សិង្ហបូរី ៖ ចាត់ទុកជាដំណឹងដ៏ល្អមួយ សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរទៅប្រទេសសិង្ហបូរី រួមទាំងពលរដ្ឋកម្ពុជា បន្ទាប់ពីអាកាសចរណ៍សិង្ហបូរីបានប្រកាសថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវជើងហោះហើរទៅ-មកប្រទេសសិង្ហបូរី និងបណ្តាប្រទេសមួយចំនួន ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី ១១ ខែកុម្ភៈម្សិលមិញនេះថា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបូរី (Singapore Airlines/SIA) បានចាប់ផ្តើមហោះហើរឡើងវិញហើយ កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២១ នេះ បន្ទាប់ពីសមាជិកនាវិក និងអ្នកបម្រើការទាំងអស់លើយន្តហោះ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩បានរួចរាល់ហើយ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ SIA បាននិយាយថា អាកាសយានិកនិងនាវិកអាកាសយានិកនៅលើជើងហោះហើរអន្តរជាតិចំនួន៣ បានទទួលនូវវ៉ាក់សាំង Pfizer-BioNTech បានចំនួនពីរដូសត្រឹមត្រូវតាមើលក្ខខណ្ឌតម្រូវរួចរាល់ ។ ការសម្រេចបើកដំណើរការជើងហោះហើរឡើងវិញនាពេលនេះ បង្ហាញនូវកិច្ចប្រឹងប្រែងមួយរបស់សិង្ហបូរី ដើម្បីជម្រុញអោយសេវាកម្មបម្រើយន្តហោះនៅក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ឲ្យវិលត្រឡប់មកស្ថានភាពធម្មតាវិញ ។
រដ្ឋាភិបាលប្រទេសសិង្ហបូរី បានជំរុញឱ្យបុគ្គលិកនៅក្រុមហ៊ុនអាកាសចរណ៍ជាតិចុះបញ្ជីកម្មវិធីលើកទឹកចិត្តរបស់ខ្លួនក្នុងគោលបំណងធ្វើឱ្យ SIA ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោកដែលមានបុគ្គលិកទាំងអស់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបូរីបាននិយាយថា ក្នុងការចាប់ផ្តើមការហោះឡើងវិញកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ SIA បានបើកជើងហោះហើរពីសិង្ហបូរី ទៅបាងកក (ប្រទេសថៃ) សិង្ហបូរី ទៅហ្សាការតា (ឥណ្ឌូនេស៊ី) និងពី សិង្ហបូរី មកភ្នំពេញ។
ក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថាជាង៩០ ភាគរយនៃនាវិកនិងអាកាសយានិករបស់ខ្លួនបានចុះឈ្មោះ ដើម្បីទទួលថ្នាំបង្ការនេះ។ ប្រហែលជា៨៥% នៃអ្នកដែលបានទទួល គឺបានចាក់វ៉ាក់សាំងដូសលើកទី១ រួចរាល់ និងភាគច្រើនបានចាប់ផ្តើមចាក់លើកទី២ ។ SIA រំពឹងថាអ្នកទាំងអស់ដែលបានចុះឈ្មោះនឹងទទួលការចាក់លើកទី ២ នៅចុងខែមីនា ៕
ចែករំលែកព័តមាននេះ