការធ្វើកសិកម្មកិច្ចសន្យា នៃស្វាយចន្ទីសរីរាង្គ តាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣)។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ សូមជម្រាបជូនអំពីគម្រោង ដែលបានចុះហត្ថលេខានាថ្ងៃនេះដូចតទៅ៖

គម្រោងទីមួយ ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ ៣៧១,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែលអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាល Hearts of Gold។ អង្គការនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍការអប់រំកាយនៅកម្ពុជាតាមរយៈសកម្មភាពផ្សេងៗគ្នា ដូចជាកិច្ចសហប្រតិបត្តិការផ្នែករដ្ឋបាលសម្រាប់ព្រឹត្តិការណ៍កីឡាផ្សេងៗ ជំនួយសម្រាប់ការតម្លើងឧបករណ៍កីឡាឬអប់រំកាយ ការគាំទ្រក្នុងការរៀបចំកម្មវិធីសិក្សា ឬសៀវភៅណែនាំផ្នែកអប់រំកាយ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់ការអប់រំកាយ។
តាមរយៈការប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដែលប្រមូលបានតាមរយៈសកម្មភាពទាំងនេះ អង្គការនេះនឹងធ្វើការជាបន្តបន្ទាប់ ដើម្បីកែលម្អកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូ និងតម្លើងឧបករណ៍ សម្រាប់មុខវិជ្ជាអប់រំកាយនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ ។ លោកបន្ថែម ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការចូលរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល Hearts of Gold អស់រយៈពេលជាច្រើនឆ្នាំ សម្រាប់ការអភិវឌ្ឍការអប់រំកាយនៅកម្ពុជា ។ ខ្ញុំសង្ឃឹមថា ការកែលម្អបរិស្ថានសម្រាប់ការបណ្តុះបណ្តាលគ្រូអប់រំកាយ នឹងអភិវឌ្ឍការអប់រំកាយនៅកម្ពុជា បន្ទាប់ពីការបញ្ចប់គម្រោងនេះ»។

គម្រោងទីពីរ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណជាង ៣៨០,០០០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងដែលអនុវត្តដោយអង្គការ IVY ។ ខេត្តព្រះវិហារដែលជាទីតាំងដែលអង្គការ IVY អនុវត្តគម្រោងរបស់ពួកគេ ត្រូវបានកត់សម្គាលល់ថាមានអត្រាភាពក្រីក្រខ្ពស់ក្នុងប្រទេស កម្ពុជា ហើយវិធានការកាត់បន្ថយភាពក្រីក្រ គឺជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ។ លើសពីនេះ ការបង្កើតឱកាសការងារ ដល់ពលករចំណាកស្រុក ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារជម្ងឺកូវីត១៩ ក៏ត្រូវបានលើកឡើងថាជាបញ្ហាប្រឈមបន្ទាន់មួយផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ការពង្រឹងវិស័យកសិកម្ម គឺជាចំនុចគួរឱ្យកត់សម្គាល់ ព្រោះវាជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលផ្សេងទៀត ដែលអាចផ្តល់នូវដំណោះស្រាយជាវិជ្ជមាន។

តាមរយៈគម្រោងនេះ អង្គការ IVY ត្រូវបានគាំទ្រដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករដោយធ្វើការជម្រុញការដាំដុះគ្រាប់ស្វាយចន្ទីសរីរាង្គ និងការលក់រួមគ្នាតាមរយៈសហករណ៍កសិកម្ម។ នៅក្នុងឆ្នាំចុងក្រោយនៃគម្រោងដែលមានរយៈពេល៣ឆ្នាំនេះ សហករណ៍កសិកម្មថ្មីចំនួន៣ បន្ថែមលើសហករណ៍កសិកម្មកំពុងដំណើរការចំនួន១០ មានគោលបំណងទទួលបានវិញ្ញាបនប័ត្រ សរីរាង្គ ។ លើសពីនេះ ប្រព័ន្ធត្រួតពិនិត្យដំណើរការផលិតកម្មយូរអង្វែង នឹងត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យសហករណ៍កសិកម្មនីមួយៗ ក្លាយជាអង្គភាពប្រតិបត្តិនៃទីផ្សារសហប្រតិបត្តិការ និងការគ្រប់គ្រងដំណើរការផលិតកម្ម បន្ទាប់ពីការបញ្ចប់គម្រោង។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការចូលរួមចំណែកអស់ រយៈពេលជាច្រើនឆ្នាំរបស់អង្គការ IVY ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមថាជីវភាពរស់នៅរបស់ប្រជាកសិករមូលដ្ឋាន នឹងត្រូវបានកែលម្អ តាមរយៈការផលិត និងការលក់គ្រាប់ស្វាយចន្ទីសរីរាង្គដែលមានតម្លៃបន្ថែមជាងនេះ»។

លោក ឯកឧត្តម សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានវិស័យសុខា ភិបាល និងបរិស្ថានអប់រំ ។ ទោះបីជាការរីករាលដាលនៃវីរុសកូវីត១៩ កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកយ៉ាងណាក៏ដោយ ប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋា ភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕

ចែករំលែកព័តមាននេះ